ចៅហ្វាយ 1:27-33
ចៅហ្វាយ 1:27-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។ កាលសាសន៍អ៊ីស្រាអែលមានកម្លាំងឡើង គេបង្ខំពួកសាសន៍កាណានឲ្យធ្វើការជាទម្ងន់ តែមិនបានបណ្តេញពួកនោះចេញទាំងអស់ទេ។ ឯពួកអេប្រាអិមក៏មិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរចេញដែរ គឺពួកកាណានបានរស់នៅក្រុងកេស៊ើរ ក្នុងចំណោមពួកគេតទៅទៀត។ ពួកសាប់យូឡូនក៏មិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញដែរ គឺពួកសាសន៍កាណានរស់នៅក្នុងចំណោមពួកគេ ហើយត្រូវបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអេស៊ើរមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ គឺពួកអេស៊ើររស់នៅក្នុងចំណោមសាសន៍កាណាន ដែលនៅស្រុកនោះ ដ្បិតគេមិនបានបណ្តេញសាសន៍ទាំងនោះចេញទេ។ ពួកណែបថាលីក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេរស់នៅក្នុងចំណោមពួកសាសន៍កាណាន ដែលនៅស្រុកនោះ។ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាត ត្រូវបង្ខំឲ្យធ្វើការជាទម្ងន់បម្រើពួកគេ។
ចៅហ្វាយ 1:27-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្ដេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។ ពេលជនជាតិអ៊ីស្រាអែលមានកម្លាំង គេពុំបណ្ដេញជនជាតិកាណានចេញពីនោះទេ តែគេបង្ខំពួកនោះឲ្យធ្វើការជាទម្ងន់។ កុលសម្ព័ន្ធអេប្រាអ៊ីមក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងកេស៊ើរដែរ ដូច្នេះ ពួកនេះក៏រស់នៅក្នុងចំណោមកុលសម្ព័ន្ធអេប្រាអ៊ីម នៅក្រុងកេស៊ើរតទៅទៀត។ កុលសម្ព័ន្ធសាប់យូឡូនក៏មិនបានបណ្ដេញអ្នកស្រុកគីត្រូន និងអ្នកស្រុកណាហាឡាល ចេញពីស្រុកនោះដែរ។ ជនជាតិកាណានក៏រស់នៅជាមួយកុលសម្ព័ន្ធសាប់យូឡូន តែត្រូវគេបង្ខំឲ្យធ្វើការជាទម្ងន់។ កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។ កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្ដេញជនជាតិទាំងនោះចេញពីស្រុកឡើយ។ កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេមែស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេមែស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។
ចៅហ្វាយ 1:27-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន នឹងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក នឹងតំបន់នៅជុំវិញ ពួកក្រុងដោរ នឹងតំបន់នៅជុំវិញ ពួកក្រុងយីបលាម នឹងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ នឹងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកំឡាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបំរើគេ ឥតបានបណ្តេញទាំងអស់ទេ។ ឯពួកអេប្រាអិម គេមិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរដែរ គឺពួកកាណាននោះបាននៅកេស៊ើរ ជាកណ្តាលពួកគេវិញ។ ឯពួកសាប់យូល៉ូន គេមិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញទេ គឺពួកសាសន៍កាណាននៅជាកណ្តាលពួកគេ ហើយក៏ទទួលព្រមធ្វើការបំរើគេ។ ឯពួកអេស៊ើរ គេមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ គឺពួកអេស៊ើរនៅជាកណ្តាលសាសន៍កាណានដែលនៅស្រុកនោះវិញ ពីព្រោះគេមិនបានបណ្តេញសាសន៍នោះចេញទេ។ ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស នឹងបេត-អាណាតបានទទួលព្រមធ្វើការបំរើដល់គេ។