ចៅហ្វាយ 6:1-6
ចៅហ្វាយ 6:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត ហើយព្រះយេហូវ៉ាប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ម៉ាឌានអស់ប្រាំពីរឆ្នាំ។ ពួកសាសន៍ម៉ាឌានក៏មានកម្លាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយបានជាពួកកូនចៅអ៊ីស្រាអែលធ្វើរូងនៅក្នុងភ្នំ ធ្វើរអាង និងទីជម្រកសម្រាប់ខ្លួន។ ដ្បិតពេលណាពួកអ៊ីស្រាអែលបានសាបព្រោះ ពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាឡេក និងមនុស្សនៅស្រុកខាងកើត ឡើងមកទាស់នឹងគេ។ គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណា ឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី។ ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយ គេចូលមកមានគ្នាជាច្រើនដូចកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គឺគេចូលមកដើម្បីតែនឹងបំផ្លាញស្រុកប៉ុណ្ណោះ។ ពួកកូនចៅអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង ដោយព្រោះសាសន៍ម៉ាឌាន។ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ា។
ចៅហ្វាយ 6:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។ ជនជាតិម៉ាឌានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ជនជាតិអ៊ីស្រាអែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជម្រក ដើម្បីគេចខ្លួនពីជនជាតិម៉ាឌាន។ រាល់ពេលជនជាតិអ៊ីស្រាអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរមកពីស្រុកខាងកើត បានឡើងមកលុកលុយ។ អ្នកទាំងនោះបានមកបោះទ័ពនៅក្បែរជនជាតិអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជនជាតិអ៊ីស្រាអែលបរិភោគឡើយ ទោះបីចៀម គោ ឬលាក្ដី ក៏មិនទុកឲ្យសល់ដែរ។ ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។ ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរព្រះអម្ចាស់ឲ្យជួយសង្គ្រោះគេ។
ចៅហ្វាយ 6:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត នោះព្រះយេហូវ៉ាទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ាឌានអស់៧ឆ្នាំ ពួកសាសន៍ម៉ាឌានក៏មានកំឡាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយ បានជាពួកកូនចៅគេធ្វើរូងនៅក្នុងភ្នំ នឹងរអាង ហើយនឹងទីមាំមួនសំរាប់ខ្លួន រីឯកាលពួកអ៊ីស្រាអែលបានសាបព្រោះ នោះពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាលេក នឹងពួកមនុស្សនៅស្រុកខាងកើត គេឡើងមកទាស់ គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ក៏បំផ្លាញអស់ទាំងផលកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណាឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ នឹងត្រសាលរបស់គេមកដែរ គឺចូលមកមានគ្នាសន្ធឹកដូចជាកណ្តូប ឯខ្លួនគេ នឹងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គេមកប្រយោជន៍តែនឹងបំផ្លាញស្រុកប៉ុណ្ណោះ ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន ដូច្នេះគេអំពាវនាវដល់ព្រះយេហូវ៉ា។