ចៅហ្វាយ 13:15-24

ចៅហ្វាយ 13:15-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម៉ាណូ‌អាពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​លោក​មេត្តា​កុំ​ទាន់​អញ្ជើញ​ទៅ យើង​ខ្ញុំ​នឹង​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ប្រកែក​ថា៖ «ទោះ​បើ​អ្នក​ឃាត់​យើង ក៏​យើង​មិន​បរិ‌ភោគ​ម្ហូប​របស់​អ្នក​ដែរ។ ប៉ុន្ដែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត នោះ​ចូរ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ!» (ដ្បិត​ម៉ាណូ‌អាមិន​ដឹងថា លោក​ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ទេ)។ ម៉ាណូ‌អា​សួរ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​លោក​ឈ្មោះ​អី ដើម្បី​កាល​ណា​ពាក្យ​របស់​លោក​បាន​សម្រេច នោះ​យើង​ខ្ញុំ​បាន​លើក​សរសើរ​នាម​របស់​លោក?» ប៉ុន្ដែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ឈ្មោះ​យើង? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ ដូច្នេះ ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​តង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​នោះ​ក៏ធ្វើ​ការ​អស្ចារ្យ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​កំពុង​តាម​មើល។ កាល​អណ្ដាត​ភ្លើង​បាន​ឆេះ​ពី​អាសនា​ឡើង​ទៅ​លើ​មេឃ នោះ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះនៅ​លើ​អាសនា​នោះ​ទៅ។ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​ដែល​កំពុង​តាម​មើល​នោះ ក៏នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ តាំង​ពី​នោះ​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​ម៉ាណូ‌អា ឬ​ប្រពន្ធ​គាត់​ឃើញ​ទៀត​ឡើយ ដូច្នេះ ម៉ាណូ‌អា​ក៏​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា។ ម៉ាណូ​អា​ពោល​ទៅ​កាន់​ប្រពន្ធ​ថា៖ «យើង​នឹង​ស្លាប់​ជា​ប្រាកដ ព្រោះ​យើង​បាន​ឃើញ​ព្រះ»។ ប៉ុន្ដែ ប្រពន្ធគាត់​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​យើង នោះ​ព្រះ‌អង្គ​មិន​បាន​ទទួល​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ពី​ដៃ​យើង​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​ការ​ទាំង​អស់​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​ដូច្នេះ​ដែរ»។ ស្ត្រី​នោះ​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​គាត់។

ចែក​រំលែក
អាន ចៅហ្វាយ 13

ចៅហ្វាយ 13:15-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ាណូអា​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «សូម​លោក​មេត្តា​រង់‌ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។ ទេវតា​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀបចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូអា​ពុំ​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់​ទេ គាត់​ក៏​សួរ​ថា៖ «តើ​លោក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ដឹង​គុណ​លោក នៅ​ពេល​ហេតុ‌ការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​លោក»។ ទេវតា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។ បន្ទាប់​មក លោក​ម៉ាណូអា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។ ពេល​លោក​ម៉ាណូអា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូអា និង​ភរិយា​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ កាល​អ្នក​ទាំង​ពីរ​មើល​ទេវតា​របស់​ព្រះ‌អម្ចាស់​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូអា​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​ព្រះ‌ជាម្ចាស់»។ ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​ចង់​ឲ្យ​យើង​ស្លាប់​មែន​នោះ ព្រះអង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។ ភរិយា​របស់​លោក​ម៉ាណូអា​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំសុន។ កូន​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក។

ចែក​រំលែក
អាន ចៅហ្វាយ 13

ចៅហ្វាយ 13:15-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ម៉ាណូអា​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​សូម​ឃាត់​លោក​បន្តិច ដើម្បី​នឹង​ចាត់‌ចែង​រៀបចំ​កូន​ពពែ​១​ជូន​លោក តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រកែក​ថា ទោះ​បើ​ឯង​ឃាត់​អញ ក៏​អញ​មិន​បរិភោគ​ម្ហូប​របស់​ឯង​ដែរ បើ​ឯង​ចង់​ថ្វាយ​ដង្វាយ​ដុត នោះ​ត្រូវ​តែ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ ឯ​ម៉ាណូអា គាត់​មិន​ដឹង​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទេ ក៏​សួរ​ថា តើ​លោក​មាន​នាម​ដូច​ម្តេច ដើម្បី​កាល​ណា​បាន​សំរេច​ដូច​ជា​ពាក្យ​លោក នោះ​ឲ្យ​យើង​ខ្ញុំ​បាន​លើក​សរសើរ​ដល់​នាម​លោក​ផង តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​ឯង​សួរ​រក​ឈ្មោះ​អញ ដ្បិត​ឈ្មោះ​អញ​នេះ​ប្លែក​អស្ចារ្យ ដូច្នេះ​ម៉ាណូអា​គាត់​យក​កូន​ពពែ នឹង​ដង្វាយ​ម្សៅ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​លើ​ថ្ម រួច​ទេវតា​ក៏​ធ្វើ​យ៉ាង​អស្ចារ្យ ក្នុង​ខណៈ​ដែល​ម៉ាណូអា នឹង​ប្រពន្ធ​កំពុង​មើល គឺ​កាល​អណ្តាត​ភ្លើង​បាន​ឆេះ​ពី​លើ​អាសនា​ឡើង នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​លើ​អាសនា​នោះ​ទៅ ឯ​ម៉ាណូអា នឹង​ប្រពន្ធ​ក៏​មើល រួច​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ទាំង​២​នាក់។ តាំង​ពី​នោះ​មក ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​ម៉ាណូអា ឬ​ប្រពន្ធ​គាត់​ឃើញ​ទៀត​ឡើយ ដូច្នេះ ម៉ាណូអា​ក៏​ដឹង​ថា​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា រួច​ប្រាប់​ប្រពន្ធ​ថា យើង​នឹង​ស្លាប់​ជា​ប្រាកដ ពី​ព្រោះ​យើង​បាន​ឃើញ​ព្រះ​ហើយ តែ​ប្រពន្ធ​ឆ្លើយ​ថា បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សំឡាប់​យើង នោះ​ទ្រង់​មិន​បាន​ទទួល​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ​ពី​ដៃ​យើង​ដូច្នេះ​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​អស់​ទាំង​ការ​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​នៅ​វេលា​នេះ​ដែរ។ នាង​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ឲ្យ​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ

ចែក​រំលែក
អាន ចៅហ្វាយ 13