ចៅហ្វាយ 11:12-28

ចៅហ្វាយ 11:12-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំពាក្យ​ទៅ​ទូល​ស្តេច​របស់​ពួក​អាំម៉ូន​ថា៖ «តើ​ព្រះ​ករុណា និង​ខ្ញុំ មាន​រឿង​អ្វី​នឹង​គ្នា បាន​ជាព្រះ​ករុណា​មក​ច្បាំង​នឹង​ទូល​បង្គំ នៅ​ស្រុក​ទូល​បង្គំ​ដូច្នេះ?» ស្តេច​នៃ​ពួក​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​អ្នក​នាំ​សារ​របស់​យែបថា​ថា៖ «ព្រោះ​សាសន៍​អ៊ីស្រា‌អែល​បាន​ដណ្តើម​យកស្រុក​របស់​យើង ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ទន្លេ​យ័រ‌ដាន់ កាល​គេ​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​យើង​វិញតាម​សម្រួល​ទៅ»។ យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្តេច​របស់​ពួក​អាំម៉ូន​ម្តង​ទៀត គេ​ទូល​ស្ដេច​ថា៖ «យែបថាមាន​ប្រសាសន៍​ដូច្នេះ​ថា អ៊ីស្រាអែល​មិន​បាន​យក​ស្រុក​របស់​សាសន៍​ម៉ូអាប់ ឬ​ស្រុក​របស់​ពួក​អាំម៉ូន​ទេ តែ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក សាសន៍​អ៊ីស្រា‌អែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​មក​ដល់​កាដេស។ ពេល​នោះ អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​ស្រុក​អេដុម ទូល​ថា "សូម​មេត្តា​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុករបស់​ព្រះ​ករុណា​ផង" តែ​ស្តេច​សាសន៍អេដុម​មិន​យល់​ព្រម​ទេ រួច​គេ​ក៏​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​សាសន៍​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ស្ដេច​មិន​យល់​ព្រម​ទៀត។ ដូច្នេះ អ៊ីស្រាអែល​ក៏ស្នាក់​នៅ​តែ​ត្រង់​កាដេស​នោះ​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់ភាគ​ខាង​កើត​ស្រុក​ម៉ូអាប់ ហើយបោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន។ ប៉ុន្ដែ គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ស្រុក​ម៉ូអាប់​ទេ ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។ នៅ​ទី​នោះ អ៊ីស្រាអែល​ក៏​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី គឺ​ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​ថា "សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ​ករុណា ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​យើង​ខ្ញុំ​ផង" ប៉ុន្ដែ ព្រះ​បាទ​ស៊ីហុន​មិន​ទុក​ចិត្ត​អ៊ីស្រា‌អែល ដោយ​ឲ្យ​គេ​ដើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ទ្រង់​ឡើយ ហើយ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ទ្រង់ ទៅ​បោះ‌ទ័ព​នៅ​យ៉ា‌ហាស់ ហើយ​ច្បាំង​នឹង​អ៊ីស្រា‌អែល។ ពេល​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះនៃ​អ៊ីស្រា‌អែល ក៏​ប្រគល់​ស៊ីហុន និង​មនុស្ស​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មក​ក្នុង​កណ្ដាប់​ដៃរបស់​អ៊ីស្រា‌អែល ហើយ​អ៊ីស្រា‌អែល​ក៏​ប្រហារ​គេ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ចាប់​យក​ស្រុក​ទាំង​មូល​របស់​សាសន៍​អាម៉ូរី ដែល​រស់​នៅ​ស្រុក​នោះ។ គេ​ចាប់​យក​ស្រុកទាំង​មូល​របស់​សាសន៍​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក ហើយ​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ​យ័រ‌ដាន់។ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​បណ្តេញពួក​អាម៉ូរី ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ ដូច្នេះ តើ​ព្រះ​ករុណាចង់ដណ្ដើម​យក​ស្រុក​របស់​គេ​ឬ? ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រទាន​ឲ្យ តើ​ព្រះ​ករុណា​មិន​បាន​កាន់​កាប់​ជា​របស់​ទ្រង់​ទេ​ឬ? ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បណ្តេញ​ចេញ​ពី​មុខ​យើង​ខ្ញុំ នោះ​ស្រុករបស់​គេ​យើង​ខ្ញុំ​នឹង​កាន់​កាប់។ ឥឡូវ​នេះ តើ​ព្រះករុណា​វិសេស​ជាង​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់​ឬ? តើ​ស្តេច​ហ៊ាន​ឈ្លោះ​ប្រកែក​នឹង​អ៊ីស្រា‌អែល​ឬ​ទេ? តើ​ស្ដេច​ហ៊ាន​ច្បាំង​នឹង​គេឬ​ទេ? កាល​អ៊ីស្រា‌អែល​បាន​រស់​នៅ​ក្រុង​ហែសបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ នៅ​ក្រុង​អារ៉ូអ៊ើរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន អស់​រយៈ​ពេល​បីរយ​ឆ្នាំ ហេតុ​អ្វី​បាន​ជា​ព្រះ​ករុណា​មិន​រំដោះ​យកទឹក​ដី​ទាំង​នោះ​វិញ នៅ​គ្រា​នោះ​ទៅ? ដូច្នេះ ទូល​បង្គំ​មិន​បាន​ធ្វើ​អំពើ​បាប​នឹង​ព្រះ​ករុណា​ទេ គឺ​ព្រះ​ករុណា​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ទូល​បង្គំ ដោយធ្វើ​សង្គ្រាម​ជាមួយ​នឹង​ទូល​បង្គំ។ សូម​ព្រះ‌យេហូវ៉ា​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​កាត់​ក្ដីរវាង​ប្រជាជន​អ៊ីស្រា‌អែល និង​ប្រជាជន​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ចុះ»។ ប៉ុន្តែ ស្តេច​នៃ​ពួក​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ​ដែល​យែបថា​បាន​ចាត់អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ឡើយ។

