ចៅហ្វាយ 16:16-20
ចៅហ្វាយ 16:16-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលនាងចេះតែរំអុកគាត់ជាខ្លាំង ដោយពាក្យសម្ដីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ចិត្តរបស់គាត់ព្រួយសឹងតែនឹងស្លាប់។ គាត់ក៏បញ្ចេញប្រាប់អស់ពីក្នុងចិត្តដល់នាងថា៖ «មិនដែលមានកាំបិតកោរសក់ក្បាលបងឡើយ ដ្បិតបងជាពួកណាសារីត ដល់ព្រះ តាំងតែពីផ្ទៃម្តាយមកម៉្លេះ ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងថយចេញពីបងទៅ ហើយបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀត»។ កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា៖ «សូមឡើងមកម្តងទៀត ដ្បិតគាត់បានប្រាប់ខ្ញុំអស់ពីក្នុងចិត្តរបស់គាត់ហើយ»។ ពេលនោះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងមកជួបនាង ទាំងយកប្រាក់មកជាមួយ។ នាងបានធ្វើឲ្យគាត់ដេកលក់នៅលើភ្លៅ រួចនាងហៅបុរសម្នាក់ មកកោរសក់ទាំងប្រាំពីរកម្រងពីលើក្បាលរបស់គាត់ចេញ។ ពេលនោះ នាងចាប់ផ្ដើមធ្វើឲ្យគាត់ឈឺចាប់ ហើយកម្លាំងក៏ថយចេញពីគាត់ទៅ។ នាងពោលឡើងថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» គាត់ក៏ភ្ញាក់ពីដេក ហើយគិតថា៖ «អញនឹងចេញទៅទាំងរលាស់ខ្លួន ដូចសព្វមួយដង»។ ប៉ុន្តែ គាត់មិនដឹងថា ព្រះយេហូវ៉ាបានថយចេញពីគាត់ទេ។
ចៅហ្វាយ 16:16-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយនាងដេលីឡាចេះតែនិយាយរំអុកបែបនេះជារៀងរាល់ថ្ងៃ លោកសាំសុនក៏ធុញថប់ស្ទើរស្លាប់ ហើយរៀបរាប់អាថ៌កំបាំងរបស់លោកប្រាប់នាងថា៖ «សក់បងមិនត្រូវកាត់ ឬកោរឡើយ ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបង ទុកជាពួកណាសារីត* តាំងពីនៅក្នុងផ្ទៃម្ដាយម៉្លេះ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងបាត់បង់ ហើយខ្លួនបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតៗដែរ»។ នាងដេលីឡាដឹងថា លោកបានប្រាប់អាថ៌កំបាំងដល់នាងហើយ នាងឲ្យគេនាំពាក្យទៅប្រាប់ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនថា៖ «សូមអស់លោកអញ្ជើញមកចុះ ព្រោះលើកនេះ សាំសុនទម្លាយអាថ៌កំបាំងឲ្យខ្ញុំដឹងហើយ»។ ពួកស្ដេចត្រាញ់ក៏នាំគ្នាទៅផ្ទះនាង ដោយនាំយកប្រាក់ទៅជាមួយផង។ នាងដេលីឡាបានឲ្យលោកសាំសុនកើយភ្លៅនាង រហូតដល់លក់ រួចហៅមនុស្សម្នាក់មកកោរកម្រងសក់ទាំងប្រាំពីររបស់លោក លោកចាប់ផ្ដើមខ្សោយ។ កម្លាំងក៏ថយចេញពីខ្លួនលោកទៅ។ នាងដេលីឡាពោលទៅលោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា លោកនឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះលោកពុំបានដឹងថាព្រះអម្ចាស់ថយចេញពីលោកនោះទេ។
ចៅហ្វាយ 16:16-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមក ដោយនាងចេះតែរំអុកបង្ខំរាល់តែថ្ងៃ ដោយពាក្យសំដីនាង បានជាគាត់មានចិត្តព្រួយសឹងតែនឹងស្លាប់ ហើយក៏បញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់នាងថា មិនដែលមានកាំបិតកោរសក់ក្បាលអញឡើយ ដ្បិតអញជាពួកន៉ាសារីតដល់ព្រះ តាំងតែពីផ្ទៃម្តាយមក បើកោរសក់អញហើយ នោះកំឡាំងនឹងថយចេញពីអញទៅ ហើយអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀត។ កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា សូមឡើងមកតែម្តងនេះទៀតចុះ ដ្បិតវាបានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់ខ្ញុំហើយ ដូច្នេះពួកមេក៏ឡើងមកឯនាង ព្រមទាំងយកប្រាក់នោះមកផង ខណនោះ នាងបានផ្តេកគាត់ឲ្យលក់នៅលើភ្លៅ រួចនាងហៅម្នាក់មកឲ្យកោរកំរងទាំង៧ពីលើក្បាលគាត់ចេញ នោះនាងចាប់តាំងធ្វើទុក្ខដល់គាត់ ហើយកំឡាំងក៏ថយចេញពីគាត់ទៅ រួចនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង នឹកថា អញនឹងចេញទៅរលាស់ខ្លួនដូចជាសព្វ១ដង តែគាត់មិនដឹងជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