ចៅហ្វាយ 12:1-15
ចៅហ្វាយ 12:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកអេប្រាអិមបានលើកគ្នា ឆ្លងទៅកាន់ក្រុងសាផូន ហើយបន្ទោសយែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងនឹងពួកអាំម៉ូន ហើយមិនបានហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះលោកចោល ព្រមទាំងដុតលោកជាមួយដែរ»។ យែបថាឆ្លើយទៅគេថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានជម្លោះជាខ្លាំងជាមួយពួកអាំម៉ូន ហើយពេលខ្ញុំហៅអ្នករាល់គ្នា អ្នករាល់គ្នាមិនបានជួយខ្ញុំឲ្យរួចពីកណ្ដាប់ដៃគេទេ។ កាលខ្ញុំឃើញថា អ្នករាល់គ្នាមិនព្រមជួយសង្គ្រោះខ្ញុំ នោះខ្ញុំក៏ប្រថុយជីវិតចេញទៅច្បាំងនឹងពួកអាំម៉ូន ហើយព្រះយេហូវ៉ាបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកប្រយុទ្ធនឹងខ្ញុំនៅថ្ងៃនេះដូច្នេះ?» ពេលនោះ យែបថាក៏ប្រមូលអ្នកស្រុកកាឡាតទាំងប៉ុន្មាន ទៅប្រយុទ្ធនឹងពួកអេប្រាអិម ហើយពួកកាឡាតបានវាយពួកអេប្រាអិម ព្រោះគេនិយាយថា «ពួកកាឡាតអើយ ពួកឯងនៅកណ្ដាលពួកអេប្រាអិម និងពួកម៉ាណាសេ ពួកឯងសុទ្ធតែជាមនុស្សដែលរត់ចេញពីពួកអេប្រាអិមទេ!»។ ពួកកាឡាតបានវាយចាប់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់ ទល់មុខស្រុកពួកអេប្រាអិម។ ពេលណាមានពួកអេប្រាអិមដែលលួចរត់គេច អង្វរថា៖ «សូមឲ្យខ្ញុំឆ្លងទៅផង» នោះពួកកាឡាតសួរទៅគេថា៖ «តើអ្នកជាពួកអេប្រាអិមឬ?» កាលគេឆ្លើយថា «ទេ» នោះពួកកាឡាតបង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» ព្រោះគេចេញខ្យល់និយាយពាក្យនោះមិនត្រូវ នោះពួកកាឡាតក៏ចាប់គេ ហើយសម្លាប់នៅត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអិមដួលស្លាប់អស់ចំនួនបួនម៉ឺនពីរពាន់នាក់។ យែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់ប្រាំមួយឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាត ក្នុងក្រុងរបស់លោក។ ក្រោយពីយែបថាមក នោះមានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ លោកមានកូនប្រុសសាមសិបនាក់ ហើយលោកបានឲ្យកូនស្រីរបស់លោកសាមសិបនាក់រៀបការនឹងអ្នកផ្សេង ក្រៅពីពូជអំបូររបស់លោក ក៏បានយកកូនស្រីអ្នកផ្សេងសាមសិបនាក់ មកឲ្យកូនប្រុសរបស់លោក។ លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅបេថ្លេហិម។ ក្រោយពីអ៊ីបសានមក មានបុរសម្នាក់ឈ្មោះអេឡូន ជាពួកសាប់យូឡូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ រួចអេឡូនជាពួកសាប់យូឡូននោះក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅអាយ៉ាឡូន ក្នុងស្រុកសាប់យូឡូន។ ក្រោយពីអេឡូនមក មានបុរសម្នាក់ឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល។ លោកមានកូនប្រុសសែសិបនាក់ ហើយមានចៅសាមសិបនាក់ ដែលសុទ្ធតែមានកូនលាមួយម្នាក់សម្រាប់ជិះ។ អាបដូនបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅពីរ៉ាថូន ក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាឡេក។
