ចៅហ្វាយ 17:1-6
ចៅហ្វាយ 17:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះ មីកា។ គាត់និយាយប្រាប់ម្តាយថា៖ «ប្រាក់សុទ្ធមួយពាន់មួយរយស្លឹង ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្ដាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើល៍ ប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំបានយកប្រាក់នោះ»។ ដូច្នេះ ម្តាយនិយាយថា៖ «សូមព្រះយេហូវ៉ាប្រទានពរកូន!» គាត់ក៏ប្រគល់ប្រាក់សុទ្ធមួយពាន់មួយរយស្លឹងនោះដល់ម្តាយគាត់វិញ រួចម្តាយពោលថា៖ «ម្ដាយថ្វាយប្រាក់សុទ្ធនេះដល់ព្រះយេហូវ៉ាពីដៃរបស់ម្ដាយ សម្រាប់ឲ្យកូនយកទៅឆ្លាក់ធ្វើរូបមួយ និងសិតធ្វើរូបមួយ។ ដូច្នេះ ម្ដាយប្រគល់ប្រាក់នេះទៅកូនវិញ»។ ដូច្នេះ ពេលគាត់ប្រគល់ប្រាក់នោះទៅម្តាយវិញ ម្តាយក៏យកប្រាក់សុទ្ធពីររយស្លឹងទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូបមួយ និងសិតធ្វើរូបមួយ ហើយរូបនោះដាក់នៅក្នុងផ្ទះរបស់មីកា។ ឯបុរសឈ្មោះមីកានេះ មានទីសក្ការៈមួយ ហើយគាត់បានធ្វើអេផូឌ និងថេរ៉ាភីម រួចតែងតាំងកូនប្រុសរបស់គាត់ម្នាក់ ធ្វើជាសង្ឃសម្រាប់គាត់។ នៅគ្រានោះ គ្មានស្តេចសោយរាជ្យនៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ គ្រប់គ្នាប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាត្រឹមត្រូវ។
ចៅហ្វាយ 17:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ ថ្ងៃមួយ គាត់បានប្រកាសប្រាប់ម្ដាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្ដាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្ដាយរបស់គាត់ក៏និយាយថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់កូន»។ លោកមីកាប្រគល់ប្រាក់មួយពាន់មួយរយស្លឹងជូនទៅម្ដាយវិញ ហើយម្ដាយក៏ពោលថា៖ «កូនអើយ ម្ដាយបានសម្រេចចិត្តថ្វាយប្រាក់នេះដល់ព្រះអម្ចាស់ហើយ ដើម្បីឲ្យកូនយកវាទៅរំលាយធ្វើជារូបព្រះមួយ។ ចូរកូនយកប្រាក់នេះទៅវិញចុះ»។ ប៉ុន្តែ លោកមីកាប្រគល់ប្រាក់ទៅម្ដាយសាជាថ្មីទៀត ហើយម្ដាយក៏យកប្រាក់ពីររយស្លឹងទៅឲ្យជាងស្មិតរំលាយធ្វើរូបព្រះមួយ និងរូបសំណាក រួចយកទៅដាក់នៅក្នុងផ្ទះរបស់លោកមីកា។ ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំព្រះ នៅក្នុងផ្ទះរបស់គាត់។ គាត់បានធ្វើរូបបដិមាមួយ និងរូបចម្លាក់ជាច្រើន សម្រាប់គោរពបូជា រួចគាត់តែងតាំងកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាបូជាចារ្យ។ នៅគ្រានោះ ក្នុងស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។
ចៅហ្វាយ 17:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅស្រុកភ្នំអេប្រាអិម នោះមានបុរសម្នាក់ឈ្មោះ មីកា គាត់និយាយប្រាប់ម្តាយថា ប្រាក់១១០០ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្តាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើលប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំហើយដែលយក ដូច្នេះ ម្តាយនិយាយថា សូមពរពីព្រះយេហូវ៉ាដល់ឯងជាកូន គាត់ក៏ប្រគល់ប្រាក់១១០០នោះដល់ម្តាយវិញ រួចម្តាយនិយាយថា អញថ្វាយប្រាក់នេះដល់ព្រះយេហូវ៉ាពីដៃខ្លួនអញសំរាប់កូន ដើម្បីនឹងសិតរូប១ ហើយឆ្លាក់ធ្វើជារូប១ ដូច្នេះ ហ៏ អញប្រគល់ឲ្យឯង តែគាត់ប្រគល់ប្រាក់នោះដល់ម្តាយវិញ នោះម្តាយក៏យកប្រាក់២០០ទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូប១ នឹងរូបសិត១ រូបនោះតាំងនៅក្នុងផ្ទះមីកា ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ នឹងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន នៅគ្រានោះ គ្មានស្តេចណាសោយរាជ្យនៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ។