ចៅហ្វាយ 12:8-15
ចៅហ្វាយ 12:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីយែបថាមក នោះមានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ លោកមានកូនប្រុសសាមសិបនាក់ ហើយលោកបានឲ្យកូនស្រីរបស់លោកសាមសិបនាក់រៀបការនឹងអ្នកផ្សេង ក្រៅពីពូជអំបូររបស់លោក ក៏បានយកកូនស្រីអ្នកផ្សេងសាមសិបនាក់ មកឲ្យកូនប្រុសរបស់លោក។ លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅបេថ្លេហិម។ ក្រោយពីអ៊ីបសានមក មានបុរសម្នាក់ឈ្មោះអេឡូន ជាពួកសាប់យូឡូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ រួចអេឡូនជាពួកសាប់យូឡូននោះក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅអាយ៉ាឡូន ក្នុងស្រុកសាប់យូឡូន។ ក្រោយពីអេឡូនមក មានបុរសម្នាក់ឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ លោកមានកូនប្រុសសែសិបនាក់ ហើយមានចៅសាមសិបនាក់ ដែលសុទ្ធតែមានកូនលាមួយម្នាក់សម្រាប់ជិះ។ អាបដូនបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅពីរ៉ាថូន ក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាឡេក។
ចៅហ្វាយ 12:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិម បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។ លោកមានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ លោកបានលើកកូនស្រីឲ្យរៀបការនឹងបុរសនៅកុលសម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុលសម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសលោកដែរ។ លោកបានគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅបេថ្លេហិម។ ក្រោយលោកអ៊ីបសាន មានបុរសម្នាក់ឈ្មោះអេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅភូមិអាយ៉ាឡូន ក្នុងទឹកដីសាប់យូឡូន។ ក្រោយលោកអេឡូន មានបុរសម្នាក់ឈ្មោះអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល លោកមានកូនប្រុសសែសិបនាក់ និងចៅប្រុសសាមសិបនាក់ ដែលមានលាចិតសិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ រួចលោកទទួលមរណភាព។ គេបញ្ចុះសពលោកនៅភូមិពីរ៉ាថូន ក្នុងទឹកដីអេប្រាអ៊ីម នៅលើភ្នំរបស់ជនជាតិអាម៉ាឡេក។
ចៅហ្វាយ 12:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយពីលោកមក នោះមានឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល លោកមានកូនប្រុស៣០ ហើយបានឲ្យកូនស្រី៣០ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ ក៏នាំយកកូនស្រីដទៃ៣០ មកឲ្យកូនប្រុសរបស់ខ្លួនវិញ អ៊ីបសាននេះបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៧ឆ្នាំ រួចក៏ស្លាប់ទៅ គេបញ្ចុះសពនៅត្រង់បេថ្លេហិម។ ក្រោយពីលោកនោះមក មានឈ្មោះអេឡូន ជាពួកសាប់យូល៉ូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១០ឆ្នាំ រួចអេឡូន ជាពួកសាប់យូល៉ូន ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់អាយ៉ាឡូន ក្នុងស្រុកសាប់យូល៉ូន។ ក្រោយពីលោកមក មានឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល លោកមានកូនប្រុស៤០នាក់ ហើយមានចៅ៣០នាក់ ដែលសុទ្ធតែមានកូនលា១ម្នាក់សំរាប់ជិះ អាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៨ឆ្នាំ រួចក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់ពីរ៉ាថូនក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាលេក។