ចៅហ្វាយ 4:1-24

ចៅហ្វាយ 4:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​អេហ៊ុឌ​បាន​ស្លាប់​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ​នេត្រ​ព្រះ‌យេហូវ៉ា​ម្ដង​ទៀត។ ដូច្នេះ ព្រះ‌យេហូវ៉ាក៏​លក់​គេទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហាសោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ីសេរ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សែត-កូយីម។ គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ហោរា ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​របស់​ឡាពីដូត លោក​ស្រី​បាន​ដឹក​នាំពួក​អ៊ីស្រា‌អែល។ លោក​ស្រី​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​ស្ថិត​នៅ​ចន្លោះ​រ៉ាម៉ា និង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឡើង​ទៅ​ជួប​លោក​ស្រី ដើម្បី​ជំនុំ‌ជម្រះ​រឿង​រ៉ាវ​របស់​គេ។ លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។ យើង​នឹង​ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ និង​ពល​ទ័ព​របស់​គេ មក​ជួប​អ្នក​នៅ​ស្ទឹង​គីសុន ហើយ​យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក"»។ បារ៉ាក​ឆ្លើយ​តប​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ជា​មួយ​ទេ នោះ​ខ្ញុំ​មិន​ទៅ​ឡើយ»។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រាកដ​ជា​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​នឹង​មិន​បាន​ទទួល​កេរ្ដិ៍​ឈ្មោះ​ក្នុង​ដំណើរ​ដែល​លោក​ទៅ​នេះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​លក់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី»។ បន្ទាប់​មក ដេបូ‌រ៉ា​ក៏​ក្រោក​ឡើង ធ្វើ​ដំណើរ​ជា​មួយ​បារ៉ាក​ទៅ​ភូមិ​កេដេស។ បារ៉ាក​បាន​កោះ​ហៅ​ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​មក​ជួប​ជុំ​គ្នា​នៅ​កេដេស។ ពេល​នោះ មាន​មនុស្ស​ចំនួន​មួយ​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។ រីឯ​ហេប៊ើរ​ជា​សាសន៍​កែន បាន​បែក​ចេញ​ពី​ពួក​សាសន៍​កែន គេ​ជា​កូន​ចៅ​របស់​ហូបាប់ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ។ គាត់​បាន​មក​បោះ​ជំរំ​ក្បែរ​ដើម​ម៉ៃសាក់ នៅ​ស្អាណា‌នីម ដែល​នៅ​ជិត​កេដេស។ កាល​ស៊ីសេរ៉ា​បាន​ឮ​ដំណឹង​ថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​ឡើង​ទៅ​ភ្នំ​តាបោរ ស៊ីសេ‌រ៉ា​ក៏​ប្រមូល​រទេះ​របស់​លោក​ទាំង​អស់ គឺ​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និងពល​ទ័ពដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម រហូត​ដល់​ស្ទឹង​គីសុន។ ពេល​នោះ ដេបូរ៉ាមាន​ប្រសាសន៍​ទៅកាន់​បារ៉ាក​ថា៖ «ចូរ​ក្រោក​ឡើង! ដ្បិត​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ាបាន​ប្រគល់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ តើ​ព្រះ‌យេហូវ៉ា​មិន​បាន​យាង​នាំ​មុខ​លោក​ទេ​ឬ?» ដូច្នេះ បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ មាន​ទាំង​មនុស្ស​មួយ​ម៉ឺន​នាក់​ទៅ​ជាមួយ។ ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​ស៊ីសេ‌រ៉ា និង​រទេះ​ទាំង​ប៉ុន្មាន​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក។ ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​របស់​លោក ហើយ​រត់​គេច​ខ្លួន​ទៅ។ បារ៉ាក​ក៏​ដេញ​តាម​រទេះ និង​ទ័ព​របស់​សត្រូវ រហូត​ដល់​ហារ៉ូ‌សែត-កូយីម ហើយ​ពល​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស៊ីសេ‌រ៉ា ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ម្នាក់​ឡើយ។ រីឯ​ស៊ីសេ‌រ៉ា​វិញ បាន​រត់​គេច​ទៅ​ដល់​ត្រសាល​របស់​នាង​យ៉ាអែល ប្រពន្ធ​របស់​ហេប៊ើរ ជា​សាសន៍​កែន ដ្បិតព្រះបាទ​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ និង​ក្រុម​គ្រួ​សារ​របស់​ហេប៊ើរ ជា​សាសន៍​កែន មាន​មេត្រី​ភាព​នឹង​គ្នា។ នាង​យ៉ាអែល​បាន​ចេញ​មក​ទទួល​ស៊ីសេ‌រ៉ា ទាំង​ពោល​ពាក្យ​ថា៖ «សូម​អញ្ជើញ​ចូល លោក​ម្ចាស់​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​នាង​ខ្ញុំ​សិន កុំ​ខ្លាច​អី!» ដូច្នេះ គាត់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជា​មួយ​នាង ហើយ​នាង​យក​ភួយ​មក​គ្រប។ ពេល​នោះ លោក​និយាយ​ទៅ​នាង​ថា៖ «សូម​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ ដូច្នេះ នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ ជូន​លោក​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។ លោក​អង្វរ​នាងថា៖ «សូម​អ្នក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ទៅ ហើយ​បើ​មាន​អ្នក​ណា​មក​សួរ​អ្នក​ថា "តើ​មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ?" សូម​ឆ្លើយ​ថា "គ្មាន​ទេ"»។ ប៉ុន្ដែ នាង​យ៉ាអែល ប្រពន្ធ​របស់​ហេប៊ើរ យក​ចម្រឹង​ត្រសាល​មួយ ហើយ​ទាញ​ញញួរ​មក​កាន់​នៅ​ដៃ ដើរ​ថ្នមៗចូល​ទៅ​ជិត​លោក រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត​ផ្កា ធ្លុះ​ដល់​ដី ក្នុង​កាល​ដែល​លោក​កំពុង​ដេក​លក់​ស៊ប់​ទាំង​នឿយ​ហត់ ហើយ​លោក​ក៏​ស្លាប់​ទៅ។ មើល៍ កាល​បារ៉ាក​កំពុង​ដេញ​តាម​ស៊ីសេ‌រ៉ា នាង​យ៉ាអែល​ក៏​ចេញ​ទៅ​ជួប ហើយ​ប្រាប់​លោក​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​កំពុង​តែ​រក»។ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​របស់​នាង ឃើញ​ស៊ីសេ‌រ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចម្រឹង​នៅ​ដោត​ជាប់​នឹង​សៀត​ផ្កា។ ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​កាន់​តែ​មាន​កម្លាំង​ឡើង ឈ្នះ​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន រហូត​ទាល់​តែ​គេ​បាន​បំផ្លាញ​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន​នោះ​ទៅ។

ចែក​រំលែក
អាន ចៅហ្វាយ 4

ចៅហ្វាយ 4:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។ ព្រះ‌បាទ​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់។ នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូរ៉ា ជា​ព្យាកា‌រិនី និង​ជា​ភរិយា​របស់​លោក​ឡាពី‌ដូត បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្ដី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូរ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេត‌អែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូរ៉ា ឲ្យ​ជំនុំ​ជម្រះ​រឿងរ៉ាវ​របស់​ពួក​គេ។ ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។ យើង​នឹង​ទាក់‌ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្ដេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​គេ ឲ្យ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។ លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។ លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចម្បាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។ នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​ណែប‌ថាលី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​លោក ហើយ​លោក​ស្រី​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។ លោក​ហេប៊ើរ ជា​ជន‌ជាតិ​កែន បាន​បែក​ចេញ​ពី​ជន‌ជាតិ​កែន​ឯ​ទៀតៗ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហូបាប់ បង​ថ្លៃ​របស់​លោក​ម៉ូសេ។ គាត់​បោះ​ជំរំ​នៅ​ក្បែរ​ដើម​ជ្រៃ​ស្អាណា‌នឹម ជិត​ភូមិ​កេដែស។ មាន​គេ​ជម្រាប​លោក​ស៊ីសេ‌រ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម បាន​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។ លោក​ស៊ី‌សេ‌រ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កង‌ទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូ‌សេត‌កូយឹម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។ ពេល​នោះ លោក​ស្រី​ដេបូរ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះ‌អម្ចាស់​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាបោរ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​ស៊ី‌សេ‌រ៉ា ព្រម​ទាំង​រទេះ​ចម្បាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ី‌សេ‌រ៉ា​បោះ​បង់​ចោល​រទេះ​ចម្បាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។ លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចម្បាំង និង​កង‌ទ័ព​ខ្មាំង រហូត​ដល់​ហារ៉ូ‌សេត‌កូយឹម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ី‌សេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។ រីឯ​លោក​ស៊ីសេ‌រ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។ ពេល​នោះ នាង​យ៉ាអែល​ចេញ​មក​ទទួល​លោក​ស៊ី‌សេ‌រ៉ា ទាំង​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ក្នុង​មក កុំ​ភ័យ​ខ្លាច​អី!»។ លោក​ស៊ីសេ‌រ៉ា​ក៏​ចូល​ទៅ​ក្នុង​តង់ត៍ ហើយ​នាង​នាំ​លោក​ទៅ​លាក់​នៅ​ក្នុង​ភួយ។ ខណៈ​នោះ លោក​ស៊ី‌សេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ី‌សេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។ លោក​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។ ដោយ​នឿយ‌ហត់​ខ្លាំង​ពេក លោក​ស៊ី‌សេ‌រ៉ា​ក៏​សម្រាន្ដ​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ី‌សេ‌រ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត‌ផ្កា​របស់​លោក​ស៊ី‌សេ‌រ៉ា ធ្លុះ​ដល់​ដី ហើយ​លោក​ក៏​ស្លាប់​ទៅ។ ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ី‌សេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ី‌សេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត‌ផ្កា។ ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​បំបាក់​មុខ​ព្រះ‌បាទ​យ៉ា‌ប៊ីន ជា​ស្ដេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​លើ​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្ដេច​យ៉ា‌ប៊ីន​បាន។

ចែក​រំលែក
អាន ចៅហ្វាយ 4

ចៅហ្វាយ 4:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​អេហ៊ុឌ​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ‌រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​នាំ​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​៩០០ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​ខ្លាំង អស់​រវាង​២០​ឆ្នាំ។ រីឯ​នៅ​វេលា​នោះ មាន​ស្ត្រី​ជា​ហោរា​ម្នាក់ ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​ឡាពិ‌ដូត នាង​បាន​ជំនុំ‌ជំរះ​រឿង‌រ៉ាវ​របស់​សាសន៍​អ៊ីស្រាអែល នាង​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​នៅ​ជា​កណ្តាល​រ៉ាម៉ា នឹង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឡើង​ទៅ​ឯ​នាង​ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​គេ នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី នឹង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ នោះ​អញ​នឹង​ទាញ​នាំ​ស៊ីសេរ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ នឹង​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​គេ មក​ឯ​ឯង នៅ​ត្រង់​ស្ទឹង​គីសុន ហើយ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង បារ៉ាក​ឆ្លើយ​តប​ថា បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង នោះ​ទើប​ខ្ញុំ​ទៅ តែ​បើ​លោក​មិន​អញ្ជើញ​ទៅ​ជា​មួយ​ទេ នោះ​ខ្ញុំ​ក៏​មិន​ទៅ​ដែរ នាង​ឆ្លើយ​ថា ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ប៉ុន្តែ​អ្នក​នឹង​គ្មាន​ឈ្មោះ​ដោយ​ដំណើរ​ដែល​អ្នក​ទៅ​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លក់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្ត្រី​វិញ រួច​ដេបូរ៉ា​ក៏​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​បារ៉ាក ដល់​កេដេស នោះ​បារ៉ាក​ក៏​ហៅ​ប្រជុំ​ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី​ទាំង​ប៉ុន្មាន​នៅ​ត្រង់​កេដេស ពេល​នោះ មាន​មនុស្ស​ចំនួន​១​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។ រីឯ​ហេប៊ើរ ជា​សាសន៍​កែន ដែល​ជា​ពួក​កូន​ចៅ​ហូបាប់ ជា​ឪពុក​ក្មេក​ម៉ូសេ គេ​បាន​ឃ្លាត​ចេញ​ពី​ពួក​សាសន៍​កែន មក​ដំឡើង​ត្រសាល​នៅ​ត្រឹម​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម ដែល​នៅ​ជិត​កេដេស។ ខណ​នោះ មាន​គេ​ទៅ​ជំរាប​ស៊ីសេ‌រ៉ាថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម បាន​លើក​ទ័ព​ឡើង​ទៅ​ឯ​ភ្នំ​តាបោរ​ហើយ នោះ​ស៊ីសេរ៉ា​ក៏​ប្រមូល​អស់​ទាំង​រទេះ​របស់​លោក គឺ​ជា​រទេះ​ដែក​៩០០ ព្រម​ទាំង​បណ្តា​ទ័ព ដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម ទៅ​ដល់​ស្ទឹង​គីសុន ឯ​ដេបូរ៉ា នាង​ប្រាប់​ដល់​បារ៉ាក​ថា ចូរ​ក្រោក​ឡើង នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​នាំ​មុខ​អ្នក​ទៅ​ហើយ ដូច្នេះ​បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ​នាំ​មនុស្ស​ទាំង​១​ម៉ឺន​នាក់​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បំបាក់​ទ័ព​ស៊ីសេរ៉ា នឹង​អស់​ទាំង​រទេះ​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក ឯ​ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​ខ្លួន​រត់​រួច​ទៅ តែ​បារ៉ាក​ចេះ​តែ​ដេញ​តាម​រទេះ នឹង​ពួក​ពល​គេ​ទៅ​រហូត​ដល់​ហារ៉ូ‌សែត-កូយីម នោះ​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​ស៊ីសេរ៉ា​ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ដល់​ម្នាក់​ឡើយ។ រីឯ​ស៊ីសេរ៉ា លោក​បាន​រត់​ទៅ​ដល់​ត្រសាល​របស់​យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន​នោះ ដ្បិត​យ៉ាប៊ីន​ជា​ស្តេច​ហាសោរ នឹង​ពួក​គ្រួ​ហេប៊ើរ ជា​សាសន៍​កែន បាន​មេត្រី​នឹង​គ្នា យ៉ាអែល​ក៏​ចេញ​មក​ទទួល​ស៊ីសេរ៉ា ដោយ​ពាក្យ​ថា អញ្ជើញ​ចូល​លោក​ម្ចាស់​អើយ សូម​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​មក កុំ​ខ្លាច​អ្វី​ឡើយ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល ជា​មួយ​នឹង​នាង ហើយ​នាង​យក​ផួយ​មក​គ្រប​ឲ្យ លោក​សូម​ដល់​នាង​ថា សូម​ឲ្យ​ទឹក​មក​ខ្ញុំ​ផឹក​បន្តិច​ផង ដ្បិត​ខ្ញុំ​ស្រេក​ណាស់ នោះ​នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ​ឲ្យ​លោក​ផឹក រួច​គ្រប​លោក​ទៅ​វិញ លោក​អង្វរ​ដល់​នាង​ថា សូម​នាង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល បើ​មាន​អ្នក​ណា​មក​សួរ​រក​ថា មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ នោះ​សូម​ឆ្លើយ​ថា គ្មាន​ទេ រួច​លោក​ក៏​ដេក​លក់​ស៊ប់​ទៅ ឯ​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ នាង​ក៏​យក​ចំរ៉ឹង​ត្រសាល​១ នឹង​ញញួរ​កាន់​នៅ​ដៃ ដើរ​ថ្នមៗ ចូល​ទៅ​ឯ​លោក បោះ​ចំរ៉ឹង​នោះ​នៅ​ត្រង់​តើក ធ្លុះ​ទៅ​ដល់​ដី​ស្លាប់​ទៅ រួច​មក កាល​បារ៉ាក​ដេញ​តាម​ស៊ីសេរ៉ា មក​ដល់​ហើយ នោះ​យ៉ាអែល នាង​ចេញ​ទៅ​ទទួល ដោយ​ពាក្យ​ថា សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​រក​នោះ លោក​ក៏​ចូល​ទៅ​ជា​មួយ​នឹង​នាង ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចំរ៉ឹង​នៅ​នា​តើក​ផង។ ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ថ្ងៃ​នោះ​ឯង ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​កាន់​តែ​មាន​កំឡាំង​ឡើង ឈ្នះ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ទាល់​តែ​បាន​បំផ្លាញ​គេ​អស់​ទៅ។

ចែក​រំលែក
អាន ចៅហ្វាយ 4