ចែក​រំលែក
អាន ចៅហ្វាយ 11

ចៅហ្វាយ 11:12-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យែបថា​បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះ‌ករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូលបង្គំ​ដូច្នេះ?»។ ស្ដេច​ជន‌ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើ‌ណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ តាម​សម្រួល​ទៅ»។ លោក​យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​របស់​លោក ទៅ​ទូល​ស្ដេច​ជន‌ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន‌ជាតិ​អាំម៉ូន​ទេ។ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដេស។ ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្ដេច​មិន​បាន​យល់​ព្រម​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្ដេច​ស្រុក​ម៉ូអាប់ តែ​ស្ដេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដេស​នោះ​ទៅ។ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើ‌ណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើ‌ណូន​ជា​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់។ នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេស‌បូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​ព្រះ‌ជាម្ចាស់​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។ ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ។ ស្ដេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពេល​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្ដេច មក​ក្នុង​កណ្ដាប់​ដៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ជ័យ‌ជម្នះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី។ ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើ‌ណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រដាន់។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រា‌អែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី។ ឥឡូវ​នេះ តើ​ព្រះ‌ករុណា​ចង់​ដណ្ដើម​យក​ពី​យើង​វិញ​ឬ? ព្រះ‌ករុណា​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ព្រះ​របស់​ព្រះ‌ករុណា​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្ដើម​យក​បាន​នោះ​ទេ​ឬ​អី? តើ​ព្រះ‌ករុណា​គិត​ថា ទ្រង់​ខ្លាំង​ពូកែ​ជាង​ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ ស្ដេច​នៃ​ជន‌ជាតិ​ម៉ូអាប់​ឬ? ព្រះ‌បាទ​បាឡាក់​ពុំ​បាន​រក​រឿង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ក៏​មិន​បាន​ច្បាំង​នឹង​ពួក​គេ​ដែរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើ‌ណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ? ទូលបង្គំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ព្រះ‌រាជា​ឡើយ គឺ​ព្រះ‌រាជា​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ទូលបង្គំ។ សូម​ព្រះ‌អម្ចាស់​ដែល​ជា​ចៅ‌ក្រម មេត្តា​កាត់​ក្ដី​រវាង​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។ ប៉ុន្តែ ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សម្ដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​នោះ​ឡើយ។

