ចៅហ្វាយ 11:32-40
ចៅហ្វាយ 11:32-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យែបថាក៏ឆ្លងចូលទៅរកពួកអាំម៉ូន ហើយច្បាំងនឹងគេ ព្រះយេហូវ៉ាក៏ប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់លោក។ លោកវាយកម្ទេចគេយ៉ាងសម្បើម ចាប់តាំងពីក្រុងអារ៉ូអ៊ើរ មកដល់ក្រុងមីនីត ទាំងអស់បានម្ភៃក្រុង ហើយរហូតដល់ក្រុងអេបិល-កេរ៉ាមីមថែមទៀត។ ដូច្នេះ ពួកអាំម៉ូនក៏ត្រូវក្រាបចុះ នៅមុខប្រជាជនអ៊ីស្រាអែល។ បន្ទាប់មក យែបថាវិលត្រឡប់មកដល់ផ្ទះរបស់លោកនៅមីសប៉ា ហើយមើល៍ កូនស្រីរបស់លោកក៏ចេញមកទទួល ទាំងវាយក្រាប់ ហើយលោតកញ្ឆេង។ នាងជាកូនតែមួយគត់របស់លោក ក្រៅពីនាង លោកគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ។ កាលលោកក្រឡកទៅឃើញនាង លោកក៏ហែកអាវ ហើយពោលថា៖ «វរហើយ កូនស្រីអើយ! កូនបានធ្វើឲ្យឪពុកទន់ជង្គង់ហើយ កូនជាហេតុដែលនាំឲ្យឪពុកវេទនាចិត្តជាខ្លាំង ដ្បិតមាត់របស់ឪពុកបានចេញវាចានឹងព្រះយេហូវ៉ាហើយ ឪពុកមិនអាចដកពាក្យសម្បថនោះវិញបានទេ»។ នាងឆ្លើយទៅលោកថា៖ «លោកឪពុកអើយ បើលោកបានចេញវាចានឹងព្រះយេហូវ៉ាហើយ នោះសូមប្រព្រឹត្តចំពោះកូនតាមពាក្យដែលចេញពីមាត់លោកឪពុកចុះ ព្រោះព្រះយេហូវ៉ាបានសងសឹកពួកអាំម៉ូន ជាខ្មាំងសត្រូវរបស់លោកឪពុកហើយ»។ នាងពោលទៅឪពុកទៀតថា៖ «សូមអនុញ្ញាតឲ្យកូនបានធ្វើដូច្នេះផង គឺទុកកូនឲ្យនៅពីរខែសិន ដើម្បីឲ្យកូនបានដើរចុះឡើងនៅលើភ្នំ ហើយយំស្តាយព្រហ្មចារីរបស់កូន ជាមួយមិត្តភក្ដិស្រីៗរបស់កូន»។ ឪពុកឆ្លើយថា៖ «ទៅចុះ» ហើយលោកក៏បើកឱកាសឲ្យនាងចេញទៅរយៈពេលពីរខែ។ ដូច្នេះ នាងក៏ចេញទៅជាមួយមិត្តភក្ដិស្រីៗរបស់នាង ហើយយំស្តាយព្រហ្មចារីរបស់នាងនៅលើភ្នំ។ លុះគ្រប់កំណត់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ ហើយលោកបានប្រព្រឹត្តនឹងនាង តាមពាក្យដែលលោកបានស្បថ។ នាងពុំដែលបានស្គាល់បុរសណាឡើយ ហើយសេចក្ដីនោះក៏បានត្រឡប់ជាទម្លាប់ក្នុងពួកអ៊ីស្រាអែល គឺពីមួយឆ្នាំទៅមួយឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល តែងទៅយំរំឭកដល់កូនស្រីរបស់យែបថា ជាអ្នកស្រុកកាឡាត រយៈពេលបួនថ្ងៃ ក្នុងមួយឆ្នាំ។
ចៅហ្វាយ 11:32-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។ លោកយែបថាបានវាយកម្ទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ើរ រហូតដល់តំបន់ជិតខាងក្រុងមីនីត - សរុបទាំងអស់ម្ភៃក្រុង - បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។ ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់លោកនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុស កូនស្រីណាទៀតឡើយ។ កាលលោកក្រឡេកឃើញនាង លោកក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ! កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសម្ដីនោះវិញទេ»។ នាងឆ្លើយទៅលោកថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។ នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់កូន»។ លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្ដាយព្រហ្មចារីរបស់នាង។ លុះគម្រប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចលោកយកនាងធ្វើយញ្ញបូជា តាមពាក្យដែលលោកបានសន្យាជាមួយព្រះអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រាអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ: រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រាអែលត្រូវនាំគ្នាទៅយំរំឭកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។
ចៅហ្វាយ 11:32-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យែបថាក៏ទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃរបស់លោក លោកប្រហារជីវិតគេយ៉ាងសំបើម ចាប់តាំងពីក្រុងអារ៉ូអ៊ើរ មកដល់ក្រុងមីនីត ទាំងអស់បានទីក្រុង២០ ហើយរហូតដល់អេបិល-កេរ៉ាមីមថែមទៀត ពួកកូនចៅអាំម៉ូនក៏ត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែល។ រួចយែបថា លោកត្រឡប់មកដល់ផ្ទះ នៅត្រង់មីសប៉ាវិញ នោះមើល ខណៈនោះ កូនស្រីរបស់លោកក៏ចេញមកទទួល ទាំងបន្ទរក្រាប់បណ្តើរ ហើយលោតកញ្ឆេងផង នាងនោះជាកូនតែ១របស់លោក ក្រៅពីនាង នោះគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ កាលលោកក្រឡេកទៅឃើញនាង នោះក៏ហែកអាវដោយពាក្យថា វរហើយ កូនអើយ ឯងបានធ្វើឲ្យអញមានចិត្តក្រាបចុះជាខ្លាំងណាស់ ឯងជាអ្នកនៅក្នុងពួកដែលនាំឲ្យអញលំបាកចិត្ត ដ្បិតអញបានមានវាចានឹងព្រះយេហូវ៉ាហើយ នឹងថយមកក្រោយវិញពុំបានឡើយ នាងឆ្លើយទៅឪពុកថា លោកឪពុកអើយ បើលោកបានមានវាចានឹងព្រះយេហូវ៉ាហើយ នោះសូមធ្វើដល់ខ្ញុំតាមវាចា ដែលចេញពីមាត់នោះចុះ ដោយព្រោះព្រះយេហូវ៉ាទ្រង់បានសងសឹកនឹងពួកកូនចៅអាំម៉ូនជាខ្មាំងសត្រូវ ជំនួសលោកឪពុកហើយ រួចនាងក៏សូមដល់ឪពុកថា សូមបើកឲ្យខ្ញុំធ្វើដូច្នេះ គឺទុកខ្ញុំឲ្យនៅក្នុងរវាង២ខែសិន ដើម្បីឲ្យខ្ញុំបានទៅនៅលើភ្នំ ហើយយំស្តាយភាពជាក្រមុំរបស់ខ្ញុំជាមួយនឹងពួកស្ត្រី ជាមិត្រសំឡាញ់ខ្ញុំ នោះឪពុកក៏ឆ្លើយថា ទៅចុះ ហើយលោកបើកឱកាសឲ្យនាងទៅនៅអស់២ខែ ដូច្នេះនាងក៏ចេញទៅជាមួយនឹងពួកមិត្រសំឡាញ់ទៅ ហើយយំស្តាយដល់ភាពជាក្រមុំរបស់នាងលើភ្នំ លុះគ្រប់កំណត់២ខែហើយ នោះនាងក៏ត្រឡប់មកឯឪពុកវិញ ហើយលោកបានធ្វើដល់នាង តាមបំណន់របស់ខ្លួនទៅ នាងឥតដែលបានស្គាល់បុរសណាឡើយ សេចក្ដីនោះឯងបានត្រឡប់ទៅជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ គឺរាល់តែឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅយំរំឭកពីកូនស្រីរបស់យែបថា ជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុង១ឆ្នាំ។