ចៅហ្វាយ 4:17-24
ចៅហ្វាយ 4:17-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯស៊ីសេរ៉ាវិញ បានរត់គេចទៅដល់ត្រសាលរបស់នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ ជាសាសន៍កែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសាររបស់ហេប៊ើរ ជាសាសន៍កែន មានមេត្រីភាពនឹងគ្នា។ នាងយ៉ាអែលបានចេញមកទទួលស៊ីសេរ៉ា ទាំងពោលពាក្យថា៖ «សូមអញ្ជើញចូល លោកម្ចាស់អើយ សូមអញ្ជើញចូលផ្ទះនាងខ្ញុំសិន កុំខ្លាចអី!» ដូច្នេះ គាត់ក៏ចូលទៅក្នុងត្រសាលជាមួយនាង ហើយនាងយកភួយមកគ្រប។ ពេលនោះ លោកនិយាយទៅនាងថា៖ «សូមមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ ដូច្នេះ នាងក៏បើកថង់ស្បែកដាក់ទឹកដោះ ជូនលោកពិសា រួចគ្របភួយទៅវិញ។ លោកអង្វរនាងថា៖ «សូមអ្នកឈរនៅមាត់ទ្វារត្រសាលទៅ ហើយបើមានអ្នកណាមកសួរអ្នកថា "តើមានអ្នកណានៅទីនេះឬទេ?" សូមឆ្លើយថា "គ្មានទេ"»។ ប៉ុន្ដែ នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ យកចម្រឹងត្រសាលមួយ ហើយទាញញញួរមកកាន់នៅដៃ ដើរថ្នមៗចូលទៅជិតលោក រួចបោះចម្រឹងនោះចំត្រង់សៀតផ្កា ធ្លុះដល់ដី ក្នុងកាលដែលលោកកំពុងដេកលក់ស៊ប់ទាំងនឿយហត់ ហើយលោកក៏ស្លាប់ទៅ។ មើល៍ កាលបារ៉ាកកំពុងដេញតាមស៊ីសេរ៉ា នាងយ៉ាអែលក៏ចេញទៅជួប ហើយប្រាប់លោកថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោកកំពុងតែរក»។ លោកក៏ចូលទៅក្នុងត្រសាលរបស់នាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចម្រឹងនៅដោតជាប់នឹងសៀតផ្កា។ ដូច្នេះ ព្រះទ្រង់បានបង្ក្រាបព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែល នៅថ្ងៃនោះឯង។ ពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកម្លាំងឡើង ឈ្នះព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន រហូតទាល់តែគេបានបំផ្លាញព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាននោះទៅ។
ចៅហ្វាយ 4:17-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯលោកស៊ីសេរ៉ាវិញ គាត់រត់គេចរហូតដល់តង់ត៍របស់នាងយ៉ាអែល ដែលត្រូវជាប្រពន្ធរបស់លោកហេប៊ើរ ជនជាតិកែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្ដេចក្រុងហាសោរ និងក្រុមគ្រួសារហេប៊ើរ មានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាព។ ពេលនោះ នាងយ៉ាអែលចេញមកទទួលលោកស៊ីសេរ៉ា ទាំងពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលក្នុងមក កុំភ័យខ្លាចអី!»។ លោកស៊ីសេរ៉ាក៏ចូលទៅក្នុងតង់ត៍ ហើយនាងនាំលោកទៅលាក់នៅក្នុងភួយ។ ខណៈនោះ លោកស៊ីសេរ៉ាពោលថា៖ «សូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ នាងបើកឆ្នុកថង់ស្បែកទឹកដោះ ជូនលោកស៊ីសេរ៉ាពិសា រួចគ្របភួយទៅវិញ។ លោកពោលទៀតថា៖ «សូមអ្នកទៅចាំនៅមាត់ទ្វារតង់ត៍ ប្រសិនបើមានគេមកសួរអ្នកថា “តើមាននរណាចូលមកទីនេះឬទេ?” នោះសូមឆ្លើយថា “គ្មានទេ”»។ ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្ដលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដី ហើយលោកក៏ស្លាប់ទៅ។ ពេលនោះ លោកបារ៉ាក់ដែលដេញតាមលោកស៊ីសេរ៉ាក៏មកដល់ នាងយ៉ាអែលចេញទៅជួបលោក ហើយពោលថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្ស ដែលលោកកំពុងតែរក»។ លោកបារ៉ាក់ចូលទៅក្នុងជំរំ ឃើញលោកស៊ីសេរ៉ាដេកស្លាប់ ដោយមានទាំងចម្រឹងដែកដោតជាប់នឹងសៀតផ្កា។ ថ្ងៃនោះ ព្រះអម្ចាស់បានបំបាក់មុខព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលមានប្រៀបលើព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណានកាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុត គេក៏សម្លាប់ស្ដេចយ៉ាប៊ីនបាន។
ចៅហ្វាយ 4:17-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯស៊ីសេរ៉ា លោកបានរត់ទៅដល់ត្រសាលរបស់យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែននោះ ដ្បិតយ៉ាប៊ីនជាស្តេចហាសោរ នឹងពួកគ្រួហេប៊ើរ ជាសាសន៍កែន បានមេត្រីនឹងគ្នា យ៉ាអែលក៏ចេញមកទទួលស៊ីសេរ៉ា ដោយពាក្យថា អញ្ជើញចូលលោកម្ចាស់អើយ សូមអញ្ជើញចូលក្នុងផ្ទះខ្ញុំមក កុំខ្លាចអ្វីឡើយ លោកក៏ចូលទៅក្នុងត្រសាល ជាមួយនឹងនាង ហើយនាងយកផួយមកគ្របឲ្យ លោកសូមដល់នាងថា សូមឲ្យទឹកមកខ្ញុំផឹកបន្តិចផង ដ្បិតខ្ញុំស្រេកណាស់ នោះនាងក៏បើកថង់ស្បែកដាក់ទឹកដោះឲ្យលោកផឹក រួចគ្របលោកទៅវិញ លោកអង្វរដល់នាងថា សូមនាងឈរនៅមាត់ទ្វារត្រសាល បើមានអ្នកណាមកសួររកថា មានអ្នកណានៅទីនេះឬទេ នោះសូមឆ្លើយថា គ្មានទេ រួចលោកក៏ដេកលក់ស៊ប់ទៅ ឯយ៉ាអែលជាប្រពន្ធហេប៊ើរ នាងក៏យកចំរ៉ឹងត្រសាល១ នឹងញញួរកាន់នៅដៃ ដើរថ្នមៗ ចូលទៅឯលោក បោះចំរ៉ឹងនោះនៅត្រង់តើក ធ្លុះទៅដល់ដីស្លាប់ទៅ រួចមក កាលបារ៉ាកដេញតាមស៊ីសេរ៉ា មកដល់ហើយ នោះយ៉ាអែល នាងចេញទៅទទួល ដោយពាក្យថា សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោករកនោះ លោកក៏ចូលទៅជាមួយនឹងនាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចំរ៉ឹងនៅនាតើកផង។ ដូច្នេះ ព្រះទ្រង់បានបង្ក្រាបយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែលនៅថ្ងៃនោះឯង ហើយពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកំឡាំងឡើង ឈ្នះយ៉ាប៊ីន ជាស្តេចស្រុកកាណាន ទាល់តែបានបំផ្លាញគេអស់ទៅ។