ចៅហ្វាយ 5:6-31
ចៅហ្វាយ 5:6-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រានាងយ៉ាអែល គេបោះបង់ចោលផ្លូវធំ ហើយធ្វើដំណើរតាមផ្លូវវាង។ ពួកអ្នកភូមិក្នុងស្រុកអ៊ីស្រាអែលនៅស្ងាត់ច្រៀប គឺគេនៅស្ងាត់ច្រៀប រហូតទាល់តែខ្ញុំក្រោកឡើង គឺខ្ញុំដេបូរ៉ានេះ ក្រោកឡើងធ្វើជាម្តាយនៃពួកអ៊ីស្រាអែល។ កាលគេបានជ្រើសរើសព្រះថ្មី នោះក៏កើតមានសង្គ្រាមតាមទ្វារក្រុង។ ក្នុងពួកអ៊ីស្រាអែលបួនម៉ឺននាក់ តើគេឃើញមានខែល ឬលំពែងណាមួយឬទេ? ខ្ញុំពេញចិត្តនឹងមេទ័ពរបស់ពួកអ៊ីស្រាអែល ដែលនៅក្នុងចំណោមប្រជាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។ សូមថ្វាយព្រះពរព្រះយេហូវ៉ា។ អ្នករាល់គ្នាដែលជិះលាស អ្នករាល់គ្នាដែលអង្គុយលើកម្រាលព្រំដ៏មានតម្លៃ និងអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ។ សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ! ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ចូរច្រៀងជាទំនុកមួយទៅ! ចូរក្រោកឡើង បារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកចេញទៅ។ គ្រានោះ សំណល់នៃពួកអ្នកមានត្រកូលខ្ពស់បានចុះមក គឺប្រជាជនរបស់ព្រះយេហូវ៉ាបានចុះមករកខ្ញុំ ទាស់នឹងពួកខ្លាំងពូកែ។ គេចុះមកពីស្រុកអេប្រាអិម ជាស្រុកដែលពីមុនជារបស់សាសន៍អាម៉ាឡេក គេមកតាមអ្នក បេនយ៉ាមីនអើយ មករួមជាមួយពលទ័ពរបស់អ្នក។ ពួកមេទ័ពចុះមកពីពួកម៉ាគារ ហើយអស់អ្នកដែលកាន់ឈើច្រត់របស់មេទ័ព មកពីពួកសាប់យូឡូន ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ មករួមជាមួយដេបូរ៉ា ហើយពួកអ៊ីសាខារស្មោះចំពោះបារ៉ាកដែរ គេប្រញាប់ប្រញាល់ចុះក្នុងជ្រលងភ្នំ តាមដានជើងលោក។ ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។ ហេតុអ្វីបានជាអ្នកអង្គុយស្ងៀមនៅកណ្ដាលក្រោលចៀម ហើយស្តាប់សូរហ្វូងសត្វយំដូច្នេះ? ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។ ពួកកាឡាតគេនៅតែខាងនាយទន្លេយ័រដាន់ ឯពួកដាន់វិញ ហេតុអ្វីបានជានៅតែក្នុងនាវាដូច្នេះ? ពួកអេស៊ើរអង្គុយស្ងៀមនៅមាត់សមុទ្រ នៅតាមកំពង់ផែរបស់គេ។ ឯពួកសាប់យូឡូនវិញ ជាប្រជាជនមួយដែលប្រថុយជីវិតដល់ស្លាប់ ហើយពួកណែបថាលីដែរ គេចូលទៅច្បាំងនៅទីខ្ពស់ៗក្នុងសមរភូមិ។ ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណាន គេមកច្បាំងនៅតាអាណាក ជិតប្រភពទឹកមេគីដោ តែគេមិនបានទទួលប្រាក់ជាជ័យភណ្ឌសោះឡើយ។ ផ្កាយទាំងឡាយពីលើផ្ទៃមេឃបានជួយច្បាំង គេជួយច្បាំងនឹងស៊ីសេរ៉ាពីទីគោចររបស់វា។ ស្ទឹងគីសុនបានហូរគំហុកនាំយកគេទៅបាត់ គឺស្ទឹងគីសុនដែលហូរគំហុក ជាស្ទឹងពីចាស់បុរាណ។ ព្រលឹងខ្ញុំអើយ ចូរជាន់គេដោយកម្លាំងដ៏ខ្លាំងចុះ!។ គ្រានោះ មានឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែកំពុងរត់។ ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្ដាសាមេរ៉ូស ចូរដាក់បណ្ដាសាពួកអ្នកក្រុងនោះឲ្យខ្លាំង ព្រោះគេមិនបានមកជួយក្នុងចម្បាំងរបស់ព្រះយេហូវ៉ា គឺមិនជួយព្រះយេហូវ៉ាទាស់នឹងពួកខ្លាំងពូកែនោះទេ។ នាងយ៉ាអែលជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី គឺនាងមានពរលើសជាងអស់ទាំងស្ត្រីដែលនៅក្នុងត្រសាល។ ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានដ៏ប្រណីតមកជូនលោក។ នាងបានលូកដៃទៅចាប់យកចម្រឹង ហើយដៃស្តាំចាប់យកញញួររបស់ជាង រួចដំស៊ីសេរ៉ានឹងញញួរ គឺបានវាយបំបែកក្បាលលោក នាងវាយទម្លុះត្រង់សៀតផ្កា។ លោកឱន លោកដួល លោកដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះ។ ម្តាយរបស់ស៊ីសេរ៉ាបានសម្លឹងមើលតាមប្រឡោះ ហើយបន្លឺវាចាតាមបង្អួចថា៖ «ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ? ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ?» ពួកស្ត្រីដ៏ឆ្លៀវឆ្លាតរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា "តើគេរកមិនបានជ័យភណ្ឌ ហើយចែកគ្នាទេឬ? គឺបុរសគ្រប់គ្នាបានស្រីក្រមុំម្នាក់ ឬពីរនាក់ ឯស៊ីសេរ៉ា តើមិនបានទទួលជ័យភណ្ឌជាក្រណាត់ជ្រលក់ពណ៌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីជ័យភណ្ឌ ជាក្រណាត់ប៉ាក់ពីរផ្ទាំងដែលជ្រលក់ពណ៌ ជាជ័យភណ្ឌសម្រាប់បង់កទេឬ?" ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ព្រះអង្គវិនាសទៅដូច្នោះដែរ! តែសូមឲ្យពួកអ្នកដែលស្រឡាញ់ព្រះអង្គ បានភ្លឺដូចព្រះអាទិត្យ ដែលរះឡើងពេញកម្លាំង»។ ស្រុកទេសក៏បានសុខសាន្តត្រាណអស់សែសិបឆ្នាំ។
ចៅហ្វាយ 5:6-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅជំនាន់លោកសាំកើរ ជាកូនលោកអណាត នៅជំនាន់នាងយ៉ាអែល គ្មាននរណាធ្វើដំណើរតាមផ្លូវទេ គឺគេធ្វើដំណើរតែតាមផ្លូវវាង។ ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ នៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេ រហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះ ក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើង ធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។ ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។ ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រាអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងព្រះអម្ចាស់! អស់អ្នកដែលជិះមេលាសម្បុរស អស់អ្នកដែលអង្គុយលើកម្រាលព្រំ និងអស់អ្នកដែលដើរតាមផ្លូវអើយ ចូររិះគិតពិចារណាចុះ! ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូង រៀបរាប់អំពីព្រះហឫទ័យសុចរិតរបស់ព្រះអម្ចាស់ គឺព្រះអង្គប្រទានឲ្យជនជាតិអ៊ីស្រាអែល មានជ័យជម្នះ! ពេលនោះ ប្រជាជនរបស់ព្រះអម្ចាស់ នាំគ្នាចុះទៅកាន់ទ្វារក្រុង។ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ! បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ ចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយ ត្រឡប់មកវិញ។ អស់អ្នកដែលរួចពីស្លាប់ បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួន ប្រជាជនរបស់ព្រះអម្ចាស់ក៏នាំគ្នាចូលមកជិតខ្ញុំ រួមជាមួយវីរជនឯទៀតៗ។ អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលនៅជាប់នឹងស្រុកអាម៉ាឡេក កុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរ ហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។ មានមេទ័ពមកពីអំបូរម៉ាកៀរ ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ បានទៅជាមួយដេបូរ៉ា។ កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។ រីឯកុលសម្ព័ន្ធរូបេនវិញ គេគិតតែពីជជែកគ្នាមិនចេះចប់។ ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរ ហើយស្ដាប់សំឡេងពួកគង្វាល ហៅហ្វូងសត្វខ្លួនដូច្នេះ? មែនហើយ នៅក្នុងពួករូបេន គេគិតតែពីជជែកគ្នាមិនចេះចប់។ កុលសម្ព័ន្ធនានា នៅស្រុកកាឡាដ ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ មិនបានមកជួយទេ កុលសម្ព័ន្ធដាន់នៅសម្ងំនៅលើនាវា