ចែក​រំលែក
អាន ចៅហ្វាយ 11

ចៅហ្វាយ 11:12-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្រេច​ហើយ​យែបថា​ចាត់​សារ ឲ្យ​ទៅ​ឯ​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​សួរ​ថា តើ​លោក​នឹង​ខ្ញុំ​មាន​រឿង​អ្វី​នឹង​គ្នា បាន​ជា​លោក​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ស្រុក​ខ្ញុំ​ដូច្នេះ ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​ទូត​របស់​យែបថា​ថា គឺ​ដោយ​ព្រោះ​សាសន៍​អ៊ីស្រាអែល​បាន​ដណ្តើម​យក​ស្រុក​របស់​អញ ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ស្ទឹង​យ៉ាបុក ហើយ​ត្រឹម​ទន្លេ​យ័រដាន់ ក្នុង​កាល​ដែល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ ដូច្នេះ​ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​អញ​វិញ​ឥឡូវ ដោយ​មេត្រី​ចុះ នោះ​យែបថា​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​របស់​ពួក​កូន​ចៅ​អាំម៉ូន​ម្តង​ទៀត ទូល​ថា យែបថា​ទូល​យ៉ាង​ដូច្នេះ​ថា សាសន៍​អ៊ីស្រាអែល​មិន​បាន​យក​ស្រុក​របស់​សាសន៍​ម៉ូអាប់ ឬ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ទេ គឺ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​សាសន៍​អ៊ីស្រាអែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​ទៅ​ដល់​កាដេស រួច​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អេដំម ទូល​ថា សូម​បើក​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង តែ​ស្តេច​ស្រុក​នោះ​មិន​យល់​ព្រម​តាម​សោះ គេ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ទ្រង់​ក៏​មិន​យល់​ព្រម​ទៀត បាន​ជា​សាសន៍​អ៊ីស្រាអែល​បង្អង់​នៅ​ក្នុង​ស្រុក​កាដេស​នោះ រួច​គេ​ដើរ​តាម​ទី​រហោ‌ស្ថាន​វាង​ព័ទ្ធ​ស្រុក​អេដំម នឹង​ស្រុក​ម៉ូអាប់ តាម​ខាង​កើត​ស្រុក​ម៉ូអាប់​វិញ ហើយ​ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ស្ទឹង​អើណូន តែ​មេ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ព្រំ​ស្រុក​ម៉ូអាប់​សោះ ដ្បិត​ស្ទឹង​អើណូន​នោះ ជា​ព្រំ‌ខណ្ឌ​នៃ​ស្រុក​ម៉ូអាប់ នៅ​ទី​នោះ សាសន៍​អ៊ីស្រាអែល​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី គឺ​ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​ថា សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់ ទៅ​ឯ​កន្លែង​របស់​យើង​ខ្ញុំ​ផង តែ​ស្តេច​ទ្រង់​មិន​ទុក​ចិត្ត​ចំពោះ​សាសន៍​អ៊ីស្រាអែល នឹង​ឲ្យ​គេ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ទ្រង់​ទេ ក៏​ប្រមូល​ពួក​ទ្រង់​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​យ៉ាហាស់ ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល​យើង នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ក៏​ប្រគល់​ស៊ីហុន នឹង​ពួក​ទ្រង់​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង ហើយ​យើង​ក៏​ប្រហារ​គេ គឺ​យ៉ាង​នោះ​ហើយ ដែល​សាសន៍​អ៊ីស្រាអែល​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ជា​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​បាន គេ​ចាប់​យក​បាន​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក ហើយ​ពី​ទី​រហោ‌ស្ថាន​ទៅ​ដល់​ទន្លេ​យ័រដាន់ ឥឡូវ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បណ្តេញ​សាសន៍​អាម៉ូរី​ពី​មុខ​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់​ចេញ​ហើយ ដូច្នេះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ទ្រង់​មក​យក​ស្រុក​នេះ​ធ្វើ​អី ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​នៃ​ទ្រង់​បាន​ប្រទាន​ឲ្យ នោះ​តើ​មិន​យក​ជា​របស់​ផង​ទ្រង់​ទេ​ឬ​អី ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បណ្តេញ​ពី​មុខ​យើង​ខ្ញុំ​ទៅ នោះ​ស្រុក​របស់​គេ​ត្រូវ​បាន​ជា​របស់​ផង​យើង​ខ្ញុំ​វិញ​ដូច្នោះ​ដែរ ចុះ​តើ​ទ្រង់​វិសេស​ជាង​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់​ឬ​អី តើ​ស្តេច​នោះ​មិន​បាន​ត‌យុទ្ធ​នឹង​សាសន៍​អ៊ីស្រាអែល​ដែរ​ទេ​ឬ​អី តើ​មិន​បាន​ច្បាំង​នឹង​គេ​ទេ​ឬ ក្នុង​រវាង​៣០០​ឆ្នាំ​នេះ ដែល​សាសន៍​អ៊ីស្រាអែល​នៅ​ក្រុង​ហែសបូន នឹង​តំបន់​នៅ​ជុំវិញ នៅ​ក្រុង​អារ៉ូអ៊ើរ នឹង​តំបន់​នៅ​ជុំវិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន នោះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ចាប់​យក​ស្រុក​ពី​គេ​មក ក្នុង​គ្រា​នោះ​ទៅ ដូច្នេះ ខ្ញុំ​មិន​បាន​ធ្វើ​បាប​នឹង​ទ្រង់​ទេ គឺ​ទ្រង់​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ខ្ញុំ​វិញ ដោយ​មក​ច្បាំង​នឹង​ខ្ញុំ​ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ចៅ‌ក្រម ទ្រង់​នឹង​ជំនុំ​ជំរះ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​កូន​ចៅ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ឯង ប៉ុន្តែ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ​ដែល​យែបថា​បាន​ចាត់​សារ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ទេ។

ចែក​រំលែក
អាន ចៅហ្វាយ 11