ចៅហ្វាយ 15:1-20

ចៅហ្វាយ 15:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្តិច​ក្រោយ​មក នៅ​ពេល​ចម្រូត​ស្រូវ​សាលី សាំសុន​ក៏​យក​កូន​ពពែ​មួយ​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​គាត់ ដោយ​គិត​ថា៖ «អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់»។ ប៉ុន្ដែ ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ។ ឪពុក​នាង​ពោល​ថា៖ «ពុក​គិត​ថា ឯង​លែង​រវី​រវល់​នឹង​នាង​ទៅ​ហើយ បាន​ជា​ពុក​ឲ្យ​វា​ទៅ​បុរស​ម្នាក់​ដែល​កំដរ​ឯង​នោះ​វិញ។ តើ​ប្អូន​របស់​វា​មិន​ស្រស់​ស្អាត​ជាង​វា​ទេ​ឬ? សូម​ឯង​យក​ប្អូន​ជំនួស​វា​ចុះ»។ សាំសុន​និយាយ​ទៅ​គេ​ថា៖ «ម្តង​នេះ បើ​ខ្ញុំ​ធ្វើ​បាប​ពួក​ភីលី‌ស្ទីន នោះ​ខ្ញុំ​គ្មាន​ទោស​ឡើយ»។ ដូច្នេះ សាំ​សុន​ចេញ​ទៅ​ចាប់​ចចក​បីរយ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ រួច​ដាក់​ចន្លុះ​មួយៗ​នៅ​កណ្ដាល​កន្ទុយ​ទាំង​ពីរ​នោះ។ ពេល​គាត់​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ គាត់​ក៏​លែង​ចចក​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលី‌ស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្ដាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចម្ការ​ដើម​អូលីវ​ទៀត​ផង។ ដូច្នេះ ពួក​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «គឺ​សាំសុន កូន​ប្រសា​អ្នក​ក្រុង​ធីម‌ណា ព្រោះ​គេ​បាន​លើក​ប្រពន្ធ​របស់​គាត់​ទៅ​ឲ្យ​អ្នក​កំដរ​របស់​គាត់»។ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​ដុត​នាង និង​ឪពុក​នាងនឹង​ភ្លើង។ សាំសុន​ពោល​ទៅ​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ខ្ញុំ​នឹង​សង​សឹក​អ្នក​រាល់​គ្នា​វិញ នោះ​ទើបខ្ញុំ​អស់​ចិត្ត»។ គាត់​ក៏​វាយ​សម្លាប់​គេ​ដោយ​កម្លាំង​កាយ ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស​ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្ម‌ដា ឈ្មោះ​អេតាម។ ពេល​នោះ ពួក​ភីលី‌ស្ទីន​គេ​ឡើង​ទៅ​បោះ‌ទ័ព​ក្នុង​ស្រុក​យូដា ឡោម​ព័ទ្ធ​ក្រុង​លេហ៊ី។ ពួក​យូដា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ទាស់​នឹង​យើង​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «យើង​មក ដើម្បី​ចាប់​ចង​សាំសុន ដើម្បី​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។ ដូច្នេះ ពួក​យូដា​បី​ពាន់​នាក់ក៏​ចុះ​ទៅ​ក្រហែង​ថ្ម​អេតាម ហើយ​និយាយ​ទៅ​សាំសុន​ថា៖ «តើ​ឯង​មិន​ដឹង​ថា ពួក​ភីលី‌ស្ទីន​ត្រួត​ត្រា​លើ​យើង​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ឯង​បាន​ធ្វើ​បាប​យើង​ដូច្នេះ?» គាត់​ឆ្លើយ​តប​ថា៖ «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​ក៏​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នោះ​ដែរ»។ គេ​ប្រាប់​គាត់​ថា៖ «យើង​ចុះ​មក​នេះ​ដើម្បី​ចង​ឯង ហើយ​ប្រគល់​ឯង​ទៅក្នុង​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ សាំសុន​ពោល​ទៅ​គេ​ថា៖ «ចូរ​ស្បថ​នឹង​ខ្ញុំមក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយខ្លួន​ឯង​ទេ»។ គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «ទេ! យើង​គ្រាន់​តែ​ចង​ឯង ហើយ​ប្រគល់​ឯង​ទៅ​ក្នុង​ដៃ​របស់​គេ​ប៉ុណ្ណោះ យើង​ប្រាកដ​ជា​មិន​សម្លាប់​ឯង​ទេ»។ ដូច្នេះ គេ​ក៏​យក​ខ្សែ​ថ្មី​ពីរ​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្ម‌ដា​នោះ​ទៅ។ កាល​គាត់​មក​ដល់​ក្រុង​លេហ៊ី ពួក​ភីលី‌ស្ទីន​ក៏​ចូល​មក​រក​គាត់ ទាំង​នាំ​គ្នា​ស្រែក​ហ៊ោរ។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏យាង​មក​សណ្ឋិត​លើ​គាត់​យ៉ាង​ខ្លាំង ហើយ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់ ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង រួច​របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់។ ពេល​នោះ គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​មួយ​របស់​សត្វ​លា គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក ហើយ​វាយ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់។ សាំសុន​ពោល​ឡើង​ថា៖ «ដោយ‌សារ​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​ប្រមូល​ខ្មោច​គេ​ដាក់​គរ​លើ​គ្នា ដោយ​សារ​ថ្គាម​របស់​សត្វ​លា ខ្ញុំ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។ កាល​ពោល​ពាក្យ​នោះ​ចប់​ភ្លាម គាត់​ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ចេញ​ពី​ដៃ ហើយ​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត-លេហ៊ី» ។ ពេល​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គាត់​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ​នេះ ដោយ​សារ​ដៃ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​ឬ?» ព្រះ​ក៏​ធ្វើ​ឲ្យ​មាន​ដី​ខូង​នៅ​លេហ៊ី​នោះ ហើយ​មាន​ទឹក​ហូរ​ចេញ​មក។ កាល​គាត់​ផឹក​ទឹក​ហើយ គាត់​ក៏​មាន​វិញ្ញាណ​ឡើង​វិញ ហើយ​ក៏​មាន​កម្លាំង​ឡើង​ដែរ។ ហេតុ​នេះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា អេន-ហាកូរេ ហើយ​ប្រភព​ទឹក​នៅ​លេហ៊ី ស្ថិត​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។ សាំសុន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​គ្រា​ពួក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

ចែក​រំលែក
អាន ចៅហ្វាយ 15

ចៅហ្វាយ 15:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំសុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​លោក ដោយ​យក​ទាំង​កូន​ពពែ​មួយ​ទៅ​ឲ្យ​នាង​ផង។ លោក​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​លោក ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទេ។ គាត់​និយាយ​មក​កាន់​លោក​ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​ឲ្យ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។ លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។ លោក​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី​រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។ លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ឲ្យ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន‌ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចម្ការ​អូលីវ​ទៀត​ផង។ ជន‌ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។ ពេល​នោះ លោក​សាំសុន​ពោល​ទៅ​ពួក​គេ​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទេ គឺ​ខ្ញុំ​នឹង​សង‌សឹក​អ្នក​រាល់​គ្នា​ជានិច្ច»។ លោក​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ដំណំ។ បន្ទាប់​មក លោក​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។ ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​លេហ៊ី។ អ្នក​ស្រុក​យូដា​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មក​ប្រយុទ្ធ​នឹង​យើង​ដូច្នេះ?»