ចៅហ្វាយ 4:1-9

ចៅហ្វាយ 4:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​អេហ៊ុឌ​បាន​ស្លាប់​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ​នេត្រ​ព្រះ‌យេហូវ៉ា​ម្ដង​ទៀត។ ដូច្នេះ ព្រះ‌យេហូវ៉ាក៏​លក់​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហាសោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ីសេរ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សែត-កូយីម។ គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ហោរា ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​របស់​ឡាពីដូត លោក​ស្រី​បាន​ដឹក​នាំពួក​អ៊ីស្រា‌អែល។ លោក​ស្រី​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​ស្ថិត​នៅ​ចន្លោះ​រ៉ាម៉ា និង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​ទៅ​ជួប​លោក​ស្រី ដើម្បី​ជំនុំ‌ជម្រះ​រឿង​រ៉ាវ​របស់​គេ។ លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។ យើង​នឹង​ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ និង​ពល​ទ័ព​របស់​គេ មក​ជួប​អ្នក​នៅ​ស្ទឹង​គីសុន ហើយ​យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក"»។ បារ៉ាក​ឆ្លើយ​តប​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ជា​មួយ​ទេ នោះ​ខ្ញុំ​មិន​ទៅ​ឡើយ»។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រាកដ​ជា​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​នឹង​មិន​បាន​ទទួល​កេរ្ដិ៍​ឈ្មោះ​ក្នុង​ដំណើរ​ដែល​លោក​ទៅ​នេះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​លក់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី»។ បន្ទាប់​មក ដេបូ‌រ៉ា​ក៏​ក្រោក​ឡើង ធ្វើ​ដំណើរ​ជា​មួយ​បារ៉ាក​ទៅ​ភូមិ​កេដេស។

ចែក​រំលែក
អាន ចៅហ្វាយ 4

ចៅហ្វាយ 4:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។ ព្រះ‌បាទ​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់។ នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូរ៉ា ជា​ព្យាកា‌រិនី និង​ជា​ភរិយា​របស់​លោក​ឡាពី‌ដូត បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្ដី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូរ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេត‌អែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូរ៉ា ឲ្យ​ជំនុំ​ជម្រះ​រឿងរ៉ាវ​របស់​ពួក​គេ។ ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។ យើង​នឹង​ទាក់‌ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្ដេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​គេ ឲ្យ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។ លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។ លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចម្បាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។

ចែក​រំលែក
អាន ចៅហ្វាយ 4

ចៅហ្វាយ 4:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​អេហ៊ុឌ​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ‌រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​នាំ​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​៩០០ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​ខ្លាំង អស់​រវាង​២០​ឆ្នាំ។ រីឯ​នៅ​វេលា​នោះ មាន​ស្ត្រី​ជា​ហោរា​ម្នាក់ ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​ឡាពិ‌ដូត នាង​បាន​ជំនុំ‌ជំរះ​រឿង‌រ៉ាវ​របស់​សាសន៍​អ៊ីស្រាអែល នាង​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​នៅ​ជា​កណ្តាល​រ៉ាម៉ា នឹង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​ឯ​នាង​ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​គេ នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី នឹង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ នោះ​អញ​នឹង​ទាញ​នាំ​ស៊ីសេរ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ នឹង​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​គេ មក​ឯ​ឯង នៅ​ត្រង់​ស្ទឹង​គីសុន ហើយ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង បារ៉ាក​ឆ្លើយ​តប​ថា បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង នោះ​ទើប​ខ្ញុំ​ទៅ តែ​បើ​លោក​មិន​អញ្ជើញ​ទៅ​ជា​មួយ​ទេ នោះ​ខ្ញុំ​ក៏​មិន​ទៅ​ដែរ នាង​ឆ្លើយ​ថា ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ប៉ុន្តែ​អ្នក​នឹង​គ្មាន​ឈ្មោះ​ដោយ​ដំណើរ​ដែល​អ្នក​ទៅ​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លក់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្ត្រី​វិញ រួច​ដេបូរ៉ា​ក៏​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​បារ៉ាក ដល់​កេដេស

ចែក​រំលែក
អាន ចៅហ្វាយ 4