ចៅហ្វាយ 10:11-18

ចៅហ្វាយ 10:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ថា៖ «តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​អេស៊ីព្ទ និង​ពួក​អាម៉ូរី ពី​ពួក​អាំម៉ូន និង​ពី​ពួក​ភីលី‌ស្ទីន​ទេ​ឬ? មួយ​ទៀត ពួក​ស៊ីដូន ពួក​អាម៉ា‌ឡេក និង​ពួក​ម៉ាអូន ក៏​បាន​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​ដែរ តែ​កាល​អ្នក​រាល់​គ្នា​បាន​ស្រែក​អំពាវ‌នាវ​រក​យើង នោះ​យើង​ក៏​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ដែរ។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដូច្នេះ យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ចូរ​ទៅហៅ​រក​ព្រះ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ទៅ ទុក​ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​នេះ​ទៅ!»។ ប៉ុន្ដែ ប្រជាជន​អ៊ីស្រា‌អែល​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ តែ​សូម​ព្រះ‌អង្គ​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​នៅ​ថ្ងៃ​នេះ​ផង!»។ ដូច្នេះ គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ដោយ​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អ៊ីស្រា‌អែល។ គ្រា​នោះ ពួក​អាំម៉ូន​បាន​មូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​ស្រុក​កាឡាត ឯ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​មីស‌ប៉ា​ដែរ។ ប្រជាជន និង​មេ​ដឹក​នាំ​របស់​ពួក​កាឡាត សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​ហ៊ាន​នាំ​មុខ​ច្បាំង​នឹង​ពួក​អាំម៉ូន​មុន​គេ? អ្នក​ណា​ហ៊ាន អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​កាឡាត​ទាំង​មូល»។

ចែក​រំលែក
អាន ចៅហ្វាយ 10

ចៅហ្វាយ 10:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពេល​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន ជន‌ជាតិ​ស៊ីដូន ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​ម៉ាអូន បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ​ឬ​អី? ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ទៅ​គោរព​បម្រើ​ព្រះ​ផ្សេងៗ​ទៀត យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ឲ្យ​ជួយ​ទៅ! ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​ព្រះអង្គ​វិញ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ តែ​ថ្ងៃ​នេះ សូម​ទ្រង់​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។ ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់​វិញ ធ្វើ​ឲ្យ​ព្រះអង្គ​រំជួល​ព្រះ‌ហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ គ្រា​នោះ ជន‌ជាតិ​អាំម៉ូន​ប្រមូល​ផ្ដុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីស‌ប៉ា​ដែរ។ ប្រជា‌ជន​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្រេច​ថា អ្នក​ណា​ហ៊ាន​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន​មុន​គេ អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​កាឡាដ​ទាំង​មូល។

ចែក​រំលែក
អាន ចៅហ្វាយ 10

ចៅហ្វាយ 10:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ទៅ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា តើ​អញ​មិន​បាន​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​សាសន៍​អេស៊ីព្ទ សាសន៍​អាម៉ូរី នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នឹង​សាសន៍​ភីលីស្ទីន​ទេ​ឬ​អី មួយ​ទៀត ពួក​សាសន៍​ស៊ីដូន សាសន៍​អាម៉ា‌លេក នឹង​ពួក​ម៉ាអូន បាន​ធ្វើ​ទុក្ខ​ដល់​ឯង​រាល់​គ្នា​ដែរ តែ​កាល​ឯង​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​អញ នោះ​អញ​បាន​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ទៅ ប៉ុន្តែ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ដូច្នេះ អញ​មិន​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ទៀត​ឡើយ ចូរ​ទៅ​អំពាវ‌នាវ​ដល់​ព្រះ​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​បាន​រើស​នោះ​វិញ ត្រូវ​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ឯង​ក្នុង​វេលា​ដែល​មាន​សេចក្ដី​វេទនា​ចុះ តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទូល​តប​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​រាល់​គ្នា​មាន​បាប​ហើយ ដូច្នេះ​សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ តាម​តែ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ សូម​តែ​ជួយ​យើង​ខ្ញុំ​ឲ្យ​រួច​នៅ​ថ្ងៃ​នេះ​កុំ​ខាន រួច​គេ​យក​អស់​ទាំង​ព្រះ​ដទៃ​របស់​គេ​ចោល​ចេញ ក៏​បែរ​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​ក៏​មាន​សេចក្ដី​រំជួល ដោយ​ព្រោះ​សេចក្ដី​វេទនា​នៃ​ពួក​អ៊ីស្រាអែល។ គ្រា​នោះ ពួក​កូន​ចៅ​អាំម៉ូន គេ​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​មីសប៉ា នោះ​ពួក​បណ្តាជន នឹង​ពួក​អ្នក​ជា​កំពូល​របស់​ពួក​កាឡាត គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​ហ៊ាន​ចាប់​ផ្តើម​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន អ្នក​ណា​ដែល​ហ៊ាន នោះ​នឹង​បាន​ធ្វើ​ជា​មេ​លើ​ពួក​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់។

ចែក​រំលែក
អាន ចៅហ្វាយ 10