យ៉ាