ចៅហ្វាយ 10:6-8
ចៅហ្វាយ 10:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់ព្រះបាល និងព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់សាសន៍ស៊ីរី ព្រះរបស់សាសន៍ស៊ីដូន ព្រះរបស់សាសន៍ម៉ូអាប់ ព្រះរបស់ពួកអាំម៉ូន និងព្រះរបស់ពួកភីលីស្ទីនទៀតផង។ គេបានបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបានគោរពប្រតិបត្តិដល់ព្រះអង្គទៀតឡើយ។ ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងទៅក្នុងកណ្ដាប់នៃរបស់ពួកអាំម៉ូន ពួកសាសន៍ទាំងនោះក៏ធ្វើបាប ហើយសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកអាម៉ូរី គឺស្រុកកាឡាត ចាប់ពីឆ្នាំនោះ រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ។
ចៅហ្វាយ 10:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលព្រះអម្ចាស់ ហើយមិនគោរពថ្វាយបង្គំព្រះអង្គទៀតឡើយ។ ដូច្នេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយជនជាតិអ៊ីស្រាអែល ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។ ចាប់តាំងពីឆ្នាំនោះមក រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ ជនជាតិទាំងពីរបានសង្កត់សង្កិន និងធ្វើបាបជនជាតិអ៊ីស្រាអែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ខាងកើតទន្លេយ័រដាន់។
ចៅហ្វាយ 10:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនឹងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន នឹងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់លក់គេទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន នឹងពួកកូនចៅអាំម៉ូន ពួកទាំងនោះក៏ធ្វើទុក្ខ ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកសាសន៍អាម៉ូរី គឺជាស្រុកកាឡាត ចាប់តាំងពីឆ្នាំនោះ រហូតដល់អស់១៨ឆ្នាំតទៅមុខ