ចៅហ្វាយ 10:1-5 - Compare All Versions
ចៅហ្វាយ 10:1-5 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ក្រោយពីអ័ប៊ីម៉្មាឡិចមក មានថូឡា ជាកូនពូវ៉ា និងជាចៅដូដូរ ក្នុងពួកអ៊ីសាខារបានងើបឡើង ដើម្បីសង្គ្រោះពួកអ៊ីស្រាអែល លោករស់នៅសាមារ ក្នុងស្រុកភ្នំអេប្រាអិម។ លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅសាមារនោះ។ ក្រោយពីថូឡាមក មានយ៉ាអ៊ារ ជាពួកកាឡាត បានងើបឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ លោកមានកូនប្រុសសាមសិបនាក់ ដែលមានកូនលាមួយម្នាក់សម្រាប់ជិះ ហើយពួកគេមានទីក្រុងសាមសិប ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ រហូតដល់សព្វថ្ងៃ ក្រុងទាំងនោះនៅក្នុងស្រុកកាឡាត។ បន្ទាប់មក យ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅក្រុងកាម៉ូន។
ចៅហ្វាយ 10:1-5 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ក្រោយពេលលោកអប៊ីម៉ាឡេកទទួលមរណភាពផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រាអែល។ លោកជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ លោកបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅស្រុកសាមារនោះ។ ក្រោយពេលលោកថូឡាទទួលមរណភាពទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រាអែលអស់រយៈពេលម្ភៃពីរឆ្នាំ។ លោកមានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និងគ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។ បន្ទាប់មក លោកយ៉ាអៀរក៏ទទួលមរណភាព គេបញ្ចុះសពរបស់លោកនៅក្រុងកាម៉ូន។
ចៅហ្វាយ 10:1-5 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ក្រោយពីអ័ប៊ីម៉្មាឡិច នោះមានថូឡា ជាកូនពូវ៉ា ដែលជាកូនដូដូរ ក្នុងពួកអ៊ីសាខារ បានតាំងឡើងជួយសង្គ្រោះដល់ពួកអ៊ីស្រាអែល លោកនៅត្រង់សាមារ ក្នុងស្រុកភ្នំអេប្រាអិម ក៏បានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់២៣ឆ្នាំ រួចស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់សាមារនោះ។ ក្រោយពីនោះមកមានយ៉ាអ៊ារ ជាពួកកាឡាត បានតាំងឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់២២ឆ្នាំ លោកមានកូនប្រុស៣០នាក់ ដែលមានកូនលា១ម្នាក់សំរាប់ជិះ គេក៏មានទីក្រុង៣០ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ ក្រុងទាំងនោះនៅស្រុកកាឡាត ឯយ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់កាម៉ូន។