ចៅហ្វាយ 6:1-10

ចៅហ្វាយ 6:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ម៉ាឌាន​អស់​ប្រាំពីរ​ឆ្នាំ។ ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កម្លាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ ធ្វើ​រអាង និង​ទី​ជម្រក​សម្រាប់​ខ្លួន។ ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។ គេ​មក​បោះ‌ទ័ព​ទាស់​នឹង​អ៊ីស្រា‌អែល ហើយ​បំផ្លាញ​ផល​ដំណាំ​កើត​ពី​ដី រហូត​ដល់​ក្រុង​កាសា ឥត​មាន​ទុក​ស្បៀង​អាហារ​ណា ឲ្យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ទោះ​ទាំង​ចៀម គោ ឬ​លា​ក្តី។ ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជាមួយ គេ​ចូល​មក​មាន​គ្នា​ជា​ច្រើន​ដូច​កណ្តូប ឯ​ខ្លួន​គេ និង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គឺ​គេ​ចូល​មក​ដើ​ម្បី​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ។ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបាន​ធ្លាក់​ខ្លួនក្រខ្សត់​យ៉ាង​ខ្លាំង ដោយ​ព្រោះ​សាសន៍​ម៉ាឌាន។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ស្រែក​អំពាវ‌នាវរក​ព្រះ‌យេហូវ៉ា។ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានស្រែក​អំពាវ​នាវ​រក​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សាសន៍​ម៉ាឌាន ព្រះ‌យេហូវ៉ា​ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​ប្រាប់​គេ​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ យើង​បានរំ​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ក៏​បាន​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ ហើយ​បាន​ប្រគល់​ស្រុក​របស់​គេ​មក​ឲ្យ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​ខ្លាច​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​អាម៉ូរី ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​គេ​នោះ​ឡើយ" តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​យើង​សោះ»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។ ជន‌ជាតិ​ម៉ាឌាន​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជម្រក ដើម្បី​គេច​ខ្លួន​ពី​ជន‌ជាតិ​ម៉ាឌាន។ រាល់​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​សាប​ព្រោះ ជន‌ជាតិ​ម៉ាឌាន និង​ជន‌ជាតិ​អាម៉ា‌ឡេក ព្រម​ទាំង​ពួក​ពនេ‌ចរ​មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុក‌លុយ។ អ្នក​ទាំង​នោះ​បាន​មក​បោះ​ទ័ព​នៅ​ក្បែរ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​បំផ្លាញ​ផល​ដំណាំ​របស់​គេ​រហូត​ដល់​ក្រុង​កាសា។ អ្នក​ទាំង​នោះ​មិន​បាន​ទុក​អ្វី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បរិភោគ​ឡើយ ទោះ​បី​ចៀម គោ ឬ​លា​ក្ដី ក៏​មិន​ទុក​ឲ្យ​សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជា​មួយ​ផង ពួក​គេ​មាន​គ្នា​ច្រើន​អនេក​ដូច​កណ្ដូប គឺ​ទាំង​មនុស្ស ទាំង​សត្វ​អូដ្ឋ មាន​ចំនួន​ច្រើន​ឥត​គណនា​ចូល​មក​បំផ្លាញ​ស្រុក​អ៊ីស្រា‌អែល។ ព្រោះ​តែ​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្លាក់​ខ្លួន​ក្រ‌ខ្សត់​យ៉ាង​ខ្លាំង គេ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ជួយ​សង្គ្រោះ​គេ។ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ សុំ​ព្រះ‌អម្ចាស់​រំដោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន ព្រះអង្គ​ក៏​ចាត់​ព្យាការី​មួយ​រូប​ឲ្យ​មក​ប្រាប់​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា។ យើង​បាន​ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រគល់​ទឹក​ដី​របស់​ពួក​គេ​មក​ឲ្យ​អ្នក​រាល់​គ្នា​ទៀត​ផង។ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​កោតខ្លាច​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ​នេះ​ទេ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​សោះ”»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ម៉ាឌាន​អស់​៧​ឆ្នាំ ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កំឡាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រាអែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ បាន​ជា​ពួក​កូន​ចៅ​គេ​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ នឹង​រអាង ហើយ​នឹង​ទី​មាំ‌មួន​សំរាប់​ខ្លួន រីឯ​កាល​ពួក​អ៊ីស្រាអែល​បាន​សាប‌ព្រោះ នោះ​ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌លេក នឹង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត គេ​ឡើង​មក​ទាស់ គេ​មក​បោះ​ទ័ព​ទាស់​នឹង​អ៊ីស្រាអែល ក៏​បំផ្លាញ​អស់​ទាំង​ផល​កើត​ពី​ដី រហូត​ដល់​ក្រុង​កាសា ឥត​មាន​ទុក​ស្បៀង​អាហារ​ណា​ឲ្យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ ទោះ​ទាំង​ចៀម គោ ឬ​លា​ក្តី ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ នឹង​ត្រសាល​របស់​គេ​មក​ដែរ គឺ​ចូល​មក​មាន​គ្នា​សន្ធឹក​ដូច​ជា​កណ្តូប ឯ​ខ្លួន​គេ នឹង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គេ​មក​ប្រយោជន៍​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​ទុគ៌ត​ទៅ ដោយ​ព្រោះ​សាសន៍​ម៉ាឌាន ដូច្នេះ​គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា។ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សាសន៍​ម៉ាឌាន នោះ​ទ្រង់​ក៏​ចាត់​ហោរា​ម្នាក់​មក​ឯ​គេ ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​មក អញ​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ឯង ក៏​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទៅ ហើយ​បាន​ឲ្យ​ស្រុក​របស់​គេ​មក​ឯង​រាល់​គ្នា​វិញ អញ​បាន​ប្រាប់​ឯង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឯង​ខ្លាច​ដល់​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី ដែល​ឯង​នៅ​ស្រុក​គេ​នោះ​ឡើយ តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​អញ​សោះ។

ចែក​រំលែក
អាន ចៅហ្វាយ 6