ចៅហ្វាយ 14:1-20

ចៅហ្វាយ 14:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សាំសុន​ចុះ​ទៅ​ក្រុង​ធីម‌ណា ហើយ​នៅ​ក្រុង​ធីមណា គាត់​ឃើញ​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ស្រី​ក្រមុំ​សាសន៍​ភីលី‌ស្ទីន រួច​គាត់​ត្រឡប់​មក​ប្រាប់​ឪពុក​ម្តាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​ធីម‌ណា ក្នុង​ចំណោម​ស្រីក្រមុំ​សាសន៍​ភីលី‌ស្ទីន ដូច្នេះ សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ឥឡូវ»។ ប៉ុន្ដែ ឪពុក​ម្តាយ​តប​ទៅ​គាត់​ថា៖ «ក្នុង​ចំណោម​ស្រី​ក្រមុំ​ជា​សាច់‌ញាតិ​របស់​កូន ឬ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ទាំង​ប៉ុន្មាន តើ​គ្មាន​ស្រី​ក្រមុំ​ណា​ម្នាក់​ទេ​ឬ បាន​ជា​កូន​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលី‌ស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​ទៅ​វិញ?» សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា៖ «សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ដ្បិត​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។ ឪពុក​ម្តាយ​របស់​គាត់​មិន​បាន​ដឹង​ថា ការ​នោះ​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ព្រះ‌អង្គ​រក​ឱកាស​ទាស់​នឹង​ពួក​ភីលី‌ស្ទីន។ នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។ ពេល​នោះ សាំសុន​ក៏​ចុះ​ទៅ​ក្រុង​ធីម‌ណា​ជា​មួយ​ឪពុក​ម្តាយ។ លុះ​បាន​មក​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​នៅ​ធីម‌ណា នោះ​មើល៍ មាន​សិង្ហ​ស្ទាវ​មួយ​ចេញ​មក​គ្រហឹម​ដាក់​គាត់។ រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​ទោះ​ជា​គាត់​គ្មាន​អ្វី​កាន់​នឹង​ដៃ​ក៏​ដោយ តែ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​គេ​ហែក​កូន​ពពែ។ ប៉ុន្ដែ គាត់​មិន​បាន​ប្រាប់​ហេតុការណ៍​នោះ​ដល់​ឪពុក​ម្តាយ​ទេ។ បន្ទាប់​មក សាំសុន​ក៏​ចុះ​ទៅ​និយាយ​នឹង​ស្ត្រី​នោះ ហើយ​នាង​ក៏​ពេញ​ចិត្ត​ដល់​គាត់​ណាស់។ ក្រោយ​បន្តិច​មក គាត់​ក៏​ត្រឡប់​មក ដើម្បី​យក​នាង​ធ្វើ​ជា​ប្រពន្ធ គាត់​ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ហើយ​ឃើញ​មាន​សម្បុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ។ គាត់​ក៏​ច្បាម​យក​សម្បុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិ‌ភោគ​តាម​ផ្លូវ​បណ្តើរ។ ពេល​គាត់​មក​ជួប​ឪពុក​ម្តាយ គាត់​ក៏​ជូនឃ្មុំ​នោះដល់​ពួក​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ថា​គាត់​បាន​យក​សម្បុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។ ឪពុក​របស់​សាំ​សុន​បាន​ចុះ​ទៅ​ផ្ទះ​ស្ត្រី​នោះ ឯ​សាំសុន​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​នៅ​ទី​នោះ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។ ពេល​ប្រជាជន​ភីលីស្ទីន​ឃើញ​គាត់ គេ​ក៏​តម្រូវ​យុវជន​សាម​សិប​នាក់​ឲ្យ​មក​កំដរ​គាត់។ សាំសុន​និយាយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ដល់​អ្នក​រាល់​គ្នា ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ខ្ញុំ​បាន ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ គឺ​រក​ប្រស្នា​នោះ​ឃើញ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​វែង​សាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​អ្នក​រាល់​គ្នា តែ​បើ​អ្នក​រាល់​គ្នា​ដោះ​ប្រស្នា​នេះ​មិន​រួច នោះ​អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​អាវ​វែងសាម​សិប និង​សម្លៀក​បំពាក់​សាម​សិប​បន្លាស់​ដល់​ខ្ញុំ​វិញ»។ គេ​និយាយ​ទៅគាត់​ថា៖ «សូម​ប្រាប់​ប្រស្នា​របស់​អ្នក​មក ដើម្បី​ឲ្យ​ពួក​យើង​បាន​ឮ»។ គាត់​ក៏​ពោល​ទៅ​គេ​ថា «ចេញ​ពី​អា​ហែក​ស៊ី មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម ចេញ​ពី​អា​ខ្លាំង​ពូកែ»។ គេ​ខំ​ដោះ​ប្រស្នា​នោះ​អស់​រយៈ​បី​ថ្ងៃ តែ​មិន​អាច​ដោះ​បាន​ឡើយ។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ គេ​ទៅ​គំរាម​ប្រពន្ធ​សាំសុន​ថា៖ «ចូរ​ទៅ​លួង​លោម​ប្តី​របស់​នាង ឲ្យ​ស្រាយ​ប្រស្នា​ប្រាប់​យើង​ទៅ ប្រយ័ត្ន​ក្រែង​យើង​ដុត​នាង និង​ក្រុម​គ្រួសាររបស់​ឪពុក​នាង​នឹង​ភ្លើង។ តើ​បាន​ហៅ​យើង​មក​នេះ ដើម្បី​ប្លន់​យើង​ឬ?» ដូច្នេះ ប្រពន្ធ​សាំសុន​ក៏​យំ​នៅ​មុខ​ប្តី ហើយ​ពោល​ថា៖ «បង​ស្អប់​ខ្ញុំ​ហើយ បង​មិន​ស្រឡាញ់​ខ្ញុំ​ទេ បង​បាន​ចោទ​ប្រស្នា​ដល់​ប្រជាជន​ខ្ញុំ តែ​បង​មិន​បាន​ប្រាប់​ប្រស្នា​នោះ​ឲ្យ​ខ្ញុំ​ដឹង​សោះ»។ គាត់​តប​ទៅ​នាង​ថា៖ «មើល៍ សូម្បី​តែ​ឪពុក​ម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រាប់​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?» នាង​យំ​នៅ​មុខ​គាត់ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នោះ លុះ​នៅ​ថ្ងៃ​ប្រាំពីរ ដោយ​ព្រោះ​នាង​រំអុក​គាត់​ខ្លាំង​ពេក គាត់​ក៏​ប្រាប់​នាង រួច​នាង​ក៏​ប្រាប់​ប្រស្នា​នោះ​ដល់​ប្រជាជន​របស់​នាង។ នៅ​ថ្ងៃ​ទី​ប្រាំពីរ មុន​ថ្ងៃ​លិច អ្នក​ក្រុង​ក៏​ឆ្លើយ​តប​មក​គាត់​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ គាត់​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​របស់​ខ្ញុំ​ទេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​រក​ប្រស្នា​របស់​ខ្ញុំ​មិន​ឃើញ​ឡើយ»។ ពេល​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ាក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម​សិប​នាក់ យក​សម្លៀក​បំពាក់​របស់​គេ រួច​ចែក​សម្លៀក​បំពាក់ទាំង​នោះ​ដល់​អស់​អ្នក​ដែល​បាន​ស្រាយ​ប្រស្នា។ សាំសុន​ខឹង​យ៉ាង​ខ្លាំង ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់​វិញ។ គេ​ក៏​លើក​ប្រពន្ធ​របស់​គាត់ ទៅ​ឲ្យ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​គាត់។

ចែក​រំលែក
អាន ចៅហ្វាយ 14

ចៅហ្វាយ 14:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​ជម្រាប​ឪពុក‌ម្ដាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់ នៅ​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្ដី​ដណ្ដឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀបការ​ជា​មួយ​នាង»។ ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន‌ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀបការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​ឲ្យ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។ ឪពុក‌ម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល។ លោក​សាំសុន​ក៏​ធ្វើ​ដំណើរ​ទៅ​ធីមណា​ជា​មួយ​ឪពុក‌ម្ដាយ​លោក។ លុះ​ទៅ​ដល់​ត្រង់​ចម្ការ​ទំពាំង‌បាយជូរ​ក្បែរ​ធីមណា ស្រាប់​តែ​មាន​សត្វ​សិង្ហ​ស្ទាវ​មួយ​ហក់​មក​លើ​លោក​សាំសុន ទាំង​គ្រហឹម។ រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​មក​សណ្ឋិត​លើ​លោក លោក​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ប្រាប់​ឪពុក‌ម្ដាយ​ទេ។ លោក​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ធីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលីស្ទីន​នោះ លោក​ពេញ​ចិត្ត​នឹង​នាង​ណាស់។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀបការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។ លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ហើយ​ពេល​ជួប​ឪពុក‌ម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជម្រាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។ ឪពុក​របស់​លោក​សាំសុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ តាម​ទំនៀម‌ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។ ពេល​ជន‌ជាតិ​ភីលីស្ទីន​ឃើញ​លោក គេ​ក៏​ជ្រើស​រើស​យុវជន​សាម‌សិប​នាក់ ឲ្យ​មក​កំដរ​លោក។ លោក​សាំសុន​ពោល​ទៅ​កាន់​ពួក​អ្នក​កំដរ​ថា៖ «ខ្ញុំ​មាន​ប្រស្នា​មួយ​សម្រាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​ណា​ដោះ​ស្រាយ​រួច ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នៃ​ពិធី​អាពាហ៍‌ពិពាហ៍​នេះ ខ្ញុំ​នឹង​ជូន​អាវ​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​សាម‌សិប​បន្លាស់​ថែម​ទៀត។ ប្រសិន​បើ​ដោះ​ស្រាយ​មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាម‌សិប និង​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​ចំនួន​សាម‌សិប​បន្លាស់​មក​ឲ្យ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្ដាប់»។ លោក​សាំសុន​ក៏​ឆ្លើយ​ថា៖ «មាន​ចំណី​ចេញ​ពី​អ្នក​ឆី ហើយ​មាន​អា​ផ្អែម​ចេញ​ពី​អា​ខ្លាំង​តើ​ជា​អ្វី?»។ បី​ថ្ងៃ​ក្រោយ​មក យុវជន​ទាំង​នោះ​នៅ​តែ​ដោះ​ប្រស្នា​ពុំ​រួច​ដដែល។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ ពួក​គេ​នាំ​គ្នា​ទៅ​គំរាម​ប្រពន្ធ​លោក​សាំសុន​ថា៖ «ចូរ​ទៅ​លួង‌លោម​ប្ដី​របស់​នាង​ឲ្យ​បក​ស្រាយ​ប្រស្នា រួច​មក​ប្រាប់​យើង​ឲ្យ​ដឹង​ផង បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ដុត​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​នាង​ឲ្យ​ស្លាប់​ទាំង​អស់​គ្នា។ ពួក​នាង​អញ្ជើញ​យើង​មក ដើម្បី​ប្លន់​យើង​ឬ?»។ ប្រពន្ធ​លោក​សាំសុន​ទៅ​និយាយ​ជា​មួយ​ប្ដី ទាំង​យំ​ថា៖ «បង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ គឺ​បង​ស្អប់​ខ្ញុំ! បង​បាន​ចោទ​ប្រស្នា​ដល់​ជន‌ជាតិ​ខ្ញុំ ដោយ​មិន​បក​ស្រាយ​ន័យ​ឲ្យ​ខ្ញុំ​ដឹង​សោះ!»។ លោក​សាំសុន​តប​វិញ​ថា៖ «សូម្បី​តែ​ឪពុក‌ម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រស្នា​នេះ​ឲ្យ​ដឹង​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?»