ចៅហ្វាយ 12:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្ដីបន្ទោសលោកយែបថា ថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់លោកចោល ហើយក៏ដុតលោកជាមួយដែរ»។ លោកយែបថាឆ្លើយទៅពួកគេវិញថា៖ «ខ្ញុំ និងប្រជាជនរបស់ខ្ញុំ មានវិវាទយ៉ាងខ្លាំងជាមួយជនជាតិអាំម៉ូន ខ្ញុំបានហៅបងប្អូនដែរ តែបងប្អូនពុំបានជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេទេ។ ដោយឃើញថាបងប្អូនមិនមកជួយសង្គ្រោះខ្ញុំទេនោះ ខ្ញុំក៏សុខចិត្តប្ដូរជីវិត ចេញទៅប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ។ ថ្ងៃនេះ ហេតុដូចម្ដេចបានជាបងប្អូនលើកគ្នាមកធ្វើសឹកនឹងខ្ញុំទៅវិញដូច្នេះ?»។ លោកយែបថាក៏ប្រមូលអ្នកស្រុកកាឡាដទាំងប៉ុន្មាន មកប្រយុទ្ធជាមួយពួកអេប្រាអ៊ីម ព្រោះពួកនេះបានពោលថា៖ «ពួកកាឡាដអើយ! ពួកឯងសុទ្ធតែជាមនុស្សរត់ចោលកុលសម្ព័ន្ធអេប្រាអ៊ីម ទៅចូលកុលសម្ព័ន្ធម៉ាណាសេ!»។ អ្នកស្រុកកាឡាដវាយយកបានកន្លែងឆ្លងទន្លេយ័រដាន់ ហើយកាន់កាប់ច្រកចូលទៅស្រុកអេប្រាអ៊ីម។ ពេលណាមានពួកអេប្រាអ៊ីមដែលបាក់ទ័ព រត់មកសុំឆ្លង ពួកកាឡាដសួរទៅគេថា: «តើអ្នកជាពួកអេប្រាអ៊ីមឬ?»។ ប្រសិនបើគេឆ្លើយថា«ទេ» នោះពួកកាឡាដក៏បង្គាប់ឲ្យគេនិយាយពាក្យ «ស៊ីបូលេត» ហើយបើអ្នកនោះនិយាយថា «ឈីបូលេត»-ព្រោះពួកអេប្រាអ៊ីមនិយាយពាក្យនេះមិនច្បាស់ទេ- ដូច្នេះ ពួកកាឡាដក៏សម្លាប់គេនៅត្រង់កន្លែងឆ្លងទន្លេយ័រដាន់នោះទៅ។ នៅគ្រានោះ មានពួកអេប្រាអ៊ីមបួនម៉ឺនពីរពាន់នាក់ត្រូវគេសម្លាប់។ លោកយែបថា ជាអ្នកស្រុកកាឡាដ គ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលប្រាំមួយឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅស្រុកកាឡាដ ក្នុងភូមិកំណើតរបស់លោក។ ក្រោយលោកយែបថា មានបុរសម្នាក់ឈ្មោះអ៊ីបសាន ជាអ្នកស្រុកបេថ្លេហិម បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល។ លោកមានកូនប្រុសសាមសិបនាក់ និងកូនស្រីសាមសិបនាក់។ លោកបានលើកកូនស្រីឲ្យរៀបការនឹងបុរសនៅកុលសម្ព័ន្ធផ្សេង ហើយក៏បានរើសស្ត្រីពីកុលសម្ព័ន្ធផ្សេង មកឲ្យធ្វើជាភរិយារបស់កូនប្រុសលោកដែរ។ លោកបានគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅបេថ្លេហិម។ ក្រោយលោកអ៊ីបសាន មានបុរសម្នាក់ឈ្មោះអេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលដប់ឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពលោកនៅភូមិអាយ៉ាឡូន ក្នុងទឹកដីសាប់យូឡូន។ ក្រោយលោកអេឡូន មានបុរសម្នាក់ឈ្មោះអាប់ដូន ជាកូនរបស់លោកហ៊ីលេល ជាអ្នកស្រុកពីរ៉ាថូន បានឡើងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល លោកមានកូនប្រុសសែសិបនាក់ និងចៅប្រុសសាមសិបនាក់ ដែលមានលាចិតសិបក្បាលជាជំនិះ។ លោកអាប់ដូនគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល អស់រយៈពេលប្រាំបីឆ្នាំ រួចលោកទទួលមរណភាព។ គេបញ្ចុះសពលោកនៅភូមិពីរ៉ាថូន ក្នុងទឹកដីអេប្រាអ៊ីម នៅលើភ្នំរបស់ជនជាតិអាម៉ាឡេក។
ចៅហ្វាយ 12:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកអេប្រាអិម គេក៏ប្រមូលគ្នា ដើរទៅខាងជើង បន្ទោសដល់យែបថាថា ហេតុអ្វីបានជាឯងទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ឥតហៅយើងឲ្យទៅជាមួយផងដូច្នេះ យើងនឹងដុតផ្ទះឯងឥឡូវ ព្រមទាំងឯងនៅក្នុងផង យែបថាឆ្លើយទៅគេថា អញ ហើយនឹងពួកអញនេះ មានហេតុទាស់ទែងនឹងពួកកូនចៅអាំម៉ូនជាខ្លាំង អញក៏បានហៅឯងរាល់គ្នាដែរ តែឯងមិនបានជួយអញឲ្យរួចពីកណ្តាប់ដៃគេទេ ដូច្នេះកាលអញឃើញថា ឯងរាល់គ្នាមិនជួយអញទេ នោះអញបានប្រថុយជីវិតចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ក៏បានប្រគល់គេមកក្នុងកណ្តាប់ដៃនៃអញ ចុះហេតុអ្វីបានជាឯងរាល់គ្នាឡើងមកតនឹងអញនៅថ្ងៃនេះដូច្នេះ យែបថាក៏ប្រមូលពួកមនុស្សទាំងប៉ុន្មាននៅស្រុកកាឡាត ទៅតស៊ូនឹងពួកអេប្រាអិម ពួកកាឡាតបានវាយពួកអេប្រាអិម ដោយព្រោះគេថា ពួកកាឡាតឯងរាល់គ្នានេះ ដែលនៅកណ្តាលពួកអេប្រាអិម នឹងពួកម៉ាន៉ាសេ ឯងជាពួកដែលរត់ចេញពីពួកអេប្រាអិមទៅទេ ពួកកាឡាតក៏ចាប់ស្កាត់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់នៅមុខពួកអេប្រាអិម រួចកាលណាមានពួកអេប្រាអិមដែលរត់រួចបាន គេមកអង្វរថា សូមឲ្យខ្ញុំឆ្លងទៅផង នោះពួកកាឡាតសួរទៅថា តើឯងជាពួកអេប្រាអិមឬអី បើគេឆ្លើយថាទេ នោះពួកកាឡាតបង្គាប់ឲ្យគេចេញពាក្យថា «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» វិញ ដោយគេធ្វើមាត់ឲ្យចេញខ្យល់នោះមិនត្រូវ នោះក៏ចាប់គេសំឡាប់ទៅ ត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នៅវេលានោះ មានពួកអេប្រាអិមដួលស្លាប់ អស់ចំនួន៤ម៉ឺន២ពាន់នាក់ ឯយែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់៦ឆ្នាំ រួចលោកស្លាប់ទៅ ហើយគេបញ្ចុះសពនៅក្នុងក្រុង១របស់ស្រុកកាឡាត។ ក្រោយពីលោកមក នោះមានឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល លោកមានកូនប្រុស៣០ ហើយបានឲ្យកូនស្រី៣០ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ ក៏នាំយកកូនស្រីដទៃ៣០ មកឲ្យកូនប្រុសរបស់ខ្លួនវិញ អ៊ីបសាននេះបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៧ឆ្នាំ រួចក៏ស្លាប់ទៅ គេបញ្ចុះសពនៅត្រង់បេថ្លេហិម។ ក្រោយពីលោកនោះមក មានឈ្មោះអេឡូន ជាពួកសាប់យូល៉ូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១០ឆ្នាំ រួចអេឡូន ជាពួកសាប់យូល៉ូន ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់អាយ៉ាឡូន ក្នុងស្រុកសាប់យូល៉ូន។ ក្រោយពីលោកមក មានឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល លោកមានកូនប្រុស៤០នាក់ ហើយមានចៅ៣០នាក់ ដែលសុទ្ធតែមានកូនលា១ម្នាក់សំរាប់ជិះ អាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៨ឆ្នាំ រួចក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់ពីរ៉ាថូនក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាលេក។