ចៅហ្វាយ 6:12-18
ចៅហ្វាយ 6:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។ គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។ ព្រះយេហូវ៉ាបែរមកឯលោក ហើយមានព្រះបន្ទូលថា៖ «ចូរចេញទៅដោយសារកម្លាំងរបស់អ្នកនេះចុះ ហើយសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ»។ លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំអាចសង្គ្រោះអ៊ីស្រាអែលបាន? មើល៍ ត្រកូលទូលបង្គំខ្សត់ខ្សោយជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចជាងគេនៅក្នុងគ្រួសារបស់ឪពុកទូលបង្គំដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយមនុស្សតែម្នាក់»។ លោកទូលព្រះអង្គថា៖ «ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គ សូមសម្ដែងទីសម្គាល់មួយឲ្យទូលបង្គំដឹងថា គឺពិតជាព្រះអង្គមែនដែលមានព្រះបន្ទូលនឹងទូលបង្គំ។ សូមកុំយាងចេញពីទីនេះឡើយ ចាំឲ្យទូលបង្គំត្រឡប់មកវិញ ហើយនាំយកតង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះព្រះអង្គសិន»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងនឹងនៅចាំរហូតអ្នកត្រឡប់មកវិញ»។
ចៅហ្វាយ 6:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតារបស់ព្រះអម្ចាស់មកបង្ហាញខ្លួនឲ្យលោកគេឌានឃើញ ហើយពោលថា៖ «វីរជនដ៏អង់អាចអើយ ព្រះអម្ចាស់គង់នៅជាមួយអ្នកហើយ!»។ លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។ ព្រះអម្ចាស់ បែរមករកលោក ហើយមានព្រះបន្ទូលថា៖ «ដោយសារកម្លាំងដែលអ្នកមាន ចូរទៅសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ!»។ លោកគេឌានឆ្លើយថា៖ «លោកម្ចាស់អើយ ធ្វើដូចម្ដេចឲ្យខ្ញុំប្របាទអាចសង្គ្រោះអ៊ីស្រាអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ អំបូររបស់ខ្ញុំប្របាទខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំប្របាទទៀតសោត ក៏ខ្ញុំប្របាទក្មេងជាងគេដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកវិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។ លោកគេឌានទូលតបថា៖ «ប្រសិនបើលោកគាប់ចិត្តខ្ញុំប្របាទមែន សូមផ្ដល់ទីសម្គាល់មួយឲ្យខ្ញុំប្របាទបានដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន! សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកតង្វាយមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។
ចៅហ្វាយ 6:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកឰយុកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ នោះព្រះយេហូវ៉ា ទ្រង់ទតមើលលោក ហើយមានបន្ទូលថា ចូរឯងទៅដោយសារកំឡាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ រួចលោកទូលទ្រង់ថា ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់ លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានបន្ទូលនឹងទូលបង្គំពិតមែន សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។