ចៅហ្វាយ 16:4-22

ចៅហ្វាយ 16:4-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​ពី​នោះ​មក គាត់​ស្រឡាញ់​ស្ត្រី​ម្នាក់ ដែល​រស់​នៅ​ច្រក​ភ្នំ​សូរេក នាង​ឈ្មោះ​ដេលី‌ឡា។ ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​និយាយ​នឹង​នាង​ថា៖ «ចូរ​លួង​លោម​វា ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​កម្លាំង​ខ្លាំង​ក្លា​ដល់​ម៉្លេះ​មក​ពី​ណា ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ឈ្នះ​វា ដើម្បី​ឲ្យ​យើង​ចាប់​ចង បង្ក្រាប​វា​បាន នោះ​យើង​នឹង​ឲ្យ​ប្រាក់​សុទ្ធ​ដល់​នាង ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។ ដូច្នេះ ដេលី‌ឡា​ក៏​ល្បួង​សាំសុន​ថា៖ «សូម​បង​ប្រាប់​ខ្ញុំ​មក តើ​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អាច​បង្ក្រាប​បង​បាន?» សាំសុន​ឆ្លើយ​ទៅ​នាង​ថា៖ «បើ​គេ​យក​វល្លិ​ស្រស់​ប្រាំពីរ ដែល​មិន​ទាន់​ហាល​ស្ងួត​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​ក៏​យក​វល្លិ​ស្រស់​ប្រាំពីរ ដែល​មិន​ទាន់​ហាល​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​ក៏​យក​វល្លិ​នោះ​ទៅ​ចង​គាត់។ នៅ​បន្ទប់​ខាង​ក្នុង នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​ចាំ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!»។ ប៉ុន្ដែ គាត់​បណ្ដាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង។ ដូច្នេះ គេ​មិន​ដឹង​ពី​អាថ៌​កំបាំង​នៃ​កម្លាំង​របស់​គាត់​ទេ។ ពេល​នោះ ដេលី‌ឡាពោល​ទៅ​កាន់​សាំសុន​ថា៖ «មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ ហើយ​បាន​និយាយ​កុហក​ខ្ញុំ។ សូមបង​ប្រាប់​ខ្ញុំមក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?» គាត់​តប​ទៅ​នាង​ថា៖ «បើ​គេ​យក​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ ដូច្នេះ ដេលី‌ឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​គាត់ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ» (ឯ​មនុស្ស​ដែល​បង្កប់​ខ្លួន សម្ងំ​នៅ​បន្ទប់​ខាង​ក្នុង)។ ប៉ុន្ដែ គាត់​បណ្ដាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ ដូច​គេ​ផ្ដាច់​អំបោះ​មួយ​សរសៃ។ ដេលី‌ឡា​ពោល​ទៅ​សាំសុន​ថា៖ «រហូត​មក​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ហើយ​និយាយ​កុហក​ខ្ញុំ​ដដែល។ ប្រាប់​ខ្ញុំ​មក ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​ជាប់​បាន?» គាត់​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​ក្បាល​បង​ទាំង​ប្រាំពីរ​កម្រង ជាប់​ជា​មួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ​ទៅ នោះ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត​ដែរ»។ ដូច្នេះ កាល​សាំ​សុន​កំពុង​ដេក​លក់ ដេលីឡា​ក៏​យក​សក់​ទាំង​ប្រាំ​ពីរ​កម្រង​របស់​គាត់ ក្រង​ជាប់​ជាមួយ​នឹង​អំបោះ​អន្ទង ហើយ​ចង​ភ្ជាប់​នឹង​ត្រល់​តម្បាញ រួច​ស្រែក​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» ប៉ុន្ដែ គាត់​ភ្ញាក់​ពី​ដេក ទាញ​កន្ត្រាក់​ត្រល់​តម្បាញ កី​តម្បាញ និង​អំបោះ​អន្ទង​ចេញ​អស់។ ពេល​នោះ នាង​ពោល​ទៅ​គាត់​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា "បង​ស្រឡាញ់​អូន"ទៅ​កើត បើ​ចិត្ត​បង​មិន​នៅ​ជា​មួយ​ខ្ញុំ​ផង​នោះ? បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​បី​ដង​ហើយ បង​មិន​ព្រម​ប្រាប់​ខ្ញុំ​ថា​បង​មាន​កម្លាំង​ខ្លាំង​ដល់​ម៉្លេះមក​ពី​ណា​សោះ»។ កាល​នាង​ចេះ​តែ​រំអុក​គាត់​ជា​ខ្លាំង ដោយ​ពាក្យ​សម្ដី​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចិត្ត​របស់​គាត់​ព្រួយ​សឹង​តែ​នឹង​ស្លាប់។ គាត់​ក៏​បញ្ចេញ​ប្រាប់​អស់​ពី​ក្នុង​ចិត្ត​ដល់​នាង​ថា៖ «មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​បង​ឡើយ ដ្បិត​បង​ជា​ពួក​ណាសារីត ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក​ម៉្លេះ ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​ថយ​ចេញ​ពី​បង​ទៅ ហើយ​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀត»។ កាល​ដេលី‌ឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលី‌ស្ទីន​មក ដោយ​ពាក្យ​ថា៖ «សូម​ឡើង​មក​ម្តង​ទៀត ដ្បិត​គាត់​បាន​ប្រាប់ខ្ញុំ​អស់​ពី​ក្នុង​ចិត្ត​របស់​គាត់​ហើយ»។ ពេល​នោះ ពួក​មេ​លើ​សាសន៍​ភីលី​ស្ទីន​ក៏​ឡើង​មក​ជួប​នាង ទាំង​យក​ប្រាក់​មក​ជាមួយ។ នាង​បាន​ធ្វើឲ្យ​គាត់​ដេក​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​បុរស​ម្នាក់ មក​កោរ​សក់​ទាំង​ប្រាំ​ពីរ​កម្រងពី​លើ​ក្បាល​របស់​គាត់​ចេញ។ ពេល​នោះ នាង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់ ហើយ​កម្លាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ។ នាង​ពោល​ឡើង​ថា៖ «សាំសុន​អើយ ពួក​ភីលី‌ស្ទីន​មក​ចាប់​បង​ហើយ!» គាត់​ក៏​ភ្ញាក់​ពី​ដេក ហើយ​គិត​ថា៖ «អញ​នឹង​ចេញ​ទៅ​ទាំង​រលាស់​ខ្លួន ដូច​សព្វ​មួយ​ដង»។ ប៉ុន្តែ គាត់​មិន​ដឹងថា ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​គាត់​ទេ។ ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​ចាប់​គាត់ ហើយ​ខ្វេះ​ភ្នែក​គាត់ រួច​នាំ​ចុះ​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ចង​គាត់ ឲ្យ​គាត់​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក។ ប៉ុន្តែ ក្រោយ​ពី​គេ​បាន​កោរ​រួច​មក សក់​របស់​គាត់​ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 16

ចៅហ្វាយ 16:4-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​ពី​នោះ​មក លោក​សាំសុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលីឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។ ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​នាំ​គ្នា​ទៅ​និយាយ​នឹង​នាង​ដេលីឡា​ថា៖ «ចូរ​នាង​លួង‌លោម​សាំសុន ដើម្បី​ឲ្យ​ដឹង​ថា គាត់​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា​នេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​ឈ្នះ​គាត់​បាន? យើង​នឹង​ចាប់​ចង បង្ក្រាប​គាត់ រួច​ហើយ​យើង​នឹង​ឲ្យ​ប្រាក់​នាង​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។ ពេល​នោះ នាង​ដេលីឡា​សួរ​លោក​សាំសុន​ថា៖ «បង​អើយ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នេះ​មក​ពី​ណា? តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អាច​ចាប់​ចង​បង្ក្រាប​បង​បាន?»។ លោក​សាំសុន​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ខ្សែ‌ពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត​នៅ​ឡើយ ចំនួន​ប្រាំ‌ពីរ​ចង្វាយ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​យក​ខ្សែ‌ពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត ចំនួន​ប្រាំ‌ពីរ​ចង្វាយ​មក​ឲ្យ​នាង​ដេលីឡា ហើយ​នាង​ក៏​យក​ទៅ​ចង​លោក​សាំសុន។ នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ក៏​បណ្ដាច់​ពួរ​នោះ​ចេញ​អស់ ដូច​ខ្សែ​អំបោះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ដូច្នេះ គេ​នៅ​តែ​ពុំ​ដឹង​អាថ៌‌កំបាំង​នៃ​កម្លាំង​របស់​លោក​ដដែល។ នាង​ដេលីឡា​ក៏​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «បង​បាន​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ចង​បង​បាន?»។ លោក​សាំសុន​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ពួរ​ថ្មី ដែល​មិន​ទាន់​ប្រើ​មក​ចង​បង​នោះ បង​នឹង​ទៅ​ជា​មនុស្ស​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។ នាង​ដេលីឡា​ក៏​ប្រើ​ពួរ​ថ្មី ដើម្បី​ចង​លោក​សាំសុន រួច​នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ»។ ពេល​នោះ ក៏​មាន​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដែរ ប៉ុន្តែ លោក​សាំសុន​ផ្ដាច់​ពួរ​ដែល​ចង​ដៃ​លោក ដូច​គេ​ផ្ដាច់​ខ្សែ​អំបោះ។ នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «រហូត​មក​ទល់​ពេល​នេះ បង​ចេះ​តែ​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​បាន?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​បង​ប្រាំ‌ពីរ​កម្រង​ភ្ជាប់​នឹង​កី‌តម្បាញ បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​ជា​មនុស្ស​ឯ​ទៀតៗ​ដែរ»។ នាង​ដេលីឡា​ក៏​ធ្វើ​ឲ្យ​លោក​សាំសុន​សម្រាន្ដ​លក់ រួច​នាង​ក្រង​សក់​លោក​ជា​ប្រាំ‌ពីរ​កម្រង​ភ្ជាប់​នឹង​កី‌តម្បាញ ហើយ​បោះ‌ស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ឡើង ហើយ​កន្ត្រាក់​របើក​ទាំង​ស្នឹង ទាំង​កី‌តម្បាញ​ទៀត​ផង។ នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​ថា៖ «តើ​បង​អាច​អះ‌អាង​ថា បង​ស្រឡាញ់​ខ្ញុំ​ដូច​ម្ដេច​កើត បើ​បង​មិន​ទុក​ចិត្ត​ខ្ញុំ​សោះ​នោះ? មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ​បី​ដង​ហើយ គឺ​បង​មិន​ព្រម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នោះ​មក​ពី​ណា​ឡើយ»។ ដោយ​នាង​ដេលីឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំសុន​ក៏​ធុញ‌ថប់​ស្ទើរ​ស្លាប់ ហើយ​រៀប​រាប់​អាថ៌‌កំបាំង​របស់​លោក​ប្រាប់​នាង​ថា៖ «សក់​បង​មិន​ត្រូវ​កាត់ ឬ​កោរ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​បង ទុក​ជា​ពួក​ណា‌សា‌រីត* តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​បាត់​បង់ ហើយ​ខ្លួន​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។ នាង​ដេលីឡា​ដឹង​ថា លោក​បាន​ប្រាប់​អាថ៌‌កំបាំង​ដល់​នាង​ហើយ នាង​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ថា៖ «សូម​អស់​លោក​អញ្ជើញ​មក​ចុះ ព្រោះ​លើក​នេះ សាំសុន​ទម្លាយ​អាថ៌‌កំបាំង​ឲ្យ​ខ្ញុំ​ដឹង​ហើយ»។ ពួក​ស្ដេច​ត្រាញ់​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​នាង ដោយ​នាំ​យក​ប្រាក់​ទៅ​ជា​មួយ​ផង។ នាង​ដេលីឡា​បាន​ឲ្យ​លោក​សាំសុន​កើយ​ភ្លៅ​នាង រហូត​ដល់​លក់ រួច​ហៅ​មនុស្ស​ម្នាក់​មក​កោរ​កម្រង​សក់​ទាំង​ប្រាំ‌ពីរ​របស់​លោក លោក​ចាប់​ផ្ដើម​ខ្សោយ។ កម្លាំង​ក៏​ថយ​ចេញ​ពី​ខ្លួន​លោក​ទៅ។ នាង​ដេលីឡា​ពោល​ទៅ​លោក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​គិត​ថា លោក​នឹង​រំដោះ​ខ្លួន​រួច ដូច​សព្វ​មួយ​ដង ព្រោះ​លោក​ពុំ​បាន​ដឹង​ថា​ព្រះ‌អម្ចាស់​ថយ​ចេញ​ពី​លោក​នោះ​ទេ។ ពួក​ភីលីស្ទីន​ចូល​ទៅ​ចាប់​លោក ហើយ​ខ្វេះ​ភ្នែក​លោក​ទាំង​ពីរ​ទៀត​ផង។ ពួក​គេ​នាំ​លោក​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ដាក់​លោក និង​បង្ខំ​លោក​ឲ្យ​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។ ប៉ុន្តែ​ក្រោយ​មក សក់​របស់​លោក​ដែល​គេ​បាន​កោរ ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 16

ចៅហ្វាយ 16:4-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​មក​ទៀត គាត់​មាន​ស្រឡាញ់​ស្ត្រី​ម្នាក់​នៅ​ច្រក​ភ្នំ​សូរេក នាង​នោះ​ឈ្មោះ​ដេលីឡា ដូច្នេះ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​ទៅ​បបួល​នាង​ថា ចូរ​លួង‌លោម​វា​មើល ដែល​វា​មាន​កំឡាំង​ខ្លាំង​ម៉្លេះ​ពី​ណា​មក ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈ្នះ​វា ដើម្បី​នឹង​ចាប់​ចង​បង្ក្រាប​វា​ទៅ​បាន នោះ​យើង​គ្រប់​គ្នា​នឹង​ឲ្យ​ប្រាក់​១១០០​ម្នាក់​ដល់​នាង រួច​ដេលីឡា​ក៏​ល្បួង​សាំសុន​ថា សូម​ប្រាប់​ខ្ញុំ​ដែល​អ្នក​មាន​កំឡាំង​ជា​ខ្លាំង​ម៉្លេះ​ពី​ណា​មក តើ​យក​អ្វី​នឹង​ចង​បង្ក្រាប​អ្នក​បាន នោះ​សាំសុន​ឆ្លើយ​តប​ថា បើ​គេ​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត មក​ចង​អញ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ ដូច្នេះ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ចង​គាត់ រីឯ​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​មាន​មនុស្ស​បង្កប់​ខ្លួន​ចាំ ខណៈ​នោះ នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​អ្នក​ហើយ តែ​គាត់​បណ្តាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង ដូច្នេះ គ្មាន​អ្នក​ណា​ដឹង​ជា​គាត់​មាន​កំឡាំង​ប៉ុណ្ណា​ទេ។ នោះ​ដេលីឡា​និយាយ​នឹង​សាំសុន​ថា មើល បង​បាន​បញ្ឆោត​ខ្ញុំ ដោយ​ពោល​សុទ្ធ​តែ​ពាក្យ​ភរ‌ភូត​វិញ ម្តង​នេះ​សូម​ប្រាប់​ដល់​ខ្ញុំ តើ​នឹង​យក​អ្វី​មក​ចង​បង​ឲ្យ​ជាប់​បាន គាត់​ឆ្លើយ​ថា បើ​គ្រាន់​តែ​ចង​អញ ដោយ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​ការ​សោះ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ ដូច្នេះ ដេលីឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ ឯ​ពួក​អ្នក​ដែល​បង្កប់​ខ្លួន ក៏​នៅ​ចាំ​ឰដ៏​បន្ទប់​ខាង​ក្នុង គាត់​បណ្តាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ គណនា​ដូច​ជា​អំបោះ​១​សរសៃ​សុទ្ធ។ ដេលីឡា​និយាយ​នឹង​សាំសុន​ថា តាំង​ពី​ដើម​ដល់​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ដោយ​និយាយ​ភូត‌ភរ​ដដែល ចូរ​ប្រាប់​មក​ខ្ញុំ តើ​ត្រូវ​យក​អ្វី​ចង​បង​ឲ្យ​ជាប់​បាន គាត់​ឆ្លើយ​ថា ឲ្យ​ឯង​គ្រាន់​តែ​ក្រង​សក់​ក្បាល​អញ​ទាំង​៧​កំរង​ជាប់​ជា​១​នឹង​អំបោះ​អន្ទង​ទៅ នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។ នោះ​នាង​និយាយ​នឹង​គាត់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា បង​ស្រឡាញ់​ដល់​ខ្ញុំ​បាន បើ​ចិត្ត​បង​ទីទៃ​ពី​គ្នា​ដូច្នេះ បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​៣​ដង​នេះ​ហើយ ឥត​ប្រាប់​ពី​ដំណើរ​ដែល​បង​មាន​កំឡាំង​ខ្លាំង​ទាំង​ម៉្លេះ​ពី​ណា​មក​សោះ រួច​មក ដោយ​នាង​ចេះ​តែ​រំអុក​បង្ខំ​រាល់​តែ​ថ្ងៃ ដោយ​ពាក្យ​សំដី​នាង បាន​ជា​គាត់​មាន​ចិត្ត​ព្រួយ​សឹង​តែ​នឹង​ស្លាប់ ហើយ​ក៏​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​នាង​ថា មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​អញ​ឡើយ ដ្បិត​អញ​ជា​ពួក​ន៉ាសារីត​ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក បើ​កោរ​សក់​អញ​ហើយ នោះ​កំឡាំង​នឹង​ថយ​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត។ កាល​ដេលីឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​មក ដោយ​ពាក្យ​ថា សូម​ឡើង​មក​តែ​ម្តង​នេះ​ទៀត​ចុះ ដ្បិត​វា​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​ខ្ញុំ​ហើយ ដូច្នេះ​ពួក​មេ​ក៏​ឡើង​មក​ឯ​នាង ព្រម​ទាំង​យក​ប្រាក់​នោះ​មក​ផង ខណ​នោះ នាង​បាន​ផ្តេក​គាត់​ឲ្យ​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​ម្នាក់​មក​ឲ្យ​កោរ​កំរង​ទាំង​៧​ពី​លើ​ក្បាល​គាត់​ចេញ នោះ​នាង​ចាប់​តាំង​ធ្វើ​ទុក្ខ​ដល់​គាត់ ហើយ​កំឡាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ រួច​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ គាត់​ក៏​ភ្ញាក់​ពី​ដេក​ឡើង នឹក​ថា អញ​នឹង​ចេញ​ទៅ​រលាស់​ខ្លួន​ដូច​ជា​សព្វ​១​ដង តែ​គាត់​មិន​ដឹង​ជា​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ខ្លួន​ទេ លំដាប់​នោះ​ពួក​ភីលីស្ទីន​ក៏​មក​ចាប់​គាត់ ចាក់​ឲ្យ​ខ្វាក់​ភ្នែក រួច​នាំ​ចុះ​ទៅ​ឯ​ក្រុង​កាសា ដល់​ហើយ​ក៏​យក​ច្រវាក់​លង្ហិន​មក​ដាក់​គាត់ រួច​គាត់​ត្រូវ​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក ប៉ុន្តែ ក្រោយ​ដែល​គេ​បាន​កោរ នោះ​សក់​ក៏​ចាប់​តាំង​លាស់​ឡើង​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 16