ចៅហ្វាយ 16:23-30

ចៅហ្វាយ 16:23-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ពួក​មេ​សាសន៍​ភីលី‌ស្ទីនបាន​ប្រមូល​គ្នា ដើម្បី​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន ជា​ព្រះ​របស់​គេ ហើយ​នាំ​គ្នា​អរ​សប្បាយ គេ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!» កាល​ប្រជាជន​នោះ​ឃើញ​គាត់ គេ​ក៏​សរសើរដល់​ព្រះ​របស់​គេ ដ្បិត​គេ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ពួក​យើង​អស់​ជា​ច្រើន​ផង»។ កាល​ចិត្ត​របស់​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ គេ​ក៏និយាយ​ថា៖ «ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល»។ គេ​ក៏​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក ហើយ​គាត់​ក៏​ឡក​ត្លុក​ឲ្យ​ពួក​គេ​មើល។ ពួក​គេ​ដាក់​គាត់​ឲ្យ​នៅចន្លោះ​សសរ។ សាំសុន​ពោលទៅ​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា៖ «សូម​ឲ្យ​ពាល់​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​លើ​សសរ​នោះ​ផង»។ ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​ក្នុង​វិហារ។ ពួក​មេ​សាសន៍​ភីលី‌ស្ទីន​ទាំង​អស់ក៏​នៅ​ទី​នោះ​ដែរ ហើយ​នៅ​លើ​ដំបូល មាន​មនុស្សទាំង​ប្រុស​ទាំង​ស្រី​ប្រមាណ​បី​ពាន់ ឈរ​មើល​ពី​លើ​ដំបូល ក្នុង​ពេល​សាំ​សុន​កំពុង​ឡក​ត្លុក។ ពេល​នោះ សាំសុន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ឱ​ព្រះ​អើយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ​តែ​ម្តង​នេះ​ចុះ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​សឹក​ពួក​ភីលី‌ស្ទីន ដោយ​ព្រោះ​ភ្នែក​ទាំង​ពីរ​របស់​ទូល​បង្គំ»។ សាំសុន​ក៏​ចាប់​សសរ​កណ្ដាល​ទាំង​ពីរ​ដែល​ទ្រ​វិហារ ហើយ​សង្កត់​ទម្ងន់​របស់​គាត់​ទៅ​លើ​សសរ​ទាំង​ពីរ ម្ខាង​ដៃ​ស្តាំ ហើយ​ម្ខាង​ទៀត​ដៃ​ឆ្វេង។ ពេល​នោះ សាំ​សុន​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលី‌ស្ទីន​ចុះ»។ គាត់​ប្រឹង​យោល​ខ្លួន​ពេញ​កម្លាំង ហើយ​វិហារ​នោះ​ក៏​រលំ​លើ​ពួក​មេ និង​លើ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​វិហារ​នោះ។ ដូច្នេះ ពួក​អ្នក​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​ពេល​ដែល​គាត់​ស្លាប់​នេះ មាន​ចំនួន​ច្រើន​ជាង​អស់​អ្នក​ដែល​គាត់​បាន​សម្លាប់ កាល​ពី​គាត់​នៅ​មាន​ជីវិត​ទៅ​ទៀត។

ចែក​រំលែក
អាន ចៅហ្វាយ 16

ចៅហ្វាយ 16:23-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។ ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជា‌ជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជា‌ជន​យើង​អស់​ជា​ច្រើន​ផង»។ ក្នុង​ពេល​ពួក​គេ​កំពុង​តែ​សប្បាយ​យ៉ាង​ខ្លាំង​នោះ គេ​ក៏​និយាយ​ថា៖ «ចូរ​ហៅ​សាំសុន​មក​ឲ្យ​វា​ឡក​កំប្លែង​ឲ្យ​យើង​មើល»។ ពួក​គេ​អូស​លោក​សាំសុន​ចេញ​ពី​គុក ដើម្បី​ឡក​ឲ្យ​ពួក​គេ​មើល។ ពួក​គេ​ដាក់​លោក​នៅ​ចន្លោះ​សសរ​វិហារ។ លោក​សាំសុន​ពោល​ទៅ​ក្មេង​ដែល​ដឹក​ដៃ​លោក​ថា៖ «សូម​នាំ​ខ្ញុំ​ទៅ​ជិត​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្អែក​ខ្លួន​នៅ​លើ​សសរ​នោះ​ផង»។ ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​វិហារ។ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ក៏​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ប្រមាណ​បី‌ពាន់​នាក់​ទៀត​ឈរ​នៅ​លើ​ខឿន ដើម្បី​មើល​លោក​សាំសុន​ឡក។ លោក​សាំសុន​អង្វរ​រក​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូលបង្គំ​ឡើយ! ព្រះ‌ជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ​ម្ដង​នេះ​ទៀត​ចុះ គឺ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក សូម​ឲ្យ​ទូលបង្គំ​អាច​សង‌សឹក​ពួក​ភីលីស្ទីន ចំពោះ​ភ្នែក​ទាំង​ពីរ​ដែល​គេ​បាន​ខ្វេះ​នោះ​ផង!»។ បន្ទាប់​មក លោក​សាំសុន​ស្ទាប​សសរ​កន្លោង​ទាំង​ពីរ​ដែល​ទ្រ​វិហារ លោក​សង្កត់​ដៃ​ស្ដាំ​របស់​លោក​ទៅ​លើ​សសរ​មួយ ហើយ​ដៃ​ឆ្វេង​ទៅ​លើ​សសរ​មួយ​ទៀត រួច​លោក​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលីស្ទីន​ចុះ!»។ លោក​បញ្ចេញ​កម្លាំង​ច្រាន​សសរ​អស់​ទំហឹង ហើយ​វិហារ​ក៏​រលំ​លើ​ពួក​ស្ដេច​ត្រាញ់ និង​ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ។ អស់​អ្នក​ដែល​ស្លាប់​ជា​មួយ​លោក​មាន​ចំនួន​ច្រើន​ជាង​អ្នក ដែល​លោក​បាន​សម្លាប់​កាល​ពី​នៅ​មាន​ជីវិត​ទៅ​ទៀត។

ចែក​រំលែក
អាន ចៅហ្វាយ 16

ចៅហ្វាយ 16:23-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន​ក៏​ប្រមូល​គ្នា​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន​ជា​ព្រះ​នៃ​គេ ហើយ​នាំ​គ្នា​សប្បាយ​ឡើង ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ កាល​ពួក​បណ្តាជន​បាន​ឃើញ​គាត់ នោះ​គេ​សរសើរដល់​ព្រះ​របស់​គេ​ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ព្រម​ទាំង​សំឡាប់​ពួក​យើង​ជា​ច្រើន​ផង​នោះ កាល​ចិត្ត​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ នោះ​គេ​ប្រាប់​ថា ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល​លេង គេ​ក៏​ទៅ​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក​មក ហើយ​គាត់​ក៏​ឡក​ត្លុក​នៅ​មុខ​គេ គេ​ដាក់​គាត់​នៅ​ជា​កណ្តាល​នៃ​សសរ​រោង នោះ​សាំសុន​សូម​ដល់​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា សូម​បើក​ឲ្យ​ខ្ញុំ​ពាល់​សសរ​ដែល​ទ្រ​រោង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​បន្តិច រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន​ពី​លើ​ដំបូល​កំពុង​ដែល​គាត់​ឡក​ត្លុក គ្រា​នោះ សាំសុន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ឲ្យ​ទូលបង្គំ​តែ​ម្តង​ណេះ​ចុះ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សង‌សឹក ដល់​ពួក​សាសន៍​ភីលីស្ទីន ដោយ​ព្រោះ​ភ្នែក​ទូលបង្គំ​ទាំង​២​តែ​ម្តង នោះ​សាំសុន​ក៏​ចាប់​សសរ​ទាំង​២ ដែល​ទ្រ​នៅ​ជា​កណ្តាល​រោង​នោះ ដោយ​ដៃ​ស្តាំ​ម្ខាង ហើយ​ដោយ​ដៃ​ឆ្វេង​ម្ខាង រួច​គាត់​ថា សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​ចុះ នោះ​គាត់​ប្រឹង​រួប​យោល​ខ្លួន​ពេញ​កំឡាំង ហើយ​រោង​នោះ​បាន​រលំ​មក​លើ​ពួក​មេ ព្រម​ទាំង​បណ្តាជន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​នោះ​ផង ដូច្នេះ​ពួក​មនុស្ស​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​កាល​ដែល​គាត់​ស្លាប់​ទៅ នោះ​មាន​ច្រើន​ជាង​ពួក​អ្នក ដែល​គាត់​បាន​សំឡាប់​ពី​កាល​នៅ​រស់​ទៅ​ទៀត

ចែក​រំលែក
អាន ចៅហ្វាយ 16