ចៅហ្វាយ 11:1-31
ចៅហ្វាយ 11:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ មានអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ឈ្មោះយែបថា ជាកូនស្រីពេស្យាម្នាក់។ កាឡាតជាឪពុករបស់យែបថា។ រីឯប្រពន្ធរបស់កាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលកូនប្រុសៗរបស់ប្រពន្ធគាត់បានធំឡើង គេក៏បណ្តេញយែបថាចេញ ដោយពាក្យថា៖ «ឯងមិនត្រូវទទួលចំណែកមត៌កអ្វីនៅក្នុងគ្រួសារឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្ត្រីដទៃ»។ ពេលនោះ យែបថាក៏រត់ពីបងប្អូនរបស់គាត់ ចេញទៅរស់នៅស្រុកថូប រួចមានមនុស្សអនាថាមូលគ្នាមកចូលដៃជាមួយគាត់ ហើយតែងចេញទៅប្លន់ជាមួយគាត់។ លុះចំណេរក្រោយមក ពួកអាំម៉ូនបានលើកគ្នាមកច្បាំងនឹងអ៊ីស្រាអែល។ កាលពួកអាំម៉ូនមកច្បាំងនឹងអ៊ីស្រាអែល ពួកចាស់ទុំនៅស្រុកកាឡាតក៏ចេញទៅហៅយែបថានៅស្រុកថូប។ គេអង្វរយែបថាថា៖ «សូមមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។ ប៉ុន្ដែ យែបថាពោលទៅកាន់ពួកចាស់ទុំស្រុកកាឡាតថា៖ «តើអស់លោកមិនបានស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំចេញពីផ្ទះឪពុកខ្ញុំទេឬ? ឥឡូវនេះ ហេតុអ្វីបានជាមករកខ្ញុំ នៅពេលមានអាសន្នដូច្នេះ?» ពួកចាស់ទុំស្រុកកាឡាតតបថា៖ «ហេតុនេះហើយបានជាយើងមករកលោកនៅពេលនេះ ដើម្បីឲ្យលោកបានចេញទៅច្បាំងនឹងពួកអាំម៉ូនជាមួយយើង ហើយធ្វើជាមេដឹកនាំរបស់យើង គ្រប់គ្រងលើប្រជាជននៅស្រុកកាឡាតទាំងមូល»។ យែបថានិយាយទៅកាន់ពួកចាស់ទុំស្រុកកាឡាតថា៖ «ប្រសិនបើអស់លោកហៅខ្ញុំត្រឡប់ទៅស្រុកវិញ ដើម្បីប្រយុទ្ធនឹងពួកអាំម៉ូន ហើយព្រះយេហូវ៉ាប្រគល់គេមកខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។ ពួកចាស់ទុំស្រុកកាឡាតក៏បញ្ជាក់ប្រាប់យែបថាថា៖ «ព្រះយេហូវ៉ានឹងធ្វើជាសាក្សីរវាងយើងថា យើងនឹងធ្វើតាមពាក្យរបស់លោកជាប្រាកដ!» ដូច្នេះ យែបថាក៏ទៅជាមួយពួកចាស់ទុំស្រុកកាឡាត ហើយប្រជាជនក៏លើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ យែបថាក៏ប្រកាសពាក្យទាំងប៉ុន្មាននោះ នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។ បន្ទាប់មក យែបថាក៏ចាត់គេឲ្យនាំពាក្យទៅទូលស្តេចរបស់ពួកអាំម៉ូនថា៖ «តើព្រះករុណា និងខ្ញុំ មានរឿងអ្វីនឹងគ្នា បានជាព្រះករុណាមកច្បាំងនឹងទូលបង្គំ នៅស្រុកទូលបង្គំដូច្នេះ?» ស្តេចនៃពួកអាំម៉ូនឆ្លើយទៅពួកអ្នកនាំសាររបស់យែបថាថា៖ «ព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់យើង ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ទន្លេយ័រដាន់ កាលគេចេញមកពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ ចូរប្រគល់ស្រុកទាំងនោះមកយើងវិញតាមសម្រួលទៅ»។ យែបថាក៏ចាត់គេឲ្យនាំពាក្យទៅទូលស្តេចរបស់ពួកអាំម៉ូនម្តងទៀត គេទូលស្ដេចថា៖ «យែបថាមានប្រសាសន៍ដូច្នេះថា អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកអាំម៉ូនទេ តែកាលគេឡើងពីស្រុកអេស៊ីព្ទមក សាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដេស។ ពេលនោះ អ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ទូលថា "សូមមេត្តាឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង" តែស្តេចសាសន៍អេដុមមិនយល់ព្រមទេ រួចគេក៏ចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចសាសន៍ម៉ូអាប់ ទូលដូច្នោះដែរ តែស្ដេចមិនយល់ព្រមទៀត។ ដូច្នេះ អ៊ីស្រាអែលក៏ស្នាក់នៅតែត្រង់កាដេសនោះទៅ។ បន្ទាប់មក គេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ភាគខាងកើតស្រុកម៉ូអាប់ ហើយបោះជំរំនៅខាងនាយស្ទឹងអើណូន។ ប៉ុន្ដែ គេមិនបានចូលទៅក្នុងទឹកដីស្រុកម៉ូអាប់ទេ ដ្បិតស្ទឹងអើណូនជាព្រំប្រទល់ស្រុកម៉ូអាប់។ នៅទីនោះ អ៊ីស្រាអែលក៏ចាត់អ្នកនាំពាក្យឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្តេចសាសន៍អាម៉ូរី គឺជាស្តេចក្រុងហែសបូន ដោយពាក្យថា "សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា ឆ្ពោះទៅកាន់ស្រុករបស់យើងខ្ញុំផង" ប៉ុន្ដែ ព្រះបាទស៊ីហុនមិនទុកចិត្តអ៊ីស្រាអែល ដោយឲ្យគេដើរឆ្លងកាត់ទឹកដីរបស់ទ្រង់ឡើយ ហើយទ្រង់បានប្រមូលមនុស្សទាំងអស់របស់ទ្រង់ ទៅបោះទ័ពនៅយ៉ាហាស់ ហើយច្បាំងនឹងអ៊ីស្រាអែល។ ពេលនោះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ក៏ប្រគល់ស៊ីហុន និងមនុស្សទាំងប៉ុន្មានរបស់ទ្រង់ មកក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏ប្រហារគេ។ ដូច្នេះ អ៊ីស្រាអែលក៏ចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ដែលរស់នៅស្រុកនោះ។ គេចាប់យកស្រុកទាំងមូលរបស់សាសន៍អាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានរហូតដល់ទន្លេយ័រដាន់។ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បានបណ្តេញពួកអាម៉ូរី ចេញពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គហើយ ដូច្នេះ តើព្រះករុណាចង់ដណ្ដើមយកស្រុករបស់គេឬ? ឯស្រុកដែលព្រះកេម៉ូសជាព្រះរបស់ព្រះករុណាបានប្រទានឲ្យ តើព្រះករុណាមិនបានកាន់កាប់ជារបស់ទ្រង់ទេឬ? ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានបណ្តេញចេញពីមុខយើងខ្ញុំ នោះស្រុករបស់គេយើងខ្ញុំនឹងកាន់កាប់។ ឥឡូវនេះ តើព្រះករុណាវិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬ? តើស្តេចហ៊ានឈ្លោះប្រកែកនឹងអ៊ីស្រាអែលឬទេ? តើស្ដេចហ៊ានច្បាំងនឹងគេឬទេ? កាលអ៊ីស្រាអែលបានរស់នៅក្រុងហែសបូន និងភូមិនានាដែលនៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងភូមិនានាដែលនៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំ ហេតុអ្វីបានជាព្រះករុណាមិនរំដោះយកទឹកដីទាំងនោះវិញ នៅគ្រានោះទៅ? ដូច្នេះ ទូលបង្គំមិនបានធ្វើអំពើបាបនឹងព្រះករុណាទេ គឺព្រះករុណាទេតើដែលធ្វើខុសនឹងទូលបង្គំ ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះយេហូវ៉ាដែលជាចៅក្រម ព្រះអង្គកាត់ក្ដីរវាងប្រជាជនអ៊ីស្រាអែល