ចៅហ្វាយ 6:17-32
ចៅហ្វាយ 6:17-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកទូលព្រះអង្គថា៖ «ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គ សូមសម្ដែងទីសម្គាល់មួយឲ្យទូលបង្គំដឹងថា គឺពិតជាព្រះអង្គមែនដែលមានព្រះបន្ទូលនឹងទូលបង្គំ។ សូមកុំយាងចេញពីទីនេះឡើយ ចាំឲ្យទូលបង្គំត្រឡប់មកវិញ ហើយនាំយកតង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះព្រះអង្គសិន»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងនឹងនៅចាំរហូតអ្នកត្រឡប់មកវិញ»។ ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះរបស់លោក ហើយរៀបចំកូនពពែមួយ និងនំបុ័ងឥតដំបែធ្វើពីម្សៅមួយថាំង។ លោកយកសាច់ដាក់ក្នុងកញ្ច្រែង ហើយដាក់ទឹកសម្លក្នុងចាន នាំយកមកថ្វាយព្រះអង្គ នៅក្រោមដើមម៉ៃសាក់ លោកក៏ថ្វាយតង្វាយនោះដល់ព្រះអង្គ។ ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាក៏លូកចុងដំបងដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ រួចក៏មានភ្លើងចេញពីថ្មមកបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់ទៅ ហើយទេវតារបស់ព្រះយេហូវ៉ាក៏ស្រាប់តែបាត់ពីមុខលោកទៅ។ កាលគេឌានដឹងថា ជាទេវតារបស់ព្រះយេហូវ៉ា លោកក៏ពោលថា៖ «វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះយេហូវ៉ានៅប្រទល់មុខ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំភ័យអី អ្នកមិនត្រូវស្លាប់ទេ »។ ពេលនោះ គេឌានក៏សង់អាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា យេហូវ៉ា-សាឡិម (ដែលមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសុខសាន្ត)។ អាសនានោះស្ថិតនៅត្រង់អូប្រា ដែលជារបស់ពួកអ័បៀស៊ើរ រហូតដល់សព្វថ្ងៃ។ នៅយប់នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោឈ្មោលរបស់ឪពុកអ្នក គឺគោទីពីរអាយុប្រាំពីរខួប ទៅទាញរំលំអាសនារបស់ព្រះបាល ដែលជារបស់ឪពុកអ្នក ហើយកាប់បំផ្លាញបង្គោលសក្ការៈ ដែលនៅក្បែរនោះចេញ រួចសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ ដោយរៀបថ្មឲ្យបានត្រឹមត្រូវ។ បន្ទាប់មក ត្រូវយកគោទីពីរថ្វាយជាតង្វាយដុត ដោយយកបង្គោលសក្ការៈ ដែលអ្នកបានកាប់នោះ មកធ្វើជាឧសសម្រាប់ដុត»។ ដូច្នេះ គេឌាននាំអ្នកបម្រើរបស់លោកដប់នាក់ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានប្រាប់លោក តែដោយព្រោះលោកខ្លាចមនុស្សនៅក្នុងគ្រួសាររបស់លោក និងមនុស្សនៅទីក្រុង លោកមិនហ៊ានធ្វើនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។ កាលមនុស្សនៅទីក្រុងបានក្រោកឡើងពីព្រលឹម ឃើញអាសនារបស់ព្រះបាលត្រូវគេរំលំ បង្គោលសក្ការៈដែលនៅជិតនោះ ត្រូវគេកាប់ចោល ហើយគោទីពីរត្រូវបានគេថ្វាយនៅលើអាសនាដែលគេសង់ឡើង គេក៏សួរគ្នាទៅវិញទៅមកថា៖ «តើអ្នកណាបានធ្វើការនេះ?» កាលគេបានស៊ើបសួរទៅ នោះមានគេប្រាប់ថា៖ «គឺគេឌាន ជាកូនយ៉ូអាស បានធ្វើការនេះ»។ ពេលនោះ មនុស្សនៅទីក្រុងពោលទៅកាន់យ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ដ្បិតវាបានរំលំអាសនារបស់ព្រះបាល ហើយកាប់បំផ្លាញបង្គោលសក្ការៈដែលនៅជិតនោះទៀតផង»។ ប៉ុន្ដែ យ៉ូអាសឆ្លើយតបទៅអស់អ្នកដែលមកទាស់នឹងលោកថា៖ «តើអ្នករាល់គ្នាចង់តវ៉ាជំនួសព្រះបាល? ឬក៏អ្នករាល់គ្នាចង់សង្គ្រោះព្រះបាល? អ្នកណាដែលចង់តវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនថ្ងៃរះ។ ប្រសិនបើព្រះបាលជាព្រះ ទុកឲ្យលោកតវ៉ាដោយខ្លួនឯងទៅ ព្រោះគេបានរំលំអាសនារបស់លោកហើយ»។ ដូច្នេះ នៅថ្ងៃនោះ គេហៅគេឌាន ថា «យេរូ-បាល» ដែលមានន័យថា «ទុកឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ព្រោះគាត់បានរំលំអាសនារបស់លោក»។
