យ៉ាកុប 5:13-20

យ៉ាកុប 5:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កើត​ទុក្ខ​លំបាក​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន។ តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង។ ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់ក្រោក​ឡើង​វិញ។ ប្រសិន‌បើ​គាត់​បាន​ប្រ​ព្រឹត្ត​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស។ ដូច្នេះ ចូរ​លន់​តួ​ទោស​បាប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដ្បិត​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធ​ភាព​ណាស់។ លោក​អេលី‌យ៉ា​ជា​មនុស្ស​ដែល​មាន​ចិត្ត​ដូច​យើង​ដែរ តែ​លោក​បាន​អធិស្ឋានយ៉ាង​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ។ បន្ទាប់​មក លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​ក៏​បង្កើត​ផល​ផ្លែ​ឡើង។ បង‌ប្អូន​អើយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់វង្វេង​ចេញ​ពី​សេចក្តី​ពិត ហើយ​មាន​ម្នាក់​នាំ​អ្នក​នោះ​ឲ្យ​ត្រឡប់​មក​វិញ ត្រូវឲ្យ​អ្នក​នោះ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យងាក​ចេញ​ពី​ផ្លូវ​ដែល​គេ​វង្វេង​នោះ​មក​វិញ នោះ​ឈ្មោះ​ថា បាន​សង្គ្រោះ​ព្រលឹងអ្នក​នោះ​ឲ្យ​រួច​ពី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។:៚

ចែក​រំលែក
អាន យ៉ាកុប 5

យ៉ាកុប 5:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ចំណោម​បងប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​ឲ្យ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់។ ក្នុង​ចំណោម​បងប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធា‌ចារ្យ​របស់​ក្រុម‌ជំនុំ​មក ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ​គាត់ និង​លាប​ប្រេង*​ឲ្យ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​ក្រោក​ឡើង​វិញ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះអង្គ​នឹង​លើក‌លែង​ទោស​ឲ្យ។ ដូច្នេះ សូម​បងប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​ជា​សះ‌ស្បើយ។ ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។ ព្យាការី​អេលីយ៉ា​ជា​មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។ បន្ទាប់​មក លោក​អធិស្ឋាន​សា​ជា​ថ្មី មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​ក៏​បង្កើត​ភោគ​ផល​ដែរ។ បងប្អូន​អើយ ក្នុង​ចំណោម​បងប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​ឲ្យ​វិល​ត្រឡប់​មក​វិញ តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​ឲ្យ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លុប​ផង ។

ចែក​រំលែក
អាន យ៉ាកុប 5

យ៉ាកុប 5:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា កើត​ទុក្ខ​លំបាក​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ ត្រូវ​ឲ្យ​គេ​ច្រៀង​សរសើរ​ដល់​ព្រះ​ចុះ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង នោះ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ នឹង​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ហេវ​នោះ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​បាន​ជា​ឡើង បើ​គាត់​បាន​ធ្វើ​បាប​អ្វី នោះ​នឹង​បាន​អត់​ទោស​ឲ្យ​ផង ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់‌តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់ ឯ​ហោរា​អេលីយ៉ា លោក​មាន​ចិត្ត​ដូច​ជា​យើង​ដែរ តែ​លោក​បាន​អធិស្ឋាន សូម​កុំ​ឲ្យ​មាន​ភ្លៀង នោះ​នៅ​ផែនដី​ក៏​រាំង​អស់​រវាង​៣​ឆ្នាំ​៦​ខែ រួច​លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​បាន​បង្កើត​ផល​ផ្លែ​ឡើង។ បង​ប្អូន​អើយ បើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា គេ​វង្វេង​ចេញ​ពី​សេចក្ដី​ពិត ហើយ​មាន​អ្នក​ណា​នាំ​អ្នក​នោះ​ឱ្យ​ត្រឡប់​មក​វិញ នោះ​ត្រូវ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ នោះ​ឈ្មោះ​ថា បាន​ជួយ​សង្គ្រោះ​ព្រលឹង​១ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត​ផង។:៚

ចែក​រំលែក
អាន យ៉ាកុប 5

យ៉ាកុប 5:13-20

យ៉ាកុប 5:13-20 គខប