និងប្រជាជនអាំម៉ូននៅថ្ងៃនេះចុះ»។ ប៉ុន្តែ ស្តេចនៃពួកអាំម៉ូនមិនព្រមស្តាប់ពាក្យដែលយែបថាបានចាត់អ្នកនាំពាក្យឲ្យមកទូលទ្រង់នោះឡើយ។ គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើយែបថា រួចលោកបានធ្វើដំណើរកាត់ស្រុកកាឡាត និងស្រុកម៉ាណាសេ បន្តទៅដល់មីសប៉ាក្នុងស្រុកកាឡាត ហើយចេញពីមីសប៉ាស្រុកកាឡាត បន្តទៅឯពួកអាំម៉ូន។ យែបថាសន្យាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់ពួកអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ នោះអ្វីក៏ដោយដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ នៅពេលទូលបង្គំត្រឡប់ពីពួកអាំម៉ូនមកវិញដោយសុខសាន្ត នោះនឹងបានជារបស់ព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាតង្វាយដុត»។
ចៅហ្វាយ 11:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅស្រុកកាឡាដ មានអ្នកចម្បាំងដ៏អង់អាចមួយរូប ឈ្មោះយែបថា ជាកូនរបស់ស្រីពេស្យាម្នាក់ និងបុរសឈ្មោះកាឡាដ។ រីឯភរិយារបស់លោកកាឡាដក៏បានបង្កើតកូនប្រុសៗជូនគាត់ដែរ។ លុះកូនទាំងនោះធំឡើង គេនាំគ្នាបណ្ដេញលោកយែបថា ដោយនិយាយថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមត៌ករបស់ឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្រីដទៃ»។ ពេលនោះ លោកយែបថាបានភៀសខ្លួនចេញឆ្ងាយពីបងប្អូនរបស់គាត់ ទៅរស់នៅក្នុងស្រុកថូប។ មានមនុស្សពាលមកចូលដៃជាមួយគាត់ ហើយនាំគ្នាចេញទៅប្លន់។ ចំណេរក្រោយមក ជនជាតិអាំម៉ូនលើកគ្នាមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។ លោកយែបថាឆ្លើយតបទៅពួកចាស់ទុំនៃស្រុកកាឡាដវិញថា៖ «អស់លោកបានស្អប់ខ្ញុំ ហើយបណ្ដេញខ្ញុំចេញពីផ្ទះឪពុករបស់ខ្ញុំ ឥឡូវនេះ ពេលមានអាសន្ន អស់លោកបែរជារត់មករកខ្ញុំទៅវិញ!»។ ពួកចាស់ទុំតបថា៖ «ព្រោះតែយើងខ្ញុំមានអាសន្នដូច្នេះហើយ បានជាពេលនេះ យើងខ្ញុំរត់មករកលោកវិញ ដើម្បីអញ្ជើញលោកទៅច្បាំងនឹងជនជាតិអាំម៉ូនជាមួយយើងខ្ញុំ ហើយសូមលោកធ្វើជាមេដឹកនាំលើយើងខ្ញុំ និងលើប្រជាជននៅស្រុកកាឡាដទាំងមូល»។ លោកយែបថាឆ្លើយទៅចាស់ទុំទាំងនោះថា៖ «ប្រសិនបើអស់លោកហៅខ្ញុំទៅវិញ ដើម្បីប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។ ពេលនោះ ពួកចាស់ទុំនៃស្រុកកាឡាដក៏ប្រកាសចំពោះលោកយែបថា ថា៖ «ព្រះអម្ចាស់ជាសាក្សីស្រាប់ហើយថា យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!»។ លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំឭកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។ លោកយែបថាបានចាត់គេឲ្យនាំពាក្យទៅទូលស្ដេចនៃជនជាតិអាំម៉ូនថា៖ «តើយើងមានរឿងអ្វីជាមួយគ្នា បានជាព្រះករុណាលើកទ័ពមកវាយស្រុកទូលបង្គំដូច្នេះ?»។ ស្ដេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្ដើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញ តាមសម្រួលទៅ»។ លោកយែបថាក៏ចាត់គេឲ្យនាំពាក្យរបស់លោក ទៅទូលស្ដេចជនជាតិអាំម៉ូនសាជាថ្មីថា៖ «ជនជាតិអ៊ីស្រាអែលពុំបានដណ្ដើមយកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។ នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រកក់ ហើយក៏មកដល់កាដេស។ ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ស្ដេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្ដេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្ដេចស្រុកម៉ូអាប់ តែស្ដេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដេសនោះទៅ។ ក្រោយមក ជនជាតិអ៊ីស្រាអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។ នៅទីនោះ ជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់ពួកគេ។ ប៉ុន្តែ ព្រះបាទស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រាអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្ដេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រាអែល។ ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បានប្រគល់ស្ដេចស៊ីហុន និងពលទ័ពរបស់ស្ដេច មកក្នុងកណ្ដាប់ដៃជនជាតិអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលទទួលជ័យជម្នះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។ ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។ ព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ដណ្ដើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើព្រះករុណាចង់ដណ្ដើមយកពីយើងវិញឬ? ព្រះករុណាបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះករុណាបានប្រគល់ឲ្យ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានឲ្យយើងដណ្ដើមយកបាននោះទេឬអី? តើព្រះករុណាគិតថា ទ្រង់ខ្លាំងពូកែជាងព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ ស្ដេចនៃជនជាតិម៉ូអាប់ឬ? ព្រះបាទបាឡាក់ពុំបានរករឿងជនជាតិអ៊ីស្រាអែល ហើយក៏មិនបានច្បាំងនឹងពួកគេដែរ។ ជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាព្រះរាជាមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ? ទូលបង្គំមិនបានធ្វើអ្វីខុសចំពោះព្រះរាជាឡើយ គឺព្រះរាជាទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះអម្ចាស់ដែលជាចៅក្រម មេត្តាកាត់ក្ដីរវាងជនជាតិអ៊ីស្រាអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។ ប៉ុន្តែ ស្ដេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសម្ដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកទូលនោះឡើយ។ គ្រានោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកយែបថា លោកបានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។ លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់»។