កុលសម្ព័ន្ធអេស៊ើរក៏នៅសម្ងំតាមឆ្នេរសមុទ្រ ជិតកំពង់ផែដែរ។ រីឯកុលសម្ព័ន្ធសាប់យូឡូន ក៏ដូចជាកុលសម្ព័ន្ធណែបថាលីដែរ ប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិ នៅតាមតំបន់ភ្នំ។ ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក ស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ តែពួកគេពុំបានទទួលប្រាក់ ជាជយភណ្ឌអ្វីសោះឡើយ។ ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃ ផ្កាយទាំងនោះគោចរតាមផ្លូវរបស់វា មកច្បាំងជាមួយស៊ីសេរ៉ា។ ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមាន ទឹកហូរ តាំងពីបុរាណកាលមកអើយ អ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត! ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដី គឺពលទ័ពសេះដ៏ខ្លាំងពូកែ។ ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះ ចូរដាក់បណ្ដាសាអ្នកក្រុងនោះផង ពីព្រោះគេមិនបានមកជួយព្រះអម្ចាស់ គឺគេមិនបានមកជួយព្រះអម្ចាស់ រួមជាមួយពួកវីរជនទេ។ សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែល ជាភរិយារបស់លោកហេប៊ើ ជនជាតិកែន លើសស្ត្រីទាំងឡាយ! សូមព្រះអង្គប្រទានពរដល់នាង លើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។ ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុង ពែងដ៏ប្រណីត បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹង ហើយដៃស្ដាំចាប់ញញួររបស់ជាង រួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាល ព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។ ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។ គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។ ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ? ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ? ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់ ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា: ពួកទាហានប្រាកដជានៅប្រមូលជយភណ្ឌ ពួកគេកំពុងតែចែកជយភណ្ឌ ទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌ និងក្រណាត់ប៉ាក់។ អ្នកមានជ័យជម្នះទទួលសម្លៀកបំពាក់ពណ៌ ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។ ឱព្រះអម្ចាស់អើយ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គ វិនាសអន្តរាយដូច្នោះដែរ! សូមឲ្យអ្នកដែលស្រឡាញ់ព្រះអង្គ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។
ចៅហ្វាយ 5:6-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រាយ៉ាអែលនោះគេទុកចោលថ្នល់ធំ ពួកអ្នកដំណើរទាំងប៉ុន្មានក៏ដើរតាមតែផ្លូវច្រកវិញ ភូមិទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលក៏ចោលនៅស្ងាត់ គឺនៅស្ងាត់ច្រៀប ទាល់តែខ្ញុំដេបូរ៉ានេះបានតាំងឡើង គឺបានឡើងធ្វើជាម្តាយនៃសាសន៍អ៊ីស្រាអែល គេបានជ្រើសរើសព្រះថ្មី បានជាកើតមានចំបាំងនៅមាត់ទ្វារក្រុងទាំងប៉ុន្មាន គ្រានោះ ក្នុងសាសន៍អ៊ីស្រាអែល៤ម៉ឺននាក់ ឥតមានខែល ឬលំពែងណាមួយឡើយ ខ្ញុំមានសេចក្ដីពេញចិត្ត ចំពោះពួកចៅហ្វាយសាសន៍អ៊ីស្រាអែល ដែលនៅក្នុងពួកបណ្តាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមឲ្យព្រះយេហូវ៉ាបានព្រះពរ ឱអ្នករាល់គ្នាដែលជិះលាស នឹងអ្នករាល់គ្នាដែលអង្គុយលើព្រំវិចិត្រដ៏មានដំឡៃ ហើយអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ នៅទីឆ្ងាយពីសូរអឺងអាប់នៃពួកប្រមាញ់ធ្នូ នោះគេនឹងប្រជុំត្រង់កន្លែងដងទឹក ថ្លែងប្រាប់ពីអំពើសុចរិតរបស់ព្រះយេហូវ៉ា គឺពីអស់ទាំងអំពើសុចរិតដែលទ្រង់ប្រោស ក្នុងគ្រាដែលសោយរាជ្យលើសាសន៍អ៊ីស្រាអែល នៅក្នុងគ្រានោះ ពួករាស្ត្រផងព្រះយេហូវ៉ាបានចុះមកដល់អស់ទាំងទ្វារក្រុង។ ចូរភ្ញាក់ ចូរភ្ញាក់ឡើងចុះ ដេបូរ៉ាអើយ ចូរភ្ញាក់ ចូរភ្ញាក់ឡើងច្រៀងជាទំនុកទៅ ចូរក្រោកឡើងបារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកទៅចុះ គ្រានោះ ពួកសំណល់នៃបណ្តាជន បានឈ្នះពួកខ្លាំងពូកែ ព្រះយេហូវ៉ាទ្រង់បានយាងចុះមកច្បាំងជំនួសខ្ញុំ ទាស់នឹងពួកស្ទាត់ជំនាញ មានពួកអ្នកចុះពីស្រុកអេប្រាអិមមក ដែលមានជាប់កំណើតក្នុងសាសន៍អាម៉ាលេក គេមកតាមឯង ឱបេនយ៉ាមីនអើយ គឺនៅជាកណ្តាលនៃពួកជនរបស់ឯងផង មានពួកចៅហ្វាយចុះមកពីពួកម៉ាគារ ហើយពីពួកសាប់យូល៉ូន នោះមានអ្នកដែលធ្វើជាមេធំបំផុតចេញមក ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ ក៏នៅជាមួយនឹងដេបូរ៉ា ហើយពួកអ៊ីសាខារបានតាមបារ៉ាកដែរ គេបានទទួលបង្គាប់ចុះទៅក្នុងច្រកភ្នំតាមដានជើងលោក រីឯពួករូបេននៅត្រង់ជ្រោះទឹក នោះមានចិត្តនឹកសំរេចការយ៉ាងធំ ហេតុអ្វីបានជាឯងនៅតែក្នុងក្រោលចៀម នឹងស្តាប់សូរហ្វូងសត្វយំដូច្នេះ នៅត្រង់ជ្រោះទឹករបស់ពួករូបេន នោះគេមានសេចក្ដីនឹកពិចារណាក្នុងចិត្តយ៉ាងធំ ឯពួកកាឡាត គេបាននៅតែខាងនាយទន្លេយ័រដាន់ ហើយដាន់ ហេតុអ្វីបានជាគេនៅតែក្នុងនាវាដូច្នេះ ពួកអេស៊ើរក៏បានអង្គុយនៅតែនឹងមាត់សមុទ្រ ហើយតាមស្ទឹងរបស់គេផង គឺមានតែពួកសាប់យូល៉ូនទេ ដែលប្រថុយជីវិតដល់ស្លាប់ នឹងពួកណែបថាលីដែរ គេបានចូលទៅច្បាំងនៅទីវាលខ្ពស់។ ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណានគេមកច្បាំងនៅត្អាណាក ជិតទឹកមេគីដោ តែគេមិនបានយករបឹបដ៏មានដំឡៃអ្វីសោះ ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់ គឺស្ទឹងគីសុន ជាស្ទឹងពីចាស់បុរាណនោះ ឱព្រលឹងអញអើយ ឯងបានជាន់គេដោយមានកំឡាំងដ៏ខ្លាំង គ្រានោះឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែរត់ទៅ ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្តាសាដល់មេរ៉ូស ចូរដាក់បណ្តាសាដល់ពួកអ្នកដែលនៅស្រុកនោះជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី នាងនឹងមានពរលើសជាងគ្រប់អស់ទាំងស្ត្រី ដែលនៅក្នុងត្រសាលផង លោកបានសូមទឹកផឹក តែនាងបានឲ្យទឹកដោះវិញ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានលំអមកជូនលោក នាងបានលូកដៃទៅចាប់យកចំរ៉ឹង ហើយដៃស្តាំចាប់យកញញួររបស់ពួកជាង រួចបានវាយស៊ីសេរ៉ានឹងញញួរនោះ គឺបានវាយធ្លុះក្បាលលោក នាងវាយទំលុះត្រង់តើក លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។ ម្តាយស៊ីសេរ៉ាបានរង់មើលតាមតារាង ហើយបន្លឺវាចាតាមបង្អួចសួរថា ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ ពួកស្ត្រីប្រាជ្ញរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា តើគេរកមិនបានរបឹប តើមិនបានចែកគ្នាទេឬអី គឺជាស្ត្រីក្រមុំម្នាក់ ឬ២នាក់គ្រប់គ្នា ឯស៊ីសេរ៉ា តើមិនបានរបឹបជាអាវជ្រលក់ល័ខ គឺជាអាវប៉ាក់មានពណ៌ពីរបឹបទាំងប៉ុន្មាន ជាអាវប៉ាក់ទាំងសងខាង ហើយជ្រលក់ល័ខផង ដែលសំណំនឹងអ្នកចាប់យករបឹបនោះទេឬអី។ ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។ នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។