ចៅហ្វាយ 2:1-5

ចៅហ្វាយ 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើង​ពី​គីល‌កាល​ទៅ​បូគីម ហើយ​ពោល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ថា "យើង​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ ។ រី​ឯ​អ្នក​រាល់​គ្នាវិញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នេះ​ឡើយ គឺ​ត្រូវ​រំលំ​អស់​ទាំង​អាសនា​របស់​គេ​ចេញ" ។ ប៉ុន្ដែ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​យើង​សោះ។ ហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ? ដូច្នេះ យើងសុំ​ប្រាប់​ឥឡូវ​នេះ​ថា យើង​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ គឺ​គេ​នឹង​ក្លាយ​ជា​បន្លា​ចាក់​នៅ​ចំហៀង​អ្នក​រាល់​គ្នា​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​បាន​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា»។ កាល​ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ហើយ គេ​ក៏​នាំ​គ្នា​ទ្រហោ​យំ។ ដូច្នេះ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម រួច​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ឡើង​ពី​គីល‌កាល់​ទៅ​បូគីម ហើយ​ពោល​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស*​ថា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ហើយ​ថា យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រី*​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំង‌ឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ? ដូច្នេះ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​គូ​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ព្រះ​នានា​របស់​ពួក​គេ»។ នៅ​ពេល​ឮ​ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​ទ្រហោ​យំ។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម ហើយ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ចៅហ្វាយ 2

ចៅហ្វាយ 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ពី​គីល‌កាល មក​ដល់​បូគីម​ប្រាប់​ថា អញ​បាន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង អញ​ក៏​បាន​សន្យា​ថា អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញ​ចំពោះ​ឯង​រាល់​គ្នា​ទេ ឯ​ឯង​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នេះ​ឡើយ គឺ​ត្រូវ​រំលំ​អស់​ទាំង​អាសនា​របស់​គេ​ចេញ តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​អញ​សោះ ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ដូច្នេះ គឺ​ហេតុ​នោះ​បាន​ជា​អញ​ថា អញ​មិន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទេ គេ​នឹង​បាន​ដូច​ជា​បន្លា​ចាក់​នៅ​ចំហៀង​ឯង​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង កាល​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​ប៉ុន្មាន​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្រេច​ហើយ នោះ​គេ​ក៏​ឡើង​សំឡេង​យំ បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បូគីម រួច​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

ចែក​រំលែក
អាន ចៅហ្វាយ 2