ចៅហ្វាយ 11:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណៈនោះ មានមនុស្សក្លាហាន ហើយស្ទាត់ជំនាញម្នាក់ ឈ្មោះយែបថា ជាកូនដែលកាឡាតបង្កើតនឹងស្រីសំផឹងម្នាក់ ឯប្រពន្ធកាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលពួកកូនរបស់ប្រពន្ធគាត់បានធំឡើង នោះក៏បណ្តេញយែបថាចេញ ដោយពាក្យថា ឯងមិនត្រូវបានចំណែកមរដកក្នុងគ្រួឪពុកយើងទេ ដ្បិតឯងជាកូនខាងក្រៅ នោះយែបថាក៏រត់ពីបងប្អូន ចេញទៅនៅឯស្រុកថូបទៅ រួចមានពួកមនុស្សអនាថាមូលមកចូលដៃជាមួយគ្នា គេតែងចេញទៅវាយប្លន់ជាមួយនឹងគាត់។ លុះចំណេរក្រោយមក នោះពួកកូនចៅអាំម៉ូន គេទន្ទ្រានចូលច្បាំងនឹងសាសន៍អ៊ីស្រាអែល ខណៈដែលគេទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែល នោះពួកចាស់ទុំនៅស្រុកកាឡាតក៏ចាត់គេ ឲ្យទៅហៅយែបថា ពីស្រុកថូបមក ដោយអង្វរថា សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា ដើម្បីនាំយើងចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន តែយែបថាប្រកែកដល់ពួកចាស់ទុំស្រុកកាឡាតថា តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី ហេតុអ្វីបានជាមករកខ្ញុំឥឡូវ ក្នុងគ្រាដែលមានសេចក្ដីវេទនាវិញដូច្នេះ នោះពួកចាស់ទុំស្រុកកាឡាតឆ្លើយតបថា គឺដោយហេតុនោះបានជាយើងរាល់គ្នាមករកអ្នកឥឡូវ ដើម្បីឲ្យអ្នកបានចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូនជាមួយនឹងយើង នោះអ្នកនឹងបានធ្វើជាមេរបស់យើងរាល់គ្នា គ្រប់គ្រងលើមនុស្សនៅស្រុកកាឡាតទាំងអស់ រួចយែបថាសួរបញ្ជាក់ដល់ពួកចាស់ទុំស្រុកកាឡាតថា បើអ្នករាល់គ្នានាំខ្ញុំត្រឡប់ទៅស្រុកវិញ ច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ប្រគល់គេមកនៅមុខខ្ញុំ នោះតើខ្ញុំនឹងបានធ្វើជាមេលើអ្នករាល់គ្នាពិតមែនឬ ពួកចាស់ទុំក៏ឆ្លើយថា យើងស្បថដោយនូវព្រះយេហូវ៉ាដែលទ្រង់ឮពាក្យយើងនេះថា យើងនឹងធ្វើតាមពាក្យអ្នកជាពិតប្រាកដ ដូច្នេះយែបថាក៏ទៅជាមួយនឹងពួកចាស់ទុំនៃស្រុកកាឡាតទៅ ហើយពួកបណ្តាជនក៏លើកឡើងឲ្យធ្វើជាកំពូល ហើយជាមេលើគេ រួចយែបថាក៏ទៅថ្លែងអស់ទាំងពាក្យដដែលនោះ នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា។ ស្រេចហើយយែបថាចាត់សារ ឲ្យទៅឯស្តេចពួកកូនចៅអាំម៉ូនសួរថា តើលោកនឹងខ្ញុំមានរឿងអ្វីនឹងគ្នា បានជាលោកមកច្បាំងនឹងខ្ញុំនៅស្រុកខ្ញុំដូច្នេះ ស្តេចនៃពួកកូនចៅអាំម៉ូនឆ្លើយទៅពួកទូតរបស់យែបថាថា គឺដោយព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់អញ ចាប់តាំងពីស្ទឹងអើណូនទៅដល់ស្ទឹងយ៉ាបុក ហើយត្រឹមទន្លេយ័រដាន់ ក្នុងកាលដែលគេឡើងពីស្រុកអេស៊ីព្ទមកនោះ ដូច្នេះចូរប្រគល់ស្រុកទាំងនោះមកអញវិញឥឡូវ ដោយមេត្រីចុះ នោះយែបថាក៏ចាត់សារឲ្យទៅឯស្តេចរបស់ពួកកូនចៅអាំម៉ូនម្តងទៀត ទូលថា យែបថាទូលយ៉ាងដូច្នេះថា សាសន៍អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកកូនចៅអាំម៉ូនទេ គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស រួចចាត់សារឲ្យទៅឯស្តេចស្រុកអេដំម ទូលថា សូមបើកឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង តែស្តេចស្រុកនោះមិនយល់ព្រមតាមសោះ គេក៏ចាត់សារឲ្យទៅឯស្តេចម៉ូអាប់ ទូលដូច្នោះដែរ តែទ្រង់ក៏មិនយល់ព្រមទៀត បានជាសាសន៍អ៊ីស្រាអែលបង្អង់នៅក្នុងស្រុកកាដេសនោះ រួចគេដើរតាមទីរហោស្ថានវាងព័ទ្ធស្រុកអេដំម នឹងស្រុកម៉ូអាប់ តាមខាងកើតស្រុកម៉ូអាប់វិញ ហើយដំឡើងត្រសាលនៅខាងនាយស្ទឹងអើណូន តែមេគេមិនបានចូលទៅក្នុងព្រំស្រុកម៉ូអាប់សោះ ដ្បិតស្ទឹងអើណូននោះ ជាព្រំខណ្ឌនៃស្រុកម៉ូអាប់ នៅទីនោះ សាសន៍អ៊ីស្រាអែលក៏ចាត់សារឲ្យទៅឯស៊ីហុន ជាស្តេចសាសន៍អាម៉ូរី គឺជាស្តេចក្រុងហែសបូន ដោយពាក្យថា សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ ទៅឯកន្លែងរបស់យើងខ្ញុំផង តែស្តេចទ្រង់មិនទុកចិត្តចំពោះសាសន៍អ៊ីស្រាអែល នឹងឲ្យគេដើរកាត់ព្រំស្រុករបស់ទ្រង់ទេ ក៏ប្រមូលពួកទ្រង់ទាំងអស់ ទៅបោះទ័ពនៅត្រង់យ៉ាហាស់ ច្បាំងនឹងសាសន៍អ៊ីស្រាអែលយើង នោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន នឹងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន គេចាប់យកបានស្រុករបស់សាសន៍អាម៉ូរីនោះ ចាប់តាំងពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានទៅដល់ទន្លេយ័រដាន់ ឥឡូវ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរីពីមុខពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ចេញហើយ ដូច្នេះតើត្រូវការអ្វីឲ្យទ្រង់មកយកស្រុកនេះធ្វើអី ឯស្រុកដែលព្រះកេម៉ូសជាព្រះនៃទ្រង់បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ ចុះតើទ្រង់វិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬអី តើស្តេចនោះមិនបានតយុទ្ធនឹងសាសន៍អ៊ីស្រាអែលដែរទេឬអី តើមិនបានច្បាំងនឹងគេទេឬ ក្នុងរវាង៣០០ឆ្នាំនេះ ដែលសាសន៍អ៊ីស្រាអែលនៅក្រុងហែសបូន នឹងតំបន់នៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ នឹងតំបន់នៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន នោះហេតុអ្វីបានជាទ្រង់មិនបានចាប់យកស្រុកពីគេមក ក្នុងគ្រានោះទៅ ដូច្នេះ ខ្ញុំមិនបានធ្វើបាបនឹងទ្រង់ទេ គឺទ្រង់ទេតើដែលធ្វើខុសនឹងខ្ញុំវិញ ដោយមកច្បាំងនឹងខ្ញុំដូច្នេះ ព្រះយេហូវ៉ាដ៏ជាចៅក្រម ទ្រង់នឹងជំនុំជំរះរឿងរបស់ពួកកូនចៅអ៊ីស្រាអែល នឹងពួកកូនចៅអាំម៉ូននៅថ្ងៃនេះឯង ប៉ុន្តែ ស្តេចពួកកូនចៅអាំម៉ូនមិនព្រមស្តាប់ពាក្យដែលយែបថាបានចាត់សារឲ្យមកទូលទ្រង់នោះទេ។ ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់ក៏មកសណ្ឋិតលើយែបថា រួចលោកដើរកាត់ស្រុកកាឡាត នឹងស្រុកម៉ាន៉ាសេ ទៅតាមមីសប៉ា-កាឡាត ហើយពីទីនោះក៏ដំរង់ទៅឯពួកកូនចៅអាំម៉ូន យែបថាក៏បន់ព្រះយេហូវ៉ា ដោយពាក្យថា បើសិនជាទ្រង់ប្រគល់ពួកកូនចៅអាំម៉ូនមកក្នុងកណ្តាប់ដៃនៃទូលបង្គំពិត នោះអ្វីៗណាដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ ក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញ ដោយសុខសាន្ត នោះនឹងបានជារបស់ផងព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាដង្វាយដុត