យ៉ាកុប 5:7-10
យ៉ាកុប 5:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។ បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។
យ៉ាកុប 5:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់ឲ្យ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។ បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឲ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។ បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ព្រះអង្គឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ ចូរយកតម្រាប់តាមពួកព្យាការី*ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។
យ៉ាកុប 5:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែ គេរង់ចាំផលវិសេស ដែលកើតពីដីមក ដោយសេចក្ដីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ នឹងចុងរដូវផង ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ បងប្អូនអើយ កុំឲ្យរទូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ក្រែងមានទោស មើលចៅក្រម លោកឈរនៅមាត់ទ្វារហើយ បងប្អូនអើយ ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីអត់ធ្មត់ចុះ