ចៅហ្វាយ 3:1-11

ចៅហ្វាយ 3:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​បន្សល់​ទុក ដើម្បី​ល្បង​ល​ពួក​អ៊ីស្រា‌អែល​ដោយ‌សារ​ពួក​គេ នោះ​គឺ​អស់​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​ចម្បាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាណាន គឺ​ប្រយោជន៍​តែ​នឹង​ឲ្យ​អស់​ទាំង​ជំនាន់​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែលបាន​ដឹង​ប៉ុណ្ណោះ ដើម្បី​បង្រៀន​ឲ្យគេ​ចេះ​ច្បាំង គឺ​អស់​អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​ចម្បាំង​ពី​មុន​មក។ ឯ​សាសន៍​ទាំង​នោះ​មាន​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំងប្រាំ និង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន និង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត។ សាសន៍​ទាំង​នោះ​គឺ​សម្រាប់​ល្បង​ល​ពួក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួក​អ៊ី​ស្រា​អែល​គោរព​តាមបទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​បុព្វ‌បុរស​របស់​គេ ដោយ‌សារ​លោក​ម៉ូសេ​ឬ​ទេ។ ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​មួយ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។ គេ​បាន​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បាន​លើក​កូន​ស្រី​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​ប្រពន្ធ​កូន​ប្រុស​របស់​គេ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​គេ​ទៀត​ផង។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ គេ​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ហើយ​ទៅ​ជា​គោរព​ប្រតិបត្ដិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គូសាន-រីសាថែម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមា។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​ចំណុះ​ស្តេច​គូសាន-រីសា‌ថែម​នោះ អស់​រយៈ​ប្រាំបី​ឆ្នាំ។ ប៉ុន្ដែ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច គឺ​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​របស់​លោក​កាលែប។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ពួក​អ៊ីស្រា‌អែល។ លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមា មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ លោក​មាន​កម្លាំង​ឈ្នះ​លើ​ស្តេច​គូសាន-រីសា‌ថែម។ ដូច្នេះ ស្រុក​ទេស​ក៏​បាន​សុខ​សាន្ត‌ត្រាណ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ បន្ទាប់​មក អូធ្នាល​ជា​កូន​កេណាស​ក៏​ស្លាប់​ទៅ។

ចែក​រំលែក
អាន ចៅហ្វាយ 3

ចៅហ្វាយ 3:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ទឹក​ដី​កាណាន។ ព្រះអង្គ​គ្រាន់​តែ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។ ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-‌ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។ ព្រះ‌អម្ចាស់​ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​គោរព​តាម​បទ‌បញ្ជា ដែល​ព្រះអង្គ​ប្រទាន​មក​បុព្វបុរស​របស់​គេ តាម​រយៈ​លោក​ម៉ូសេ​ឬ​យ៉ាង​ណា។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ព្រះអង្គ ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​គូសាន-‌រីសា‌ថែម ជា​ស្ដេច​ស្រុក​អើរ៉ាម-‌ណាហា‌រេម។ ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជា​ចំណុះ​ស្ដេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​អូធ្នាល លោក​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ ដោយ​ប្រគល់​ព្រះ‌បាទ​គូសាន-រីសា‌ថែម ជា​ស្ដេច​ស្រុក​អើ‌រ៉ាម-ណាហា‌រេម មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​មក លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ទទួល​មរណ‌ភាព​ទៅ។

ចែក​រំលែក
អាន ចៅហ្វាយ 3

ចៅហ្វាយ 3:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ទុក​នៅ ដើម្បី​នឹង​ល្បង​ល​ពួក​អ៊ីស្រាអែល​ដោយ‌សារ​គេ គឺ​នឹង​ល្បង​ល​អស់​អ្នក​ដែល​មិន​បាន​ស្គាល់​អស់​ទាំង​ចំបាំង​នៅ​ស្រុក​កាណាន គឺ​ប្រយោជន៍​តែ​ឲ្យ​អស់​ទាំង​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដឹង​ប៉ុណ្ណោះ ដើម្បី​នឹង​បង្រៀន​ឲ្យ​គេ​ចេះ​ច្បាំង គឺ​ពួក​អ្នក​ដែល​មិន​បាន​ធ្លាប់​ស្គាល់​ចំបាំង​កាល​ពី​មុន​មក ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ នឹង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន នឹង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត គឺ​សាសន៍​ទាំង​នោះ​ហើយ​ដែល​បាន​ទុក​សំរាប់​នឹង​ល្បង​ល​អ៊ីស្រាអែល ឲ្យ​ដឹង​ជា​គេ​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​ពួក​ឰយុកោ​គេ ដោយ‌សារ​ម៉ូសេ​ឬ​ទេ ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នៅ​ជា​មួយ​នឹង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ហើយ​បាន​យក​កូន​គេ​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ទៅ​កូន​ប្រុស​របស់​គេ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គេ​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ទៅ​ជា​គោរព​ប្រតិបត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល នឹង​ព្រះ‌អាស‌ថារ៉ូត​វិញ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​សាសន៍​អ៊ីស្រាអែល ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នៅ​ជា​ចំណុះ​ស្តេច​គូសាន-រីសា‌ថែម​នោះ​អស់​៨​ឆ្នាំ រួច​កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដល់​គេ ដែល​បាន​ជួយ​ឲ្យ​រួច គឺ​ជា​អូធ្នាល ជា​កូន​កេណាស ដែល​ជា​ប្អូន​កាលែប ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​សាសន៍​អ៊ីស្រាអែល លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ន៉ាហារេម មក​ក្នុង​កណ្តាប់​ដៃ​នៃ​លោក នោះ​លោក​មាន​កំឡាំង​នឹង​ឈ្នះ​ស្តេច​គូសាន-រីសា‌ថែម​ទៅ ដូច្នេះ ស្រុក​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៤០​ឆ្នាំ រួច​មក​អូធ្នាល​ជា​កូន​កេណាស​បាន​ស្លាប់​ទៅ។

ចែក​រំលែក
អាន ចៅហ្វាយ 3