ចៅហ្វាយ 2:11-23

ចៅហ្វាយ 2:11-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​ព្រៃ ដែល​មក​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គេ ក៏​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ។ ពេល​ណា​ដែល​គេ​ចេញ​ទៅ ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា‌និច្ច ឲ្យ​គេ​ជួប​តែ​នឹង​សេចក្ដី​អាក្រក់ ដូច​ព្រះ‌យេហូវ៉ា​បាន​ព្រមាន​រួច​មក​ហើយ ហើយ​ក៏​ដូច​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ។ ដូច្នេះ គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។ គ្រា​នោះ ព្រះ‌យេហូវ៉ា​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ឡើង ដើម្បី​សង្គ្រោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​បាន​ប្លន់​គេ។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ ព្រោះ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង។ គេឆាប់​នឹង​ងាក​ចេញ​ពី​ផ្លូវ​បុព្វ​បុរស​របស់​គេ គឺ​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ​បុរស​របស់​គេ​ទេ។ កាល​ណា​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ដល់​គេ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ចៅ‌ហ្វាយ​នោះ ហើយ​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​អស់​មួយ​ជីវិត​របស់​ចៅ‌ហ្វាយ​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​នៅ​ពេល​គេ​ស្រែក​ថ្ងូរ ព្រោះ​តែ​អស់​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប​ពួក​គេ។ ប៉ុន្ដែ ពេល​ណា​ចៅ‌ហ្វាយ​នោះ​ស្លាប់​ទៅ គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ។ គេ​មិន​បាន​លះបង់​ចោល​អំពើ​ដែល​គេ​ប្រព្រឹត្ត ឬ​ចរិត​រឹង​ចចេស​របស់​គេ​ឡើយ។ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ាបាន​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ប្រជាជន​នេះ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​បុព្វ‌បុរស​របស់​គេ ហើយ​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​យើង នោះ​យើង​នឹង​លែង​បណ្តេញ​សាសន៍​ណា​មួយ ដែល​យ៉ូស្វេ​បាន​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ ចេញ​ពី​មុខ​គេ​ឡើយ ដើម្បី​ឲ្យ​យើង​បាន​ល្បង​ល​អ៊ីស្រា‌អែល​មើល ថា​តើ​គេ​នឹង​ខំ​ប្រឹង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ‌បុរស​របស់​គេ​បាន​កាន់​តាម​ឬ​ទេ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ទុក​សាសន៍​ទាំង​នោះ ឥត​បណ្តេញ​គេ​ចេញ​យ៉ាង​រហ័ស​ទេ ហើយ​ព្រះ‌អង្គ​ក៏​មិន​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​លោក​យ៉ូស្វេ​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:11-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល។ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជា‌ជន​ដែល​រស់​នៅ​ជុំ‌វិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។ រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​ជានិច្ច ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ពួក​ចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។ ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​ចៅហ្វាយ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដូច​ពួក​បុព្វបុរស​ទេ។ ពេល​ព្រះ‌អម្ចាស់​តែង‌តាំង​ចៅហ្វាយ​ណា​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​គង់​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ព្រះ‌អម្ចាស់​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន និង​ធ្វើ​បាប។ លុះ​ចៅហ្វាយ​នោះ​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះ‌បង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។ ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជាតិ​នេះ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វបុរស​របស់​គេ ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ ដូច្នេះ យើង​ក៏​នឹង​មិន​បណ្ដេញ​ប្រជា‌ជាតិ​ណា​មួយ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​យ៉ូស្វេ​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ​ដែរ។ យើង​នឹង​ប្រើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​អ៊ីស្រា‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង ដូច​បុព្វបុរស​របស់​គេ​ឬ​យ៉ាង​ណា»។ ព្រះ‌អម្ចាស់​ទុក​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះអង្គ​មិន​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​យ៉ូស្វេ ឲ្យ​រស់​នៅ​ក្នុង​ស្រុក​ត​ទៅ​មុខ​ទៀត គឺ​ព្រះអង្គ​មិន​ប្រញាប់​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ឡើយ។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:11-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ‌បាល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ​ផង ហើយ​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល នឹង​ព្រះ‌អាស‌ថារ៉ូត​វិញ ដូច្នេះ​ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ នៅ​កន្លែង​ណា​ដែល​គេ​ចេញ​ទៅ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា​ដរាប ឲ្យ​គេ​បាន​សេចក្ដី​អាក្រក់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ ក៏​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ ដូច្នេះ​គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។ ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ ដែល​បាន​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅហ្វាយ​របស់​គេ​ទេ គឺ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ផង គេ​រហ័ស​ណាស់​នឹង​បែរ​ចេញ​ពី​ផ្លូវ​របស់​ពួក​ឰយុកោ​គេ ដែល​បាន​ស្តាប់​តាម​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា​ទាំង​ប៉ុន្មាន ឯ​គេ​មិន​បាន​ប្រព្រឹត្ត​ដូច្នោះ​ទេ កាល​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ចៅហ្វាយ​ដល់​គេ នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​ចៅហ្វាយ​នោះ ហើយ​បាន​ជួយ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ខ្មាំង​សត្រូវ នៅ​គ្រប់​១​ជីវិត​របស់​ចៅហ្វាយ​នោះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​អាណិត‌អាសូរ​ដល់​ដំងូរ​គេ​ជា​ខ្លាំង ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ​ដល់​គេ តែ​លុះ​កាល​ចៅហ្វាយ​១​ស្លាប់​ទៅ នោះ​គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​លាមក​អាក្រក់ ជាង​ពួក​ឰយុកោ​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ គេ​មិន​បាន​លះ​ចោល​អំពើ ឬ​ចរិត ដែល​រឹង‌ចចេស​របស់​គេ​ចេញ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​សាសន៍​នេះ​បាន​រំលង​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ ហើយ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ បាន​ជា​ពី​នេះ​ទៅ​មុខ អញ​លែង​បណ្តេញ​សាសន៍​ណា​មួយ ដែល​យ៉ូស្វេ​បាន​ទុក​ពី​កាល​ស្លាប់​ទៅ​នោះ ចេញ​ពី​មុខ​គេ​ឡើយ ដើម្បី​ឲ្យ​អញ​បាន​ល្បង​ល​អ៊ីស្រាអែល​មើល បើ​គេ​នឹង​ខំ​ប្រឹង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​ឰយុកោ​គេ​បាន​កាន់​តាម​ឬ​ទេ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​សាសន៍​ទាំង​នោះ​វិញ ឥត​បណ្តេញ​ទៅ​យ៉ាង​រហ័ស​ទេ ក៏​មិន​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​យ៉ូស្វេ​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 2