ចៅហ្វាយ 6:17-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកគេឌានទូលតបថា៖ «ប្រសិនបើលោកគាប់ចិត្តខ្ញុំប្របាទមែន សូមផ្ដល់ទីសម្គាល់មួយឲ្យខ្ញុំប្របាទបានដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន! សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកតង្វាយមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវតារបស់ព្រះអម្ចាស់ នៅក្រោមដើមជ្រៃ។ ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។ ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។ ពេលនោះ លោកគេឌានដឹងថា ជាទេវតារបស់ព្រះអម្ចាស់ លោកពោលថា៖ «វីវរហើយ ព្រះជាអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះអង្គ ផ្ទាល់នឹងភ្នែក!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ»។ លោកគេឌានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។ នៅយប់ដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរយកគោបារបស់ឪពុកអ្នក គឺគោទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ។ បន្ទាប់មក ចូររំលំអាសនៈព្រះបាលរបស់ឪពុកអ្នក ព្រមទាំងកាប់បំផ្លាញបង្គោលរបស់ព្រះអាសេរ៉ានៅក្បែរនោះផង។ បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាយញ្ញបូជា ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។ លោកគេឌាននាំអ្នកបម្រើរបស់លោកដប់នាក់មក ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកលោក ប៉ុន្តែ ដោយលោកខ្លាចក្រុមញាតិរបស់លោក និងខ្លាចអ្នកភូមិ លោកមិនហ៊ានធ្វើការនោះនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។ លុះព្រលឹមឡើង ពេលក្រោកពីដំណេក អ្នកភូមិឃើញអាសនៈរបស់ព្រះបាលរលំ ហើយបង្គោលរបស់ព្រះអាសេរ៉ាដែលនៅជិតនោះក៏ត្រូវគេកាប់ចោលដែរ ព្រមទាំងឃើញគោបាទីពីរដែលគេដុតជាយញ្ញបូជា នៅលើអាសនៈទើបនឹងសង់ទៀតផង។ គេសួរគ្នាទៅវិញទៅមកថា៖ «តើនរណាបានធ្វើការនេះ?»។ កាលស៊ើបសួរទៅ មានគេប្រាប់ថា៖ «គឺគេឌាន ជាកូនរបស់យ៉ូអាស បានធ្វើការនេះ»។ អ្នកភូមិពោលទៅកាន់លោកយ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ព្រោះវាបានរំលំអាសនៈរបស់ព្រះបាល ព្រមទាំងកាប់បង្គោលរបស់ព្រះអាសេរ៉ា ដែលនៅជិតនោះទៀតផង!»។ លោកយ៉ូអាសឆ្លើយទៅអស់អ្នកដែលនៅក្បែរលោកថា៖ «តើបងប្អូនឬដែលត្រូវមកតវ៉ាជំនួសព្រះបាល? តើបងប្អូនឬដែលជាអ្នកសង្គ្រោះព្រះបាល? អ្នកណាតវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនព្រឹកស្អែក។ បើព្រះបាលពិតជាព្រះមែន ទុកឲ្យលោកតវ៉ាខ្លួនឯងផ្ទាល់ទៅ ព្រោះគេបានរំលំអាសនៈរបស់លោក!»។ ចាប់តាំងពីពេលនោះមក អ្នកភូមិហៅលោកគេឌានថា «យេរូបាល» ដោយពោលថា «សូមឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ដ្បិតគាត់បានរំលំអាសនៈរបស់លោក»។
ចៅហ្វាយ 6:17-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានបន្ទូលនឹងទូលបង្គំពិតមែន សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។ ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ នឹងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ នោះទេវតានៃព្រះក៏មានបន្ទូលប្រាប់ថា ចូរយកសាច់ នឹងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ នឹងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ នឹងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ានៅប្រទល់មុខ ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្ដីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ នោះគេឌានក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។ នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនានៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ ដូច្នេះគេឌានក៏នាំយកអ្នកបំរើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន នឹងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។ កាលពួកមនុស្សនៅទីក្រុងបានក្រោកឡើងពីព្រលឹម ឃើញអាសនានៃព្រះបាលបានរលំហើយ ឯអ្នកតាក៏បានកាប់ចោលផង ហើយគោទី២បានថ្វាយនៅលើអាសនាដែលបានស្អាងឡើង នោះគេនិយាយគ្នាទៅវិញទៅមកថា តើអ្នកណាបានធ្វើនេះ គេក៏ស៊ើបសួររក រួចមានគេប្រាប់ថា គឺគេឌាន ជាកូនយ៉ូអាស បានធ្វើការនោះ ដូច្នេះពួកមនុស្សនៅទីក្រុង គេប្រាប់ទៅយ៉ូអាសថា ចូរនាំកូនអ្នកចេញមកឲ្យវាស្លាប់ទៅ ដ្បិតវាបានរំលំអាសនានៃព្រះបាល ហើយកាប់បំផ្លាញរូបអ្នកតាដែលនៅក្បែរទីនោះផង យ៉ូអាសក៏ឆ្លើយទៅអស់អ្នកដែលមកទាស់នឹងគាត់ថា តើអ្នករាល់គ្នាចង់តវ៉ាជំនួស ហើយគិតជួយសង្គ្រោះព្រះបាលឬអី ឯអ្នកណាដែលចង់តវ៉ាជំនួសព្រះបាល ឲ្យអ្នកនោះត្រូវស្លាប់វិញឥឡូវ មុនដែលថ្ងៃរះផង បើនេះជាព្រះពិត នោះចូរឲ្យវាតវ៉ាដោយខ្លួនវាចុះ ដោយព្រោះគេបានរំលំអាសនាហើយ ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។