ចៅហ្វាយ 13:1-15
ចៅហ្វាយ 13:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាក៏ប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។ គ្រានោះ មានបុរសម្នាក់នៅសូរ៉ាស់ ក្នុងកុលសម្ព័ន្ធដាន់ ឈ្មោះម៉ាណូអា។ ប្រពន្ធរបស់គាត់ជាស្ត្រីអារ គ្មានកូនសោះ។ ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ ចូរប្រយ័ត្ន កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតមើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ មិនត្រូវយកកាំបិតកោរសក់វាឡើយ ព្រោះកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយ ហើយកូននោះនឹងចាប់ផ្ដើមសង្គ្រោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ តែលោកប្រាប់ខ្ញុំថា "មើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃ រហូតដល់ថ្ងៃស្លាប់"»។ ពេលនោះ ម៉ាណូអាក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណព្វរបស់ព្រះ ដែលព្រះអង្គបានចាត់ឲ្យមកនោះ បានមកជួបយើងខ្ញុំម្តងទៀត ដើម្បីបង្រៀនយើងខ្ញុំអំពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។ ព្រះក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ហើយទេវតារបស់ព្រះក៏មកជួបស្ត្រីនោះម្តងទៀត ក្នុងពេលដែលនាងកំពុងអង្គុយនៅចម្ការ តែម៉ាណូអាប្តីរបស់នាង មិនបាននៅជាមួយទេ។ ដូច្នេះ ស្ដ្រីនោះក៏រត់យ៉ាងប្រញាប់ប្រញាល់ទៅប្រាប់ប្តីថា៖ «មើល៍ បុរសដែលបានមកជួបខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ»។ ដូច្នេះ ម៉ាណូអាក៏ក្រោកឡើង ដើរតាមប្រពន្ធទៅរកបុរសនោះ ហើយសួរថា៖ «តើលោកឬ ដែលបាននិយាយមកកាន់ប្រពន្ធខ្ញុំ?» ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ ម៉ាណូអាសួរថា៖ «ដូច្នេះ នៅពេលពាក្យរបស់លោកបានសម្រេច តើកូននោះត្រូវរស់នៅបែបណា ហើយតើកូននោះត្រូវធ្វើអ្វី?»។ ទេវតារបស់ព្រះយេហូវ៉ាឆ្លើយតបម៉ាណូអាថា៖ «នាងត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបានប្រាប់ គឺមិនត្រូវឲ្យនាងបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ ក៏មិនត្រូវឲ្យនាងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតឡើយ ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលយើងបានបង្គាប់»។ ម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «សូមលោកមេត្តាកុំទាន់អញ្ជើញទៅ យើងខ្ញុំនឹងរៀបចំកូនពពែមួយជូនលោក»។
ចៅហ្វាយ 13:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។ ហេតុនេះ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។ គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។ ថ្ងៃមួយ ទេវតា*របស់ព្រះអម្ចាស់បានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារមិនអាចមានកូនទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្ន កុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធ*ដែរ ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយមក ទុកជាអ្នកណាសារីត*មួយរូប។ កូននោះនឹងចាប់ផ្ដើមរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។ ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។ លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសារីត*មួយរូប រហូតអស់មួយជីវិត»។ លោកម៉ាណូអាក៏ទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! សូមទ្រង់មេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីឲ្យលោកបង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកម៉ាណូអា ហើយទេវតារបស់ព្រះជាម្ចាស់ក៏មកជួបនឹងស្ត្រីនោះម្ដងទៀត ក្នុងពេលដែលគាត់កំពុងតែអង្គុយនៅក្នុងចម្ការ។ ពេលនោះ លោកម៉ាណូអា ប្ដីរបស់គាត់ មិនបាននៅជាមួយទេ។ គាត់ក៏ប្រញាប់ប្រញាល់រត់ទៅជម្រាបប្ដីថា៖ «នុ៎ះហ្ន៎! បុរសដែលបានមកជួបខ្ញុំ ពីថ្ងៃមុនអញ្ជើញមកទៀតហើយ!»។ លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរស ហើយពោលថា៖ «តើលោកឬ ដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ លោកម៉ាណូអាក៏បន្តទៀតថា៖ «បើសិនជាបានសម្រេចតាមពាក្យលោកមែន តើកូននោះត្រូវកាន់ច្បាប់ទម្លាប់អ្វីខ្លះ តើវាត្រូវរស់នៅរបៀបណា?»។ ទេវតារបស់ព្រះអម្ចាស់តបមកលោកម៉ាណូអាវិញថា៖ «ប្រពន្ធរបស់អ្នកត្រូវតមអ្វីៗទាំងប៉ុន្មានដែលយើងបានប្រាប់ នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ មិនត្រូវផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីៗដែលមិនបរិសុទ្ធដែរ។ នាងត្រូវតែប្រព្រឹត្តតាមពាក្យទាំងប៉ុន្មាន ដែលយើងបានប្រាប់»។ លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។
ចៅហ្វាយ 13:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនអស់រវាង៤០ឆ្នាំ។ គ្រានោះ មានមនុស្សម្នាក់នៅត្រង់សូរ៉ាស់ ក្នុងពួកគ្រួដាន់ ឈ្មោះម៉ាណូអា ប្រពន្ធជាស្ត្រីអារ គ្មានកូនសោះ នោះទេវតានៃព្រះយេហូវ៉ាក៏លេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា មើលឥឡូវនេះ ឯងជាស្ត្រីអារគ្មានកូន តែឯងនឹងមានទំងន់បង្កើតបានកូនប្រុស១វិញ ដូច្នេះចូរប្រយ័ត កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតមើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស តែមិនត្រូវយកកាំបិតកោរសក់វាឡើយ ពីព្រោះកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដូច្នេះនាងក៏ទៅប្រាប់ដល់ប្ដីថា មានអ្នកសំណប់របស់ព្រះម្នាក់បានមកឯខ្ញុំ អ្នកនោះមានភាពមើលទៅដូចជាទេវតានៃព្រះ គួរឲ្យស្ញែងខ្លាច តែខ្ញុំមិនបានសួរដែលលោកមកពីណាទេ លោកក៏មិនបានប្រាប់ឈ្មោះដល់ខ្ញុំដែរ តែបានប្រាប់ខ្ញុំថា មើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស១ ឥឡូវនេះ កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតផង ដ្បិតកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃមក ដរាបដល់ថ្ងៃស្លាប់។ ដូច្នេះម៉ាណូអាក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះ បានមកម្តងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការ ដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ ព្រះទ្រង់ក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ទេវតានៃព្រះក៏មកឯនាងម្តងទៀត ក្នុងកាលដែលនាងកំពុងអង្គុយនៅចំការ តែម៉ាណូអាជាប្ដី មិនបាននៅជាមួយនឹងនាងទេ នោះនាងក៏រត់ទៅជាប្រញាប់ប្រាប់ប្ដីថា មើល អ្នកដែលបានមកឯខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ ដូច្នេះម៉ាណូអាក៏ក្រោកឡើងដើរតាមប្រពន្ធទៅឯអ្នកនោះសួរថា តើលោកឬអី ដែលបាននិយាយនឹងនាងនេះ ទេវតាឆ្លើយថា អើមែនហើយ ម៉ាណូអាសួរថា ដូច្នេះកាលណាពាក្យលោកបានសំរេចហើយ នោះតើត្រូវឲ្យយើងខ្ញុំធ្វើតាមរបៀបយ៉ាងណា ហើយប្រព្រឹត្តចំពោះកូននោះជាយ៉ាងដូចម្តេចទៅ ទេវតានៃព្រះយេហូវ៉ាក៏ឆ្លើយថា ត្រូវឲ្យនាងប្រយ័ត នឹងប្រព្រឹត្តតាមគ្រប់សេចក្ដី ដែលអញបានប្រាប់ហើយនោះ គឺមិនត្រូវឲ្យបរិភោគអ្វីដែលកើតពីដើមទំពាំងបាយជូរឡើយ ក៏មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតផង ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ហើយ។ គ្រានោះ ម៉ាណូអាទូលទៅទេវតានៃព្រះយេហូវ៉ាថា យើងខ្ញុំសូមឃាត់លោកបន្តិច ដើម្បីនឹងចាត់ចែងរៀបចំកូនពពែ១ជូនលោក