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​មក​នេះ ដើម្បី​ចាប់​សាំសុន ហើយ​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។ ដូច្នេះ ជន‌ជាតិ​យូដា​បី​ពាន់​នាក់​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រូង​ភ្នំ​អេតាំ ហើយ​និយាយ​នឹង​លោក​សាំសុន​ថា៖ «អ្នក​មិន​ដឹង​ទេ​ឬ​ថា ជន‌ជាតិ​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បាប​យើង​ដូច្នេះ?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តែ​ប៉ុណ្ណោះ»។ ជន‌ជាតិ​យូដា​ពោល​ទៀត​ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន»។ លោក​សាំសុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។ គេ​ឆ្លើយ​ទៅ​លោក​វិញ​ថា៖ «ទេ! យើង​គ្មាន​បំណង​នឹង​សម្លាប់​អ្នក​ទេ យើង​គ្រាន់​តែ​សុំ​ចង​អ្នក យក​ទៅ​ប្រគល់​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន​ប៉ុណ្ណោះ»។ ពួក​គេ​ក៏​យក​ខ្សែ‌ពួរ​ថ្មី​ពីរ មក​ចង​លោក ហើយ​នាំ​ចេញ​ពី​រូង​ភ្នំ​ទៅ។ ពេល​លោក​មក​ដល់​ក្រុង​លេហ៊ី ជន‌ជាតិ​ភីលីស្ទីន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែ‌ពួរ​ដែល​ចង​ដៃ​លោក​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។ លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់ រួច​លោក​ស្រែក​ថា៖ «ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​ប្រមូល​ខ្មោច​ដាក់​គរ​លើ​គ្នា ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។ ពេល​មាន​ប្រសាសន៍​ចប់ លោក​ក៏​គ្រវែង​ឆ្អឹង​នោះ​ចោល​ទៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត់-‌លេហ៊ី»។ រំពេច​នោះ លោក​សាំសុន​ស្រេក​ទឹក​យ៉ាង​ខ្លាំង លោក​បាន​អង្វរ​រក​ព្រះ‌អម្ចាស់ ដោយ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ព្រះអង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជម្នះ​ដ៏​ធំ​នេះ។ តើ​ពេល​នេះ ព្រះអង្គ​បណ្តោយ​ឲ្យ​ទូលបង្គំ​ដាច់​ខ្យល់​ស្លាប់ ព្រោះ​តែ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ឬ?»។ ព្រះ‌ជាម្ចាស់​បាន​បំបែក​ថ្ម​នៅ​លេហ៊ី​នោះ ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក។ លោក​សាំសុន​ពិសា​ទឹក​នោះ ហើយ​ក៏​មាន​ទឹក​ចិត្ត និង​មាន​កម្លាំង​ឡើង​វិញ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ប្រភព​ទឹក​នោះ​ថា «អេន-‌ហាកូរេ» ហើយ​ប្រភព​ទឹក​នោះ​ស្ថិត​នៅ​លេហ៊ី​រហូត​ដល់​សព្វ​ថ្ងៃ។ នៅ​ជំនាន់​ដែល​ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល លោក​សាំសុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

ចែក​រំលែក
អាន ចៅហ្វាយ 15

ចៅហ្វាយ 15:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​បន្តិច​មក នៅ​វេលា​ចំរូត​ស្រូវ‌សាលី នោះ​សាំសុន​ក៏​យក​កូន​ពពែ​១​ទៅ​សួរ​ប្រពន្ធ​គាត់ ដោយ​គិត​ថា អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់ តែ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ ដោយ​ពាក្យ​ថា អញ​បាន​គិត​ថា​ឯង​ស្អប់​វា​ហើយ បាន​ជា​អញ​ឲ្យ​វា​ទៅ​អ្នក​ដែល​កំដរ​ឯង​ម្នាក់​វិញ ឥឡូវ​ប្អូន​វា​ក៏​មាន​រូប​ស្រស់​ល្អ​ជាង​វា​ដែរ ដូច្នេះ សូម​ឲ្យ​យក​ប្អូន​ជំនួស​វា​ចុះ នោះ​សាំសុន​និយាយ​ទៅ​គេ​ថា ម្តង​ណេះ បើ​អញ​ធ្វើ​បាប​ដល់​ពួក​ភីលីស្ទីន នោះ​អញ​គ្មាន​ទោស​ទេ រួច​គាត់​ចេញ​ទៅ​ចាប់​ចចក​៣០០ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ ដាក់​ចន្លុះ​មួយៗ​នៅ​ជា​កណ្តាល​កន្ទុយ​ទាំង​២​នោះ លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចំការ​ដើម​អូលីវ​ផង ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សំរេច គាត់​ក៏​វាយ​សំឡាប់​គេ​ដោយ​កំឡាំង​កាយ​ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស‌ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្មដា ឈ្មោះ​អេតាម​ទៅ។ នោះ​ពួក​ភីលីស្ទីន​គេ​ឡើង​ទៅ បោះ​ទ័ព​ក្នុង​ស្រុក​យូដា រាយ​រហូត​ដល់​តំបន់​លេហ៊ី រួច​ពួក​យូដា​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ទាស់​នឹង​យើង​ដូច្នេះ គេ​ឆ្លើយ​ថា យើង​មក​ប្រយោជន៍​តែ​នឹង​ចាប់​ចង​សាំសុន​ប៉ុណ្ណោះ​ទេ ដើម្បី​នឹង​សង​ដល់​វា ដូច​ជា​វា​បាន​ធ្វើ​យើង​ហើយ ដូច្នេះ​មាន​ពួក​យូដា​៣​ពាន់​នាក់ ចុះ​ទៅ​ដល់​ក្រហែង​ថ្ម​អេតាម​នោះ និយាយ​នឹង​សាំសុន​ថា តើ​ឯង​មិន​ដឹង​ថា​ពួក​ភីលីស្ទីន​ជា​ម្ចាស់​លើ​យើង​រាល់​គ្នា​ទេ​ឬ​អី ឯង​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ គាត់​ឆ្លើយ​តប​ថា ខ្ញុំ​គ្រាន់​តែ​បាន​ធ្វើ​ដល់​គេ ដូច​ជា​គេ​បាន​ធ្វើ​ខ្ញុំ​ហើយ​ទេ នោះ​គេ​ប្រាប់​គាត់​ថា យើង​ចុះ​មក​នេះ ដើម្បី​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​ពួក​ភីលីស្ទីន សាំសុន​ឆ្លើយ​ថា ដូច្នេះ​ចូរ​ស្បថ​នឹង​ខ្ញុំ​ថា ខ្លួន​អ្នក​រាល់​គ្នា​មិន​សំឡាប់​ខ្ញុំ​ទេ គេ​ក៏​ទទួល​ព្រម​ថា អើ យើង​គ្រាន់​តែ​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​គេ​ប៉ុណ្ណោះ ឯ​ខ្លួន​យើង​មិន​សំឡាប់​ឯង​ជា​ប្រាកដ គេ​ក៏​យក​ខ្សែ​ថ្មី​២​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្មដា​នោះ​ទៅ។ គ្រា​ដល់​លេហ៊ី​ហើយ កាល​ពួក​ភីលីស្ទីន​បាន​ឃើញ​គាត់ នោះ​ក៏​នាំ​គ្នា​ស្រែក​ឡើង រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់​ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង​វិញ របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់ លុះ​គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​១​របស់​សត្វ​លា នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក វាយ​សំឡាប់​មនុស្ស​១​ពាន់​នាក់ រួច​សាំសុន​ថ្លែង​វាចា​ថា ដោយ‌សារ​ថ្គាម​លា អញ​វាយ​សំឡាប់​មនុស្ស​បាន​អស់​១​ពាន់​នាក់ ដោយ‌សារ​ថ្គាម​នោះ​មាន​គំនរ​មនុស្ស​គរ​លើ​គ្នា កាល​គាត់​បាន​ថ្លែង​រួច​ហើយ ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ពី​ដៃ​ចេញ​ទៅ គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា រ៉ាម៉ាត-លេហ៊ី ខណៈ​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​ដៃ​អ្នក​បំរើ​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ​នេះ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​វិញ​ឬ​អី នោះ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​មាន​ទី​ខូង​ដែល​នៅ​ត្រង់​លេហ៊ី រួច​មាន​ទឹក​ចេញ​មក កាល​គាត់​ផឹក​ទឹក​ហើយ នោះ​ក៏​មាន​វិញ្ញាណ​ឡើង​វិញ ព្រម​ទាំង​មាន​កំឡាំង​ឡើង​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា អេន-ហាកូរេ ក្បាល​ទឹក​នោះ​មាន​នៅ​ត្រង់​លេហ៊ី ដរាប​ដល់​សព្វ​ថ្ងៃ​នេះ សាំសុន​បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល នៅ​គ្រា​ពួក​ភីលីស្ទីន​អស់​២០​ឆ្នាំ។

ចែក​រំលែក
អាន ចៅហ្វាយ 15