ចៅហ្វាយ 1:1-36
ចៅហ្វាយ 1:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីលោកយ៉ូស្វេបានស្លាប់ហើយ ពួកកូនចៅអ៊ីស្រាអែលទូលសួរព្រះយេហូវ៉ាថា៖ «ក្នុងចំណោមយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវឲ្យពួកយូដាឡើងទៅ មើល៍ យើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់គេហើយ»។ ពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា «សូមឡើងទៅជាមួយយើងខ្ញុំ ទៅឯទឹកដីដែលជាចំណែករបស់យើងខ្ញុំ ដើម្បីច្បាំងនឹងសាសន៍កាណាន។ បន្ទាប់មក យើងខ្ញុំនឹងទៅឯទឹកដីដែលជាចំណែករបស់បងប្អូន ជាមួយបងប្អូនដែរ»។ ដូច្នេះ ពួកស៊ីម្មានក៏ព្រមទៅជាមួយ។ បន្ទាប់មក ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្ដាប់ដៃរបស់គេ ហើយគេប្រហារពួកសាសន៍នោះអស់មួយម៉ឺននាក់ នៅក្រុងបេសេក។ គេបានឃើញអ័ដូនី-បេសេកនៅក្រុងបេសេក រួចច្បាំងនឹងលោក ព្រមទាំងវាយសម្លាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង។ ឯអ័ដូនី-បេសេកបានរត់ចេញ តែគេដេញតាម ហើយក៏ចាប់បាន រួចកាត់មេដៃ និងមេជើងរបស់លោក។ អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។ ពេលនោះ ប្រជាជនយូដាច្បាំងនឹងក្រុងយេរូសាឡិម ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយដុតទីក្រុងនោះចោល។ ក្រោយមក ប្រជាជនយូដាចុះទៅច្បាំងនឹងសាសន៍កាណាន ដែលរស់នៅស្រុកភ្នំ នៅតំបន់ណេកិប និងនៅតំបន់វាលទំនាបថែមទៀត។ ពួកយូដាច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុន (រីឯក្រុងហេប្រុននោះកាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេសម្លាប់ពួកសេសាយ ពួកអ័ហ៊ីម៉ាន និងពួកតាលម៉ាយដែរ។ ពីទីនោះ គេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)។ គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកអាកសា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ »។ ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនលោកកាលែប បានទៅវាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសាឲ្យទៅធ្វើជាប្រពន្ធរបស់គាត់។ កាលនាងបានទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្តីឲ្យសូមដីពីឪពុក។ កាលលោតចុះពីលើខ្នងលាដែលនាងជិះ លោកកាលែបសួរថា៖ «តើកូនមានការអ្វី?» នាងឆ្លើយថា៖ «សូមលោកឪពុកចែកចំណែកមួយមកកូនផង ដ្បិតលោកឪពុកបានឲ្យដីនៅតំបន់ណេកិបដល់កូនហើយ ដូច្នេះ សូមចែកឲ្យកូនមានអណ្ដូងទឹកផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកខាងលើ និងខាងក្រោមឲ្យនាង។ ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅតំបន់ណេកិប ជិតស្រុកអើរ៉ាត ជាមួយពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយពួកអ្នកស្រុកនោះ។ ពួកយូដាចេញទៅជាមួយពួកស៊ីម្មានជាបងប្អូន ហើយគេនាំគ្នាវាយសម្លាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ។ ដូច្នេះ គេក៏ហៅទីក្រុងនោះថា ហោម៉ា ។ ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងទឹកដីដែលនៅជុំវិញ និងអាសកាឡូន ព្រមទាំងទឹកដីដែលនៅជុំវិញ និងអេក្រុន ព្រមទាំងទឹកដីដែលនៅជុំវិញ។ ព្រះយេហូវ៉ាគង់ជាមួយពួកយូដា ហើយគេវាយយកបានស្រុកភ្នំ តែគេពុំអាចបណ្តេញពួកអ្នកដែលរស់នៅវាលច្រកភ្នំចេញបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងដែលធ្វើពីដែក។ គេក៏ឲ្យក្រុងហេប្រុនដល់លោកកាលែប ដូចលោកម៉ូសេបានបង្គាប់មក ហើយលោកក៏បណ្តេញពួកកូនអ័ណាក់ទាំងបីនាក់ចេញ ពីក្រុងនោះ។ រីឯពួកកូនចៅបេនយ៉ាមីនវិញ គេមិនបានបណ្តេញពួកសាសន៍យេប៊ូសដែលនៅក្រុងយេរូសាឡិមចេញទេ។ ដូច្នេះ សាសន៍យេប៊ូសបានរស់នៅជាមួយកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិមរហូតដល់សព្វថ្ងៃ។ ពូជពង្សរបស់លោកយ៉ូសែប ក៏ឡើងទៅទាស់នឹងក្រុងបេត-អែល ហើយព្រះយេហូវ៉ាគង់ជាមួយពួកគេ។ ពួកគេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែល (រីឯទីក្រុងនោះពីដើមហៅថា «លូស»)។ ពេលពួកឈ្លបឃើញបុរសម្នាក់ចេញពីទីក្រុងមក គេក៏សួរថា៖ «សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង យើងនឹងប្រោសប្រណីដល់អ្នក»។ បុរសនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សម្លាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងបុរសនោះ ព្រមទាំងគ្រួសាររបស់គាត់ទាំងមូលឲ្យចាកចេញដោយសុខសាន្ត។ បុរសនោះក៏ទៅសង់ទីក្រុងមួយនៅស្រុកសាសន៍ហេត រួចដាក់ឈ្មោះក្រុងនោះថា «លូស»។ ឈ្មោះនោះក៏នៅរហូតដល់សព្វថ្ងៃ។ ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។ កាលសាសន៍អ៊ីស្រាអែលមានកម្លាំងឡើង គេបង្ខំពួកសាសន៍កាណានឲ្យធ្វើការជាទម្ងន់ តែមិនបានបណ្តេញពួកនោះចេញទាំងអស់ទេ។ ឯពួកអេប្រាអិមក៏មិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរចេញដែរ គឺពួកកាណានបានរស់នៅក្រុងកេស៊ើរ ក្នុងចំណោមពួកគេតទៅទៀត។ ពួកសាប់យូឡូនក៏មិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញដែរ គឺពួកសាសន៍កាណានរស់នៅក្នុងចំណោមពួកគេ ហើយត្រូវបង្ខំឲ្យធ្វើការជាទម្ងន់។ ពួកអេស៊ើរមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ គឺពួកអេស៊ើររស់នៅក្នុងចំណោមសាសន៍កាណាន ដែលនៅស្រុកនោះ ដ្បិតគេមិនបានបណ្តេញសាសន៍ទាំងនោះចេញទេ។ ពួកណែបថាលីក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេរស់នៅក្នុងចំណោមពួកសាសន៍កាណាន ដែលនៅស្រុកនោះ។ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាត ត្រូវបង្ខំឲ្យធ្វើការជាទម្ងន់បម្រើពួកគេ។ ពួកសាសន៍អាម៉ូរីបានជម្រុញពួកកូនចៅដាន់ឲ្យទៅរស់នៅស្រុកភ្នំ គឺមិនព្រមបើកឲ្យពួកគេចុះមករស់នៅវាលច្រកភ្នំឡើយ។ ពួកសាសន៍អាម៉ូរីបានតាំងចិត្តរស់នៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងដៃត្រួតត្រាលើពួកគេ នោះគេក៏បង្ខំឲ្យធ្វើការជាទម្ងន់។ ព្រំដែនរបស់សាសន៍អាម៉ូរីលាតសន្ធឹងចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺចាប់ពីថ្មដាឡើងទៅ។
ចៅហ្វាយ 1:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពេលលោកយ៉ូស្វេទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលទូលសួរព្រះអម្ចាស់ថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»? ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «កុលសម្ព័ន្ធយូដាត្រូវឡើងទៅមុន ដ្បិតយើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ»។ កុលសម្ព័ន្ធយូដាក៏និយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនថា៖ «សុំឡើងជាមួយយើងខ្ញុំ ឆ្ពោះទៅកាន់ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ យើងច្បាំងនឹងជនជាតិកាណានជាមួយគ្នា។ បន្ទាប់មក យើងខ្ញុំនឹងទៅច្បាំងយកទឹកដីដែលជាចំណែកមត៌ករបស់បងប្អូន រួមជាមួយបងប្អូនដែរ»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏រួបរួមនឹង កុលសម្ព័ន្ធយូដា ហើយចេញទៅច្បាំងជាមួយគ្នា។ ព្រះអម្ចាស់ក៏ប្រទានឲ្យគេមានជ័យជម្នះលើជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់ នៅបេសេក។ នៅបេសេក ពួកគេបានជួបស្ដេចអាដូនី-បេសេក ហើយនាំគ្នាច្បាំងនឹងស្ដេចនោះ។ ពួកគេច្បាំងឈ្នះជនជាតិកាណាន និងជនជាតិពេរិស៊ីត។ ស្ដេចអាដូនី-បេសេកក៏រត់ភៀសខ្លួន តែត្រូវពួកគេដេញតាមចាប់បាន ហើយកាត់មេដៃ និងមេជើងរបស់ស្ដេចទៀតផង។ ស្ដេចអាដូនី-បេសេកមានរាជឱង្ការថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្ដេចចិតសិបអង្គ ហើយស្ដេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ ព្រះជាម្ចាស់បានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្ដេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្ដេចក៏សោយទិវង្គតនៅទីនោះ។ កុលសម្ព័ន្ធយូដាវាយយកបានក្រុងយេរូសាឡឹមដែរ ពួកគេសម្លាប់រង្គាលប្រជាជន រួចដុតក្រុងនោះចោល។ បន្ទាប់មក កុលសម្ព័ន្ធយូដាក៏ចុះទៅច្បាំងនឹងជនជាតិកាណាន ដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបថែមទៀតផង។ កុលសម្ព័ន្ធយូដាបានវាយប្រហារជនជាតិកាណាន ដែលរស់នៅក្រុងហេប្រូន ពីដើមហៅថាគារយ៉ាត់-អើបា ហើយពួកគេបានប្រហារអំបូរសេសាយ អំបូរអហ៊ីម៉ាន និងអំបូរតាល់ម៉ាយដែរ។ ពីទីនោះ ពួកគេវាយប្រហារប្រជាជននៅក្រុងដេបៀរ(ពីដើមហៅថាគារយ៉ាត់-សេភើរ)។ គ្រានោះ លោកកាលែបមានប្រសាសន៍ថា៖ «បើនរណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកកូនស្រីរបស់ខ្ញុំ ឈ្មោះនាងអាក់សាឲ្យធ្វើជាប្រពន្ធ»។ ពេលនោះ លោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនលោកកាលែប វាយយកក្រុងបាន។ លោកកាលែបក៏លើកនាងអាកសា ជាកូនស្រី ឲ្យធ្វើជាភរិយារបស់គាត់។ ពេលទៅនៅជាមួយប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុកនាង។ កាលនាងចុះពីលើខ្នងលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។ នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះដល់កូន ដីដែលលោកឪពុកឲ្យកូននៅតំបន់ខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមលោកឪពុកមេត្តាចែកអណ្ដូងទឹកឲ្យកូនផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោម ឲ្យនាង។ ជនជាតិកែន ជាពូជពង្សរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងយេរីខូ គឺក្រុងដើមលម៉ើ ជាមួយកូនចៅយូដា ឆ្ពោះទៅវាលរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងស្រុកអើរ៉ាត ហើយតាំងទីលំនៅក្នុងចំណោមប្រជាជននៅស្រុកនោះ។ បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូន នាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា។ កុលសម្ព័ន្ធយូដាក៏វាយយកបានក្រុងកាសា ក្រុងអាសកាឡូន និងក្រុងអេក្រូន ព្រមទាំងទឹកដីដែលនៅជុំវិញក្រុងទាំងនោះផង។ ព្រះអម្ចាស់គង់នៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្ដេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងធ្វើអំពីដែក។ ពួកគេបានប្រគល់ក្រុងហេប្រូនជូនលោកកាលែប ដូចលោកម៉ូសេបានបង្គាប់ទុក ហើយលោកកាលែបក៏បណ្ដេញអំបូរអណាក់ទាំងបី រួចកាន់កាប់ក្រុងនោះទៅ។ រីឯកុលសម្ព័ន្ធបេនយ៉ាមីនវិញ គេមិនបានបណ្ដេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់ជាមួយកុលសម្ព័ន្ធបេនយ៉ាមីន នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។ ចំណែកឯពូជពង្សរបស់លោកយ៉ូសែបវិញ ក៏ចេញទៅច្បាំងនឹងក្រុងបេតអែលដែរ ហើយព្រះអម្ចាស់គង់នៅជាមួយពួកគេ។ ដំបូង គេបញ្ជូនមនុស្សឲ្យទៅស៊ើបមើលទីក្រុងនោះ ដែលពីដើមមានឈ្មោះថា«លូស»។ ពេលឃើញបុរសម្នាក់ចេញពីទីក្រុង អ្នកស៊ើបការណ៍ក៏ពោលទៅគាត់ថា៖ «តើគេអាចចូលទៅទីក្រុងតាមផ្លូវណា ចូរប្រាប់យើងមក៍ យើងនឹងប្រណីដល់អ្នក»។ បុរសនោះក៏បង្ហាញផ្លូវចូលទៅទីក្រុង។ ពួកគេប្រហារជីវិតអ្នកក្រុងនោះ ដោយមុខដាវ តែគេទុកឲ្យបុរសនោះ និងគ្រួសារគាត់ទាំងមូលចាកចេញទៅ។ បុរសនោះបានធ្វើដំណើរទៅស្រុកហេត ហើយសង់ក្រុងមួយ ដែលគាត់ដាក់ឈ្មោះថា «លូស» ជាឈ្មោះដែលគេហៅរហូតដល់សព្វថ្ងៃ។ រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្ដេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។ ពេលជនជាតិអ៊ីស្រាអែលមានកម្លាំង គេពុំបណ្ដេញជនជាតិកាណានចេញពីនោះទេ តែគេបង្ខំពួកនោះឲ្យធ្វើការជាទម្ងន់។ កុលសម្ព័ន្ធអេប្រាអ៊ីមក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងកេស៊ើរដែរ ដូច្នេះ ពួកនេះក៏រស់នៅក្នុងចំណោមកុលសម្ព័ន្ធអេប្រាអ៊ីម នៅក្រុងកេស៊ើរតទៅទៀត។ កុលសម្ព័ន្ធសាប់យូឡូនក៏មិនបានបណ្ដេញអ្នកស្រុកគីត្រូន និងអ្នកស្រុកណាហាឡាល ចេញពីស្រុកនោះដែរ។ ជនជាតិកាណានក៏រស់នៅជាមួយកុលសម្ព័ន្ធសាប់យូឡូន តែត្រូវគេបង្ខំឲ្យធ្វើការជាទម្ងន់។ កុលសម្ព័ន្ធអេស៊ើរមិនបានបណ្ដេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។ កុលសម្ព័ន្ធអេស៊ើរក៏រស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ ព្រោះគេមិនបានបណ្ដេញជនជាតិទាំងនោះចេញពីស្រុកឡើយ។ កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្ដេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេមែស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេមែស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។ ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់ឲ្យទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្ដោយឲ្យពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។ ជនជាតិអាម៉ូរីរស់នៅក្រុងហេរេស អាយ៉ាឡូន និងសាលប៊ីម។ ប៉ុន្តែក្រោយមក ពូជពង្សរបស់លោកយ៉ូសែបមានកម្លាំងត្រួតត្រាលើពួកគេ និងបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ រីឯដែនដីរបស់ជនជាតិអាម៉ូរីនោះលាតសន្ធឹងពីច្រកភ្នំអាក្រាប៊ីម គឺចាប់តាំងពីផ្ទាំងថ្មសិលាឡើងទៅ។
ចៅហ្វាយ 1:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯគ្រាក្រោយដែលលោកយ៉ូស្វេបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលគេទូលសួរព្រះយេហូវ៉ាថា ក្នុងពួកយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ត្រូវឲ្យពួកយូដាឡើងទៅចុះ មើល អញបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃរបស់គេហើយ នោះពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា សូមឡើងទៅឯស្រុកជាចំណែកខ្ញុំ ជាមួយនឹងខ្ញុំចុះ ដើម្បីច្បាំងនឹងសាសន៍កាណាន នោះយើងនឹងទៅឯស្រុកជាចំណែករបស់បងប្អូន ជាមួយនឹងបងប្អូនដែរ ដូច្នេះពួកស៊ីម្មានក៏ព្រមទៅជាមួយ ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាទ្រង់ប្រគល់ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីត មកក្នុងកណ្តាប់ដៃរបស់គេ នោះគេប្រហារពួកសាសន៍នោះអស់១ម៉ឺននាក់ នៅក្រុងបេសេក ក៏ឃើញអ័ដូនី-បេសេកនៅក្រុងនោះ រួចច្បាំងនឹងលោក ព្រមទាំងវាយសំឡាប់ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតផង ឯអ័ដូនី-បេសេក បានរត់ចេញវិញ តែគេដេញតាមចាប់បានមក ហើយកាត់មេដៃមេជើងរបស់លោកចេញ ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡិម ហើយលោកស្លាប់នៅទីនោះទៅ។ ពួកកូនចៅយូដាក៏ច្បាំងនឹងក្រុងយេរូសាឡិមដែរ ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយឆួលដុតទីក្រុងចោលផង ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង នឹងស្រុកទំនាបថែមទៀត រួចច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុនដែរ (រីឯក្រុងហេប្រុននោះ កាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេប្រហារសំឡាប់សេសាយ អ័ហ៊ីម៉ាន នឹងតាលម៉ាយបង់។ រួចពីនោះគេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ) ឯកាលែបគាត់បានសន្យាថា បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ធ្វើជាប្រពន្ធអ្នកនោះ ដូច្នេះអូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសាទៅធ្វើជាប្រពន្ធគាត់ទៅ កាលនាងបានចូលទៅ នោះក៏បបួលប្ដីឲ្យសូមដីពីឪពុក រួចនាងលោតចុះពីលើលាដែលនាងជិះមក ដូច្នេះ កាលែបសួរថា ដូចម្តេចហ្នឹង នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។ ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ គេចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងអើរ៉ាត ជាមួយនឹងពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយនឹងពួកអ្នកស្រុកនោះ។ នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មានជាបងប្អូនវិញ គេនាំគ្នាវាយសំឡាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា) ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក នឹងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនឹងអេក្រុន ព្រមទាំងដែនស្រុកដែរ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។ ឯពួកវង្សយ៉ូសែប គេឡើងទៅទាស់នឹងបេត-អែល ហើយព្រះយេហូវ៉ាក៏គង់ជាមួយនឹងគេ គេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែលនោះ (រីឯទីក្រុងនោះ ពីដើមហៅថា លូស) ពួកឈ្លបនោះគេបានឃើញមនុស្សម្នាក់ចេញពីទីក្រុងមក ហើយក៏សួរថា សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង នោះយើងនឹងអាណិតមេត្តាដល់អ្នក អ្នកនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សំឡាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងអ្នកនោះ ព្រមទាំងគ្រួសារគាត់ឲ្យទៅវិញ អ្នកនោះក៏ទៅសង់ទីក្រុង១នៅត្រង់ស្រុកសាសន៍ហេត រួចដាក់ឈ្មោះថា ក្រុងលូស ឈ្មោះនោះក៏នៅជាប់ដរាបដល់សព្វថ្ងៃនេះ។ ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន នឹងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក នឹងតំបន់នៅជុំវិញ ពួកក្រុងដោរ នឹងតំបន់នៅជុំវិញ ពួកក្រុងយីបលាម នឹងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ នឹងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកំឡាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបំរើគេ ឥតបានបណ្តេញទាំងអស់ទេ។ ឯពួកអេប្រាអិម គេមិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរដែរ គឺពួកកាណាននោះបាននៅកេស៊ើរ ជាកណ្តាលពួកគេវិញ។ ឯពួកសាប់យូល៉ូន គេមិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញទេ គឺពួកសាសន៍កាណាននៅជាកណ្តាលពួកគេ ហើយក៏ទទួលព្រមធ្វើការបំរើគេ។ ឯពួកអេស៊ើរ គេមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ គឺពួកអេស៊ើរនៅជាកណ្តាលសាសន៍កាណានដែលនៅស្រុកនោះវិញ ពីព្រោះគេមិនបានបណ្តេញសាសន៍នោះចេញទេ។ ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស នឹងបេត-អាណាតបានទទួលព្រមធ្វើការបំរើដល់គេ។ ឯពួកកូនចៅដាន់ នោះពួកសាសន៍អាម៉ូរីបានបង្ខំឲ្យគេទៅនៅស្រុកភ្នំ មិនព្រមឲ្យគេចុះមកនៅវាលច្រកភ្នំឡើយ ឯពួកសាសន៍អាម៉ូរីនោះ បានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន នឹងក្រុងស្អាលប៊ីម ប៉ុន្តែ កាលដៃពួកវង្សយ៉ូសែបបានឈ្នះ នោះក៏បង្ក្រាបគេឲ្យទទួលព្រមធ្វើការបំរើវិញ ឯព្រំស្រុករបស់សាសន៍អាម៉ូរី នោះចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺពីថ្មដាឡើងទៅលើ។