ចៅហ្វាយ 2:10-15

ចៅហ្វាយ 2:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មនុស្ស​នៅ​ជំនាន់​នោះ​ទាំង​អស់ក៏​បាន​មូល​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​របស់​គេ​គ្រប់​គ្នា​ដែរ ហើយ​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​បាន​ស្គាល់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បានធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល​ដែរ។ គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​ព្រៃ ដែល​មក​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គេ ក៏​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ។ ពេល​ណា​ដែល​គេ​ចេញ​ទៅ ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា‌និច្ច ឲ្យ​គេ​ជួប​តែ​នឹង​សេចក្ដី​អាក្រក់ ដូច​ព្រះ‌យេហូវ៉ា​បាន​ព្រមាន​រួច​មក​ហើយ ហើយ​ក៏​ដូច​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ។ ដូច្នេះ គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​ជំនាន់​នោះ​ក៏​ទៅ​ជួប‌ជុំ​នឹង​ដូនតា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រា‌អែល​ដែរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល។ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជា‌ជន​ដែល​រស់​នៅ​ជុំ‌វិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។ រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​ជានិច្ច ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​ទាំង​មនុស្ស​នៅ​ដំណ​នោះ​ក៏​បាន​មូល​ទៅ​ជួប‌ជុំ​នឹង​ពួក​ឰយុកោ​គេ​គ្រប់​គ្នា​ដែរ ហើយ​កើត​មាន​មនុស្ស​១​ដំណ​ទៀត ក្រោយ​មក ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សំរេច​ដល់​ពួក​អ៊ីស្រាអែល​ទេ។ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ‌បាល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ​ផង ហើយ​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់ គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល នឹង​ព្រះ‌អាស‌ថារ៉ូត​វិញ ដូច្នេះ​ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ នៅ​កន្លែង​ណា​ដែល​គេ​ចេញ​ទៅ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទាស់​នឹង​គេ​ជា​ដរាប ឲ្យ​គេ​បាន​សេចក្ដី​អាក្រក់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ ក៏​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ដែរ ដូច្នេះ​គេ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន ចៅហ្វាយ 2