ចៅហ្វាយ 12:1-7
ចៅហ្វាយ 12:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអេប្រាអិមបានលើកគ្នា ឆ្លងទៅកាន់ក្រុងសាផូន ហើយបន្ទោសយែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងនឹងពួកអាំម៉ូន ហើយមិនបានហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះលោកចោល ព្រមទាំងដុតលោកជាមួយដែរ»។ យែបថាឆ្លើយទៅគេថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានជម្លោះជាខ្លាំងជាមួយពួកអាំម៉ូន ហើយពេលខ្ញុំហៅអ្នករាល់គ្នា អ្នករាល់គ្នាមិនបានជួយខ្ញុំឲ្យរួចពីកណ្ដាប់ដៃគេទេ។ កាលខ្ញុំឃើញថា អ្នករាល់គ្នាមិនព្រមជួយសង្គ្រោះខ្ញុំ នោះខ្ញុំក៏ប្រថុយជីវិតចេញទៅច្បាំងនឹងពួកអាំម៉ូន ហើយព្រះយេហូវ៉ាបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកប្រយុទ្ធនឹងខ្ញុំនៅថ្ងៃនេះដូច្នេះ?» ពេលនោះ យែបថាក៏ប្រមូលអ្នកស្រុកកាឡាតទាំងប៉ុន្មាន ទៅប្រយុទ្ធនឹងពួកអេប្រាអិម ហើយពួកកាឡាតបានវាយពួកអេប្រាអិម ព្រោះគេនិយាយថា «ពួកកាឡាតអើយ ពួកឯងនៅកណ្ដាលពួកអេប្រាអិម និងពួកម៉ាណាសេ ពួកឯងសុទ្ធតែជាមនុស្សដែលរត់ចេញពីពួកអេប្រាអិមទេ!»។ ពួកកាឡាតបានវាយចាប់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់ ទល់មុខស្រុកពួកអេប្រាអិម។ ពេលណាមានពួកអេប្រាអិមដែលលួចរត់គេច អង្វរថា៖ «សូមឲ្យខ្ញុំឆ្លងទៅផង» នោះពួកកាឡាតសួរទៅគេថា៖ «តើអ្នកជាពួកអេប្រាអិមឬ?» កាលគេឆ្លើយថា «ទេ» នោះពួកកាឡាតបង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» ព្រោះគេចេញខ្យល់និយាយពាក្យនោះមិនត្រូវ នោះពួកកាឡាតក៏ចាប់គេ ហើយសម្លាប់នៅត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអិមដួលស្លាប់អស់ចំនួនបួនម៉ឺនពីរពាន់នាក់។ យែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់ប្រាំមួយឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាត ក្នុងក្រុងរបស់លោក។
ចៅហ្វាយ 12:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្ដីបន្ទោសលោកយែបថា ថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់លោកចោល ហើយក៏ដុតលោកជាមួយដែរ»។ លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ខ្ញុំបានហៅបងប្អូនដែរ តែបងប្អូនពុំបានជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេទេ។ ដោយឃើញថាបងប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្ដូរជីវិត ចេញទៅប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ថ្ងៃនេះ ហេតុដូចម្ដេចបានជាបងប្អូនលើកគ្នាមកធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។ លោកយែបថាក៏ប្រមូលអ្នកស្រុកកាឡាដទាំងប៉ុន្មាន មកប្រយុទ្ធជាមួយពួកអេប្រាអ៊ីម ព្រោះពួកនេះបានពោលថា៖ «ពួកកាឡាដអើយ! ពួកឯងសុទ្ធតែជាមនុស្សរត់ចោលកុលសម្ព័ន្ធអេប្រាអ៊ីម ទៅចូលកុលសម្ព័ន្ធម៉ាណាសេ!»។ អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លង ពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ» នោះពួកកាឡាដក៏បង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលេត» ហើយបើអ្នកនោះនិយាយថា «ឈីបូលេត»-ព្រោះពួកអេប្រាអ៊ីមនិយាយពាក្យនេះមិនច្បាស់ទេ- ដូច្នេះ ពួកកាឡាដក៏សម្លាប់គេនៅត្រង់កន្លែងឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអ៊ីមបួនម៉ឺនពីរពាន់នាក់ត្រូវគេសម្លាប់។ លោកយែបថា ជាអ្នកស្រុកកាឡាដ គ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលប្រាំមួយឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាដ ក្នុងភូមិកំណើតរបស់លោក។
ចៅហ្វាយ 12:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកអេប្រាអិម គេក៏ប្រមូលគ្នា ដើរទៅខាងជើង បន្ទោសដល់យែបថាថា ហេតុអ្វីបានជាឯងទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ឥតហៅយើងឲ្យទៅជាមួយផងដូច្នេះ យើងនឹងដុតផ្ទះឯងឥឡូវ ព្រមទាំងឯងនៅក្នុងផង យែបថាឆ្លើយទៅគេថា អញ ហើយនឹងពួកអញនេះ មានហេតុទាស់ទែងនឹងពួកកូនចៅអាំម៉ូនជាខ្លាំង អញក៏បានហៅឯងរាល់គ្នាដែរ តែឯងមិនបានជួយអញឲ្យរួចពីកណ្តាប់ដៃគេទេ ដូច្នេះកាលអញឃើញថា ឯងរាល់គ្នាមិនជួយអញទេ នោះអញបានប្រថុយជីវិតចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ក៏បានប្រគល់គេមកក្នុងកណ្តាប់ដៃនៃអញ ចុះហេតុអ្វីបានជាឯងរាល់គ្នាឡើងមកតនឹងអញនៅថ្ងៃនេះដូច្នេះ យែបថាក៏ប្រមូលពួកមនុស្សទាំងប៉ុន្មាននៅស្រុកកាឡាត ទៅតស៊ូនឹងពួកអេប្រាអិម ពួកកាឡាតបានវាយពួកអេប្រាអិម ដោយព្រោះគេថា ពួកកាឡាតឯងរាល់គ្នានេះ ដែលនៅកណ្តាលពួកអេប្រាអិម នឹងពួកម៉ាន៉ាសេ ឯងជាពួកដែលរត់ចេញពីពួកអេប្រាអិមទៅទេ ពួកកាឡាតក៏ចាប់ស្កាត់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់នៅមុខពួកអេប្រាអិម រួចកាលណាមានពួកអេប្រាអិមដែលរត់រួចបាន គេមកអង្វរថា សូមឲ្យខ្ញុំឆ្លងទៅផង នោះពួកកាឡាតសួរទៅថា តើឯងជាពួកអេប្រាអិមឬអី បើគេឆ្លើយថាទេ នោះពួកកាឡាតបង្គាប់ឲ្យគេចេញពាក្យថា «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» វិញ ដោយគេធ្វើមាត់ឲ្យចេញខ្យល់នោះមិនត្រូវ នោះក៏ចាប់គេសំឡាប់ទៅ ត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នៅវេលានោះ មានពួកអេប្រាអិមដួលស្លាប់ អស់ចំនួន៤ម៉ឺន២ពាន់នាក់ ឯយែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់៦ឆ្នាំ រួចលោកស្លាប់ទៅ ហើយគេបញ្ចុះសពនៅក្នុងក្រុង១របស់ស្រុកកាឡាត។