ចៅហ្វាយ 18:1-31
ចៅហ្វាយ 18:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ ហើយនៅគ្រាដដែលនោះ កុលសម្ព័ន្ធដាន់ស្វែងរកទឹកដីមួយជាមត៌កដើម្បីរស់នៅ ដ្បិតរហូតមកទល់ពេលនោះ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល កុលសម្ព័ន្ធនេះមិនទាន់បានទទួលមត៌ករបស់ខ្លួននៅឡើយទេ។ ដូច្នេះ ពួកកូនចៅដាន់ក៏រើសមនុស្សប្រាំនាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលទឹកដី។ គេបង្គាប់អ្នកទាំងនោះថា៖ «ចូរទៅពិនិត្យមើលស្រុកនោះទៅ»។ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមមកដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់មួយយប់។ កាលគេនៅជិតផ្ទះមីកា គេបានឮ ហើយស្គាល់សំឡេងរបស់យុវជនលេវី រួចក៏ចូលទៅសួរគាត់ថា៖ «តើអ្នកណានាំអ្នកមកទីនេះ? តើអ្នកកំពុងធ្វើអ្វីនៅទីនេះ? តើអ្នកមានការងារអ្វីនៅទីនេះ?»។ គាត់ឆ្លើយថា៖ «មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នេះ គឺគាត់បានជួលខ្ញុំ ហើយឲ្យខ្ញុំធ្វើជាសង្ឃរបស់គាត់»។ គេនិយាយទៅគាត់ថា៖ «បើដូច្នេះសូមទូលសួរព្រះមើល ដើម្បីឲ្យយើងដឹងថា ដំណើរដែលយើងទៅនេះនឹងបានកើតការឬទេ»។ សង្ឃនោះឆ្លើយទៅគេថា៖ «សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ»។ ពេលនោះ អ្នកទាំងប្រាំក៏នាំគ្នាចេញទៅ ហើយបានមកដល់ក្រុងឡាអ៊ីស។ គេឃើញមនុស្សដែលរស់នៅទីនោះដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺស្ងប់ស្ងៀម ឥតបារម្ភអ្វីឡើយ។ គេមានទ្រព្យសម្បត្តិបរិបូរ ឥតខ្វះអ្វីនៅលើផែនដីឡើយ ប៉ុន្ដែ គេរស់នៅឆ្ងាយពីសាសន៍ស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាទេ។ កាលអ្នកទាំងប្រាំត្រឡប់ទៅរកបងប្អូនគេ ដែលនៅសូរ៉ាស់ និងអែសថោលវិញ បងប្អូនគេក៏សួរថា៖ «តើដំណើររបស់អ្នកយ៉ាងណាដែរ?» គេប្រាប់ថា៖ «ចូរក្រោកឡើង យើងលើកគ្នាទៅច្បាំងនឹងគេ ដ្បិតយើងបានឃើញទឹកដីនោះហើយ មើល៍ ទឹកដីនោះល្អណាស់។ តើអ្នករាល់គ្នានៅព្រងើយដូច្នេះធ្វើអី? កុំបង្អែបង្អង់ឡើយ ចូរចូលទៅចាប់យកទឹកដីនោះទៅ។ ពេលណាអ្នករាល់គ្នាចូលទៅដល់ អ្នកនឹងឃើញមនុស្សមួយក្រុមដែលនៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយ ដ្បិតព្រះបានប្រគល់ស្រុកនោះ មកក្នុងកណ្ដាប់ដៃយើងហើយ គឺជាកន្លែងមួយដែលមិនខ្វះអ្វីនៅលើផែនដីនេះទេ»។ ដូច្នេះ មនុស្សប្រាំមួយរយនាក់ពីកុលសម្ព័ន្ធដាន់ ដែលប្រដាប់ដោយគ្រឿងសឹក បានលើកគ្នាចេញពីសូរ៉ាស់ និងអែសថោល ឡើងទៅបោះទ័ពនៅគារយ៉ាត់-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេដាក់ឈ្មោះទីនោះថា «ម៉ាហានេ-ដាន់ » រហូតដល់សព្វថ្ងៃ មើល៍ ទីនោះនៅខាងលិចគារយ៉ាត់-យារីម។ ចេញពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយមកដល់ផ្ទះមីកា។ ពេលនោះ បុរសទាំងប្រាំដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងថេរ៉ាភីម ព្រមទាំងរូបឆ្លាក់ និងរូបសិតឬទេ? ដូច្នេះ ចូរពិចារណាមើលឲ្យដឹងថាត្រូវធ្វើយ៉ាងណា»។ គេក៏បែរចូលទៅផ្ទះយុវជនលេវីនោះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរគាត់អំពីសុខទុក្ខ។ ឯពួកកូនចៅដាន់ទាំងប្រាំមួយរយនាក់ដែលមានគ្រឿងសឹក ក៏ឈរចាំនៅមាត់ច្រកចូលទៅផ្ទះដែរ បុរសទាំងប្រាំដែលបានទៅសង្កេតមើលស្រុក ក៏ឡើងចូលទៅក្នុងផ្ទះ យកទាំងរូបឆ្លាក់ និងអេផូឌ ព្រមទាំងថេរ៉ាភីម និងរូបសិតផង ក្នុងកាលដែលសង្ឃនោះឈរនៅមាត់ច្រកជាមួយមនុស្សប្រាំមួយរយនាក់ ដែលមានគ្រឿងសឹក។ កាលអ្នកទាំងប្រាំចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ និងអេផូឌ ព្រមទាំងថេរ៉ាភីម និងរូបសិតដូច្នេះ សង្ឃនោះក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វីហ្នឹង?» គេប្រាប់គាត់ថា៖ «នៅឲ្យស្ងៀម ចូរយកដៃខ្ទប់មាត់ ហើយទៅជាមួយយើង រួចធ្វើជាឪពុក និងជាសង្ឃដល់យើងវិញ។ តើគួរឲ្យអ្នកធ្វើជាសង្ឃដល់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាសង្ឃដល់កុលសម្ព័ន្ធមួយ និងដល់ពូជពង្សមួយទាំងមូលនៃសាសន៍អ៊ីស្រាអែល?»។ សង្ឃនោះក៏មានចិត្តត្រេកអរឡើង រួចយកអេផូឌ និងថេរ៉ាភីម ព្រមទាំងរូបឆ្លាក់ ហើយទៅជាមួយពួកគេ។ ដូច្នេះ គេបែរចេញទៅ ដោយឲ្យកូនក្មេង ហ្វូងសត្វ និងរបស់របរទាំងប៉ុន្មានទៅមុន។ កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ អ្នកដែលនៅផ្ទះជិតខាងមីកា ក៏ហៅគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់។ គេស្រែកហៅពួកកូនចៅដាន់ ហើយពួកកូនចៅដាន់ក៏ងាកបែរមកសួរមីកាថា៖ «តើមានការអីបានជាប្រមូលគ្នាមកច្រើនដូច្នេះ?» គាត់ឆ្លើយថា៖ «អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំមាននៅសល់អ្វីទៀត? ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើមានការអ្វីដូច្នេះ?» ពួកកូនចៅដាន់តបទៅគាត់ថា៖ «កុំឲ្យមានឮសំឡេងរបស់អ្នកក្នុងចំណោមពួកយើងឡើយ ក្រែងលោមានអ្នកមួម៉ៅស្ទុះទៅសង្រ្គុបលើអ្នក រួចធ្វើឲ្យអ្នក និងក្រុមគ្រួសាររបស់អ្នកបាត់បង់ជីវិត»។ បន្ទាប់មក ពួកកូនចៅដាន់ក៏បន្តដំណើរទៅមុខ។ កាលមីកាឃើញថា គេមានខ្លាំងពូកែជាងខ្លួន គាត់ក៏វិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្ដែ ពួកកូនចៅដាន់បាននាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជួបមនុស្សមួយក្រុមដែលនៅស្ងប់ស្ងៀម ឥតព្រួយបារម្ភ រួចក៏ប្រហារគេដោយមុខដាវ ព្រមទាំងយកភ្លើងឆួលទីក្រុងចោល ឥតមានអ្នកណាមកជួយគេឡើយ ព្រោះទីនោះស្ថិតនៅឆ្ងាយពីក្រុងស៊ីដូន ហើយគេគ្មានទំនាក់ទំនងនឹងអ្នកណាទេ។ ក្រុងនោះស្ថិតក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប។ បន្ទាប់មក ពួកកូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅនៅទីនោះ។ គេដាក់ឈ្មោះក្រុងនោះថា «ដាន់» តាមឈ្មោះដាន់ ជាបុព្វបុរសរបស់គេ ដែលអ៊ីស្រាអែលបានបង្កើត តែក្រុងនោះពីដើមឈ្មោះ ឡាអ៊ីស។ ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសម្រាប់ពួកគេ ឯយ៉ូណាថាន ជាកូនគើសំ គើសំជាកូនរបស់ម៉ូសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់កុលសម្ព័ន្ធដាន់តទៅ រហូតដល់ថ្ងៃដែលអ្នកស្រុកនោះត្រូវគេនិរទេស ។ ដូច្នេះ គេតាំងរូបឆ្លាក់ដែលមីកាបានធ្វើ ទុកសម្រាប់ពួកគេ ក្នុងអំឡុងពេលដែលដំណាក់របស់ព្រះនៅស៊ីឡូរ។
ចៅហ្វាយ 18:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ។ នៅគ្រាដដែលនោះ កុលសម្ព័ន្ធដាន់ស្វែងរកទឹកដីមួយកន្លែងសម្រាប់ពួកគេ ដ្បិតកុលសម្ព័ន្ធនេះពុំទាន់មានទឹកដី ដូចកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗឡើយ។ ដូច្នេះ កូនចៅដាន់ជ្រើសរើសមនុស្សក្នុងចំណោមពួកគេប្រាំនាក់ ដែលជាអ្នកចម្បាំងដ៏ជំនាញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ឲ្យទៅស៊ើបពិនិត្យមើលទឹកដី។ អ្នកទាំងនោះបានមកដល់តំបន់ភ្នំអេប្រាអ៊ីម ហើយពេលយប់ ពួកគេចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកមីកា។ នៅទីនោះ ពួកគេបានឮសំនៀងរបស់យុវបុរស ហើយដឹងថាគាត់ជាពួកលេវី ក៏នាំគ្នាចូលទៅនិយាយជាមួយគាត់ថា៖ «តើអ្នកណានាំលោកមកទីនេះ? តើលោកមកធ្វើអ្វីនៅកន្លែងនេះ? ហេតុអ្វីបានជាលោកនៅទីនេះ?»។ គាត់ឆ្លើយថា៖ «លោកមីកាបានជួយឧបត្ថម្ភខ្ញុំ គឺគាត់ឲ្យប្រាក់ខែខ្ញុំ និងឲ្យខ្ញុំធ្វើជាបូជាចារ្យរបស់គាត់»។ ពួកគេពោលថា៖ «បើដូច្នេះ សូមទូលសួរព្រះជាម្ចាស់មើល ដ្បិតយើងចង់ដឹងថា ដំណើរដែលយើងបានផ្ដើមធ្វើនេះនឹងទទួលលទ្ធផលយ៉ាងណា?»។ បូជាចារ្យឆ្លើយទៅពួកគេថា៖ «កុំភ័យបារម្ភអី! ព្រះអម្ចាស់គង់ជាមួយអស់លោក ក្នុងដំណើររបស់អស់លោកហើយ»។ អ្នកទាំងប្រាំក៏បន្តដំណើរទៅមុខទៀត រហូតដល់ក្រុងឡាអ៊ីស។ នៅទីនោះ ពួកគេឃើញប្រជាជនរស់នៅ ដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ដូចអ្នកស្រុកស៊ីដូន។ គ្មាននគរជិតខាងណាមករករឿង ហើយក៏គ្មាននរណាមកជិះជាន់សង្កត់សង្កិនដែរ។ ប៉ុន្តែ ប្រជាជននោះរស់នៅឆ្ងាយពីអ្នកស្រុកស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។ អ្នកទាំងប្រាំត្រឡប់ទៅសូរ៉ាស់ និងអែសថោលវិញ ហើយបងប្អូនរបស់គេសាកសួរថា ដំណើររបស់គេបានផលអ្វីខ្លះ។ ពួកគេតបវិញថា៖ «មក! ចូរយើងលើកទ័ពទៅវាយយកស្រុកឡាអ៊ីស ព្រោះយើងបានពិនិត្យឃើញថាជាទឹកដីល្អបំផុត។ ដូច្នេះ មិនត្រូវបង្អែបង្អង់ឡើយ ចូរប្រញាប់ចេញទៅវាយដណ្ដើមយកទឹកដីនោះ។ ពេលណាអ្នករាល់គ្នាទៅដល់ អ្នករាល់គ្នានឹងឃើញប្រជាជនមួយក្រុមរស់នៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយណាស់ ជាទឹកដីដ៏សម្បូណ៌សប្បាយ ឥតខ្វះអ្វីឡើយ ព្រះជាម្ចាស់បានប្រគល់មកអ្នករាល់គ្នាហើយ»។ ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ក៏នាំគ្នាប្រដាប់អាវុធចាកចេញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល។ ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។ ពីទីនោះ ពួកគេឡើងទៅតំបន់ភ្នំអេប្រាអ៊ីមរហូតដល់ផ្ទះលោកមីកា។ ពេលនោះ បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នៅទឹកដីឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «បងប្អូនដឹងទេ ក្នុងចំណោមផ្ទះទាំងនេះ មានផ្ទះមួយដែលមានរូបបដិមា និងរូបចម្លាក់ជាច្រើន ព្រមទាំងរូបព្រះមួយ និងរូបសំណាកមួយទៀតធ្វើពីប្រាក់។ ដូច្នេះ បងប្អូនដឹងហើយថា ត្រូវធ្វើយ៉ាងណា»។ បន្ទាប់មក បុរសទាំងប្រាំក៏ដើរតម្រង់ទៅផ្ទះលោកមីកា ហើយចូលទៅសួរសុខទុក្ខយុវបុរសលេវី ដែលស្នាក់នៅក្នុងផ្ទះនោះ។ ក្នុងពេលជាមួយគ្នានោះ កូនចៅដាន់ទាំងប្រាំមួយរយនាក់ ដែលប្រដាប់អាវុធ ក៏ឈរនៅមាត់ច្រកចូលទៅផ្ទះដែរ។ បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍ នាំគ្នាចូលទៅក្នុងផ្ទះ យករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ធ្វើពីប្រាក់ទៀតផង។ ពេលនោះ បូជាចារ្យឈរនៅមាត់ច្រកជាមួយទាហានទាំងប្រាំមួយរយនាក់។ ដោយឃើញអ្នកទាំងប្រាំចូលទៅក្នុងផ្ទះលោកមីកា យករូបព្រះ រូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបសំណាកធ្វើពីប្រាក់ដូច្នេះ បូជាចារ្យក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាធ្វើអ្វីហ្នឹង?»។ ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀម កុំមាត់កអី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល?»។ បូជាចារ្យមានចិត្តត្រេកអរជាខ្លាំងចំពោះសំណូមពរនេះ គាត់យករូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបព្រះ រួចចូលទៅក្នុងចំណោមកងទ័ព។ ពួកគេបន្តដំណើរទៅមុខទៀត ដោយឲ្យក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់គេទៅមុន។ លុះពួកគេចាកចេញពីផ្ទះលោកមីកាទៅបានឆ្ងាយបន្តិច ទើបលោកមីកា និងអ្នកជិតខាងប្រមូលគ្នាដេញតាម។ ពេលនោះ ពួកលោកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអី បានជាប្រមូលគ្នាមកដូច្នេះ?»។ លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។ កូនចៅដាន់នាំគ្នាតបទៅគាត់វិញថា៖ «កុំមកតវ៉ាជាមួយយើង ក្រែងលោមានគ្នាយើងខ្លះក្ដៅក្រហាយ ហើយវាយប្រហារអ្នក ធ្វើឲ្យអ្នក និងក្រុមគ្រួសារអ្នកត្រូវវិនាស»។ បន្ទាប់មក ពួកគេក៏បន្តដំណើរទៅមុខទៀត។ ដោយលោកមីកាឃើញថាពួកគេខ្លាំងពូកែជាង នោះគាត់ក៏បកក្រោយ វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយពីដណ្ដើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។ ឡាអ៊ីសជាក្រុងដែលស្ថិតនៅក្នុងជ្រលងភ្នំបេត-រេហូប ឆ្ងាយពីក្រុងស៊ីដូន ហើយអ្នកក្រុងនោះពុំមានទំនាក់ទំនងជាមួយនរណាទេ ហេតុនេះហើយបានជាគ្មាននរណាមកជួយពួកគេឡើយ។ កូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយក៏តាំងទីលំនៅនៅទីនោះទៅ។ ពួកគេប្ដូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់លោកយ៉ាកុប។ កូនចៅដាន់បានយករូបព្រះមកតម្កល់សម្រាប់ថ្វាយបង្គំ ហើយតែងតាំងលោកយ៉ូណាថាន ជាកូនលោកគែរសូម ដែលត្រូវជាពូជពង្សរបស់លោកម៉ូសេឲ្យធ្វើជាបូជាចារ្យ សម្រាប់កុលសម្ព័ន្ធដាន់។ ពូជពង្សរបស់លោកយ៉ូណាថានបានបន្តតំណែងបូជាចារ្យ រហូតដល់ជំនាន់ដែលប្រជាជនត្រូវគេកៀរយកទៅជាឈ្លើយសឹក។ ក្នុងអំឡុងពេលដែលពួកគេមានព្រះដំណាក់របស់ព្រះជាម្ចាស់នៅស៊ីឡូ ក៏ពួកគេនៅតែរក្សាទុករូបព្រះរបស់លោកមីកាជារៀងរហូត។
ចៅហ្វាយ 18:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ រីឯពូជអំបូរដាន់នៅវេលានោះ គេរកស្រុកតាំងជាទីលំនៅ ទុកជាកេរអាកររបស់គេ ដ្បិតតាំងពីដើមរៀងមក គេមិនទាន់បានទទួលកេរអាកររបស់គេ ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាននៅឡើយទេ ដូច្នេះ ពួកកូនចៅដាន់ក៏រើសពួកគេ៥នាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ នឹងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលស្រុក ដោយពាក្យថា ចូរទៅពិនិត្យមើលស្រុកទៅ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់១យប់ តែគ្រាដែលមកជិតដល់ផ្ទះមីកាហើយ នោះគេឮ ហើយក៏ស្គាល់សំឡេងរបស់មនុស្សកំឡោះ ជាពួកលេវីនោះ រួចក៏ចូលទៅសួរគាត់ថា តើអ្នកណាបាននាំអ្នកមកនេះ អ្នកធ្វើជាអ្វីនៅទីនេះ ហើយមានអ្វីនៅឯណេះ គាត់ឆ្លើយថា មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងនេះមួយៗ គាត់បានជួលខ្ញុំ ឲ្យធ្វើជាសង្ឃដល់គាត់ នោះគេប្រាប់ដល់គាត់ថា ដូច្នេះសូមឲ្យអ្នកទូលសួរព្រះមើល ដើម្បីឲ្យយើងរាល់គ្នាដឹង ជាផ្លូវដែលយើងទៅនេះនឹងបានកើតការឬទេ សង្ឃនោះឆ្លើយតបថា សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ។ នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះ គេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាចនឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង រួចពួកទាំង៥នាក់ក៏ត្រឡប់ទៅឯបងប្អូនគេ ដែលនៅសូរ៉ាស់ នឹងអែសថោលវិញ បងប្អូនគេក៏សួរថា យ៉ាងម៉េចទៅ គេប្រាប់ថា ចូររៀបចំឡើង លើកគ្នាទៅច្បាំងនឹងគេទៅ ដ្បិតយើងបានឃើញស្រុកគេល្អណាស់ តើនៅព្រងើយដូច្នេះធ្វើអី កុំឲ្យខ្ជិលនឹងចូលទៅចាប់យកស្រុកនោះឡើយ កាលណាចូលទៅដល់ នោះនឹងឃើញពួកមនុស្សដែលនៅដោយសុខសាន្ត ស្រុកនោះក៏ធំទូលាយដែរ ដ្បិតព្រះបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃយើងហើយ គឺជាកន្លែងមិនចេះខ្វះអ្វីដែលនៅផែនដីនេះ។ គ្រានោះ មានមនុស្ស៦០០នាក់ពីវង្សដាន់ ដែលនៅត្រង់សូរ៉ាស់ នឹងអែសថោល គេលើកគ្នាចេញទៅទាំងមានគ្រឿងសឹក ក៏ឡើងទៅបោះទ័ពនៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម ពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយក៏មកដល់ផ្ទះមីកា។ ឯពួក៥នាក់ដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស គេក៏ផ្តើមនិយាយទៅបងប្អូនគេថា តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ នឹងរូបព្រះ ព្រមទាំងរូបឆ្លាក់ នឹងរូបសិតផងឬទេ ដូច្នេះពិចារណាមើល តើត្រូវធ្វើដូចម្តេច គេក៏បែរចូលទៅក្នុងផ្ទះមនុស្សកំឡោះជាពួកលេវីនេះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរពីសេចក្ដីសុខទុក្ខ ឯពួកកូនចៅដាន់ទាំង៦០០នាក់ដែលមានគ្រឿងសឹក គេឈរចាំនៅឰដ៏មាត់ទ្វារ ពួក៥នាក់ដែលបានទៅសង្កេតមើលស្រុក ក៏ឡើងចូលទៅក្នុងផ្ទះ យកទាំងរូបឆ្លាក់ នឹងអេផូឌ ព្រមទាំងរូបព្រះ នឹងរូបសិតផង ឯសង្ឃនោះគាត់ឈរនៅមាត់ទ្វារជាមួយនឹងមនុស្ស៦០០នាក់ ដែលមានគ្រឿងសឹក កាលអ្នកទាំង៥បានចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ នឹងអេផូឌ ព្រមទាំងរូបព្រះ នឹងរូបសិតដូច្នោះ នោះគាត់សួរថា អ្នករាល់គ្នាធ្វើអ្វីដូច្នេះ តែគេប្រាប់គាត់ថា ចូរនៅឲ្យស្ងៀមទៅ ហើយយកដៃខ្ទប់មាត់ចុះ សូមទៅជាមួយនឹងយើងធ្វើជាឪពុក ហើយជាសង្ឃដល់យើងវិញ ដែលអ្នកធ្វើជាសង្ឃដល់ពួកគ្រួមនុស្សតែម្នាក់នេះ នោះតើវិសេសជាងធ្វើជាសង្ឃដល់ពូជអំបូរ១ គឺដល់វង្ស១ទាំងមូលនៃសាសន៍អ៊ីស្រាអែលឬអី សង្ឃនោះមានចិត្តអំណរឡើង រួចក៏យកអេផូឌ នឹងរូបព្រះ ព្រមទាំងរូបឆ្លាក់ផង ទៅជាមួយនឹងគេទៅ។ ដូច្នេះគេបែរចេញទៅ ហើយគេឲ្យកូនក្មេង នឹងហ្វូងសត្វ ហើយនឹងអីវ៉ាន់ទាំងប៉ុន្មានដើរខាងមុខ កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ នោះពួកអ្នកនៅផ្ទះជិតខាងមីកា ក៏ប្រជុំគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់ គេស្រែកហៅពួកកូនចៅដាន់ ឯអ្នកទាំងនោះក៏ងាកបែរមកសួរមីកាថា ឯងមានហេតុអ្វីបានជាប្រមូលគ្នាច្រើនដល់ម៉្លេះ គាត់ឆ្លើយថា អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំនៅមានអ្វីទៀត ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើឯងមានហេតុអ្វីដូច្នេះ នោះពួកកូនចៅដាន់ឆ្លើយតបថា កុំឲ្យមានឮសំឡេងឯងមកក្នុងពួកយើងឡើយ ក្រែងលោមានពួកអ្នកមួម៉ៅ ស្ទុះទៅលើឯងរាល់គ្នា បំផ្លាញជីវិតឯងទៅ ព្រមទាំងជីវិតនៃពួកគ្រួឯងផង រួចពួកកូនចៅដាន់ក៏ទៅតាមផ្លូវគេទៅ ឯមីកាកាលឃើញថាគេមានកំឡាំងជាងខ្លួន នោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។ ពួកអ្នកទាំងនោះគេនាំយករបស់ដែលមីកាបានធ្វើ នឹងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជាទីដែលមានមនុស្សរម្យទម ហើយសុខសាន្តនៅ រួចគេសំឡាប់ពួកអ្នកក្រុងនោះដោយមុខដាវ ព្រមទាំងយកភ្លើងឆួលដុតទីក្រុងផង ឥតមានអ្នកណាមកជួយគេឡើយ ពីព្រោះទីនោះនៅឃ្លាតឆ្ងាយពីក្រុងស៊ីដូន ហើយពួកនោះមិនប្រកបគ្នានឹងអ្នកណាផង ក្រុងនោះនៅក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប រួចហើយពួកកូនចៅដាន់បានសង់ទីក្រុងនោះឡើងវិញ ទុកជាទីលំនៅរបស់គេ ក៏ដាក់ឈ្មោះថា ដាន់ តាមឈ្មោះដាន់ជាឰយុកោគេ ដែលអ៊ីស្រាអែលបានបង្កើត តែកាលពីដើម ក្រុងនោះឈ្មោះឡាអ៊ីសវិញ ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសំរាប់ខ្លួនគេ ហើយយ៉ូណាថាន ជាកូនគើសំម ក្នុងពូជអំបូរម៉ាន៉ាសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់ពូជអំបូរដាន់តទៅ ដរាបដល់ថ្ងៃដែលពួកស្រុកនោះត្រូវគេនិរទេសទៅ គេបានតាំងរូបឆ្លាក់ដែលមីកាធ្វើនោះ ទុកសំរាប់ពួកគេ អស់១អំឡុងដែលដំណាក់នៃព្រះនៅត្រង់ស៊ីឡូរ។