ចៅហ្វាយ 2:16-23
ចៅហ្វាយ 2:16-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះយេហូវ៉ាតាំងឲ្យមានពួកចៅហ្វាយឡើង ដើម្បីសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃអស់អ្នកដែលបានប្លន់គេ។ ប៉ុន្តែ គេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ ព្រោះគេបានផិតទៅតាមព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះទៀតផង។ គេឆាប់នឹងងាកចេញពីផ្លូវបុព្វបុរសរបស់គេ គឺគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះយេហូវ៉ា ដូចបុព្វបុរសរបស់គេទេ។ កាលណាព្រះយេហូវ៉ាបានតាំងឲ្យមានពួកចៅហ្វាយដល់គេ ព្រះយេហូវ៉ាគង់ជាមួយចៅហ្វាយនោះ ហើយព្រះអង្គសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅអស់មួយជីវិតរបស់ចៅហ្វាយនោះ ដ្បិតព្រះយេហូវ៉ាអាណិតអាសូរនៅពេលគេស្រែកថ្ងូរ ព្រោះតែអស់អ្នកដែលសង្កត់សង្កិន ហើយធ្វើបាបពួកគេ។ ប៉ុន្ដែ ពេលណាចៅហ្វាយនោះស្លាប់ទៅ គេក៏ត្រឡប់ទៅជាប្រព្រឹត្តអំពើអាក្រក់ ជាងបុព្វបុរសរបស់គេទៅទៀត ដោយដើរតាមព្រះដទៃ គោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ។ គេមិនបានលះបង់ចោលអំពើដែលគេប្រព្រឹត្ត ឬចរិតរឹងចចេសរបស់គេឡើយ។ ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ដោយព្រោះប្រជាជននេះបានប្រព្រឹត្តរំលងសេចក្ដីសញ្ញា ដែលយើងបានតាំងនឹងបុព្វបុរសរបស់គេ ហើយមិនបានស្តាប់តាមសំឡេងរបស់យើង នោះយើងនឹងលែងបណ្តេញសាសន៍ណាមួយ ដែលយ៉ូស្វេបានបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះ ចេញពីមុខគេឡើយ ដើម្បីឲ្យយើងបានល្បងលអ៊ីស្រាអែលមើល ថាតើគេនឹងខំប្រឹងដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ដូចបុព្វបុរសរបស់គេបានកាន់តាមឬទេ»។ ដូច្នេះ ព្រះយេហូវ៉ាបានទុកសាសន៍ទាំងនោះ ឥតបណ្តេញគេចេញយ៉ាងរហ័សទេ ហើយព្រះអង្គក៏មិនបានប្រគល់គេមកក្នុងកណ្ដាប់ដៃលោកយ៉ូស្វេដែរ។
ចៅហ្វាយ 2:16-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ ព្រះអម្ចាស់បានធ្វើឲ្យមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ចោរព្រៃ។ ប៉ុន្តែ ពួកគេមិនស្ដាប់បង្គាប់អស់លោកចៅហ្វាយ ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ដូចពួកបុព្វបុរសទេ។ ពេលព្រះអម្ចាស់តែងតាំងចៅហ្វាយណាម្នាក់ឲ្យដឹកនាំពួកគេ ព្រះអង្គគង់ជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់លោក ដ្បិតព្រះអម្ចាស់អាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរ ដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។ លុះចៅហ្វាយនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «ប្រជាជាតិនេះបានផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្ដាប់បង្គាប់យើងទេ ដូច្នេះ យើងក៏នឹងមិនបណ្ដេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។ យើងនឹងប្រើប្រជាជាតិទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។ ព្រះអម្ចាស់ទុកប្រជាជាតិទាំងឡាយ ដែលព្រះអង្គមិនបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកយ៉ូស្វេ ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺព្រះអង្គមិនប្រញាប់បណ្ដេញពួកគេចេញពីទឹកដីរបស់ខ្លួនឡើយ។
ចៅហ្វាយ 2:16-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ ប៉ុន្តែគេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ គឺគេបានផិតទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំផង គេរហ័សណាស់នឹងបែរចេញពីផ្លូវរបស់ពួកឰយុកោគេ ដែលបានស្តាប់តាមបញ្ញត្តនៃព្រះយេហូវ៉ាទាំងប៉ុន្មាន ឯគេមិនបានប្រព្រឹត្តដូច្នោះទេ កាលព្រះយេហូវ៉ាបានតាំងឲ្យមានចៅហ្វាយដល់គេ នោះទ្រង់ក៏គង់ជាមួយនឹងចៅហ្វាយនោះ ហើយបានជួយសង្គ្រោះគេឲ្យរួចពីកណ្តាប់ដៃនៃខ្មាំងសត្រូវ នៅគ្រប់១ជីវិតរបស់ចៅហ្វាយនោះ ពីព្រោះព្រះយេហូវ៉ាទ្រង់អាណិតអាសូរដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ តែលុះកាលចៅហ្វាយ១ស្លាប់ទៅ នោះគេក៏ត្រឡប់ទៅជាប្រព្រឹត្តលាមកអាក្រក់ ជាងពួកឰយុកោគេទៅទៀត ដោយដើរតាមព្រះដទៃ ដើម្បីនឹងគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ គេមិនបានលះចោលអំពើ ឬចរិត ដែលរឹងចចេសរបស់គេចេញឡើយ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់មានបន្ទូលថា ដោយព្រោះសាសន៍នេះបានរំលងសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ ហើយមិនបានស្តាប់តាមពាក្យរបស់អញ បានជាពីនេះទៅមុខ អញលែងបណ្តេញសាសន៍ណាមួយ ដែលយ៉ូស្វេបានទុកពីកាលស្លាប់ទៅនោះ ចេញពីមុខគេឡើយ ដើម្បីឲ្យអញបានល្បងលអ៊ីស្រាអែលមើល បើគេនឹងខំប្រឹងដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ដូចជាពួកឰយុកោគេបានកាន់តាមឬទេ ដូច្នេះព្រះយេហូវ៉ាទ្រង់បានទុកសាសន៍ទាំងនោះវិញ ឥតបណ្តេញទៅយ៉ាងរហ័សទេ ក៏មិនបានប្រគល់មកក្នុងកណ្តាប់ដៃយ៉ូស្វេដែរ។