។ ប្រពន្ធ​លោក​យំ​រំអុក​លោក ក្នុង​រវាង​ប្រាំ‌ពីរ​ថ្ងៃ​នៃ​ពិធី​ជប់‌លៀង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ដោយ​នាង​ចេះ​តែ​រំអុក​ខ្លាំង​ពេក លោក​សាំសុន​ក៏​បក​ស្រាយ​ប្រស្នា​ប្រាប់​ប្រពន្ធ។ នាង​ប្រញាប់‌ប្រញាល់​នាំ​ចម្លើយ​ទៅ​ប្រាប់​ជន‌ជាតិ​របស់​នាង។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំសុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ លោក​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។ ដូច្នេះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ខ្លាំង‌ក្លា។ លោក​ចុះ​ទៅ​ក្រុង​អាស‌កា‌ឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម‌សិប​នាក់ ហើយ​យក​សម្លៀក‌បំពាក់​របស់​គេ​មក​ប្រគល់​ឲ្យ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។ គេ​ក៏​លើក​ប្រពន្ធ​របស់​លោក​ទៅ​ឲ្យ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​លោក។

ចែក​រំលែក
អាន ចៅហ្វាយ 14

ចៅហ្វាយ 14:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សាំសុន​គាត់​ចុះ​ទៅ​ឯ​ក្រុង​ធីមណា ហើយ​នៅ​ទី​នោះ គាត់​ឃើញ​ស្ត្រី​ម្នាក់​ក្នុង​ពួក​ស្រី​ក្រមុំ​របស់​សាសន៍​ភីលីស្ទីន រួច​ត្រឡប់​មក​ប្រាប់​ដល់​ឪពុក​ម្តាយ​ថា ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​ធីមណា ក្នុង​ពួក​ស្រី​ក្រមុំ​របស់​ពួក​សាសន៍​ភីលីស្ទីន ដូច្នេះ​សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ឥឡូវ តែ​ឪពុក​ម្តាយ​ប្រកែក​ថា ក្នុង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន​ជា​វង្ស​ញាតិ​ឯង ក្នុង​សាសន៍​អញ​នេះ តើ​គ្មាន​អ្នក​ណា​មួយ​ទេ​ឬ​អី បាន​ជា​ឯង​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលីស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​វិញ សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ពី​ព្រោះ​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ឪពុក​ម្តាយ​គាត់​មិន​បាន​ដឹង ជា​ការ​នោះ​កើត​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ទ្រង់​រក​ឱកាស​ទាស់​នឹង​ពួក​ភីលីស្ទីន រីឯ​នៅ​ជាន់​នោះ ពួក​សាសន៍​ភីលីស្ទីន​គេ​កាន់‌កាប់​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រាអែល។ លំដាប់​នោះ សាំសុន​ក៏​ចុះ​ទៅ​ឯ​ធីមណា​ជា​មួយ​នឹង​ឪពុក​ម្តាយ លុះ​បាន​ដល់​មក​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ធីមណា នោះ​ឃើញ​មាន​សិង្ហ​ស្ទាវ​១ ចេញ​មក​គ្រហឹម​ដាក់​គាត់ ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចាប់​ហែក​សិង្ហ​នោះ ដូច​ជា​គេ​ហែក​កូន​ពពែ តែ​គាត់​គ្មាន​អ្វី​នៅ​ដៃ​សោះ រឿង​នោះ​គាត់​មិន​បាន​ប្រាប់​ដល់​ឪពុក​ម្តាយ​ទេ រួច​សាំសុន​ចុះ​ទៅ​និយាយ​នឹង​នាង​នោះ ហើយ​នាង​ក៏​ពេញ​ចិត្ត​ដល់​គាត់​ណាស់ ក្រោយ​បន្តិច​គាត់​ក៏​ត្រឡប់​មក ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ ក៏​បែរ​ទៅ​មើល​ខ្មោច​សិង្ហ​នោះ ឃើញ​ថា​មាន​សំបុក​ឃ្មុំ ពេញ​ដោយ​ទឹក នៅ​ក្នុង​ខ្មោច​សិង្ហ​នោះ គាត់​ក៏​ច្បាម‌យក​សំបុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិភោគ​តាម​ផ្លូវ​បណ្តើរ ដរាប​ដល់​មក​ជួប​នឹង​ឪពុក​ម្តាយ រួច​ក៏​ជូន​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ពី​ការ​ដែល​យក​សំបុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។ ឪពុក​គាត់​ក៏​ចុះ​ទៅ​ឯ​ផ្ទះ​នៃ​ស្ត្រី​នោះ ដល់​ហើយ​សាំសុន​ក៏​ចាត់‌ចែង​រៀប​ជប់‌លៀង តាម​ទំនៀម‌ទំលាប់​នៃ​ពួក​កំឡោះ លុះ​គេ​ទទួល​គាត់​ស្រេច​ហើយ នោះ​ក៏​ដំរូវ​មនុស្ស​៣០​នាក់​ឲ្យ​មក​កំដរ​គាត់ ឯ​សាំសុន​គាត់​និយាយ​ទៅ​គេ​ថា សូម​ឲ្យ​ខ្ញុំ​ចោទ​ជា​ប្រស្នា​ដល់​អ្នក​រាល់​គ្នា​បន្តិច បើ​សិន​ជា​អ្នក​រាល់​គ្នា​រក​ពាក្យ​ឆ្លើយ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ​បាន ក្នុង​រវាង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នេះ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​ទ្រនាប់ នឹង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់ៗ តែ​បើ​អ្នក​រាល់​គ្នា​ដោះ​ស្រាយ​ប្រស្នា​នេះ​មិន​បាន នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​អាវ​ទ្រនាប់ នឹង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់​ដល់​ខ្ញុំ​វិញ គេ​ឆ្លើយ​ឡើង​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ចោទ​ប្រស្នា​នោះ​ដល់​យើង​រាល់​គ្នា​ចុះ គាត់​ក៏​ចោទ​ថា «ពី​អា​ហែក​ស៊ី​មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម​ចេញ​ពី​អា​ខ្លាំង​ពូកែ» គេ​ខំ​រក​ន័យ​របស់​ប្រស្នា​នោះ អស់​៣​ថ្ងៃ​មិន​ឃើញ​សោះ។ ដល់​ថ្ងៃ​ទី​៧​គេ​ទៅ​កំហែង​ប្រពន្ធ​សាំសុន​ថា ចូរ​នាង​លួង‌លោម​ប្ដី ឲ្យ​ស្រាយ​ប្រស្នា​ដល់​យើង​ទៅ ប្រយ័ត​ក្រែង​យើង​ដុត​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​នឹង​ភ្លើង តើ​បាន​ហៅ​យើង​មក ដើម្បី​នឹង​ប្លន់​យើង​ឬ​អី ដូច្នេះ​ប្រពន្ធ​សាំសុន​ក៏​យំ​នៅ​មុខ​ប្ដី​ថា បង​ស្អប់​ដល់​ខ្ញុំ​ហើយ មិន​ស្រឡាញ់​ខ្ញុំ​ទេ បង​បាន​ចោទ​ប្រស្នា ដល់​ពួក​កូន​ចៅ​សាសន៍​ខ្ញុំ តែ​មិន​បាន​ស្រាយ​ប្រាប់​ខ្ញុំ​សោះ គាត់​ឆ្លើយ​ទៅ​នាង​ថា អញ​មិន​បាន​ស្រាយ​ប្រាប់​ដល់​ទាំង​ឪពុក​ម្តាយ​អញ​ផង ដូច្នេះ​តើ​ត្រូវ​ស្រាយ​ប្រាប់​ដល់​ឯង​ឬ​អី នាង​ក៏​យំ​នៅ​មុខ​គាត់ ទាំង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នោះ លុះ​គ្រប់​៧​ថ្ងៃ​ហើយ នោះ​គាត់​ក៏​ស្រាយ​ប្រាប់​ដល់​នាង ពី​ព្រោះ​នាង​បាន​រំអុក​គាត់​ណាស់ រួច​នាង​ក៏​ទៅ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន ក្នុង​ថ្ងៃ​ទី​៧​មុន​ដែល​ថ្ងៃ​លិច នោះ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង ក៏​ឆ្លើយ​តប​មក​គាត់​ថា តើ​មាន​អ្វី​ដែល​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​តើ​មាន​អ្វី​ដែល​ខ្លាំង​ជាង​សត្វ​សិង្ហ នោះ​គាត់​ឆ្លើយ​ទៅ​វិញ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដោយ‌សារ​គោ​ញី​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​រក​ន័យ​របស់​ប្រស្នា​ខ្ញុំ​មិន​ឃើញ​ទេ រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​គាត់​ចុះ​ទៅ​ឯ​អាស‌កា‌ឡូន​សំឡាប់​មនុស្ស​៣០​នាក់ យក​អាវ​ខោ​របស់​គេ រួច​ចែក​សំលៀក‌បំពាក់​នោះ​ដល់​ពួក​អ្នក ដែល​បាន​ស្រាយ​ប្រស្នា សាំសុន​មាន​សេចក្ដី​កំហឹង​ក្តៅ​ឡើង ហើយ​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​ឪពុក​វិញ ឯ​គេ​ក៏​លើក​ប្រពន្ធ​គាត់​ឲ្យ​ទៅ​អ្នក​១​នោះ​ដែល​បាន​កំដរ​គាត់​វិញ។

ចែក​រំលែក
អាន ចៅហ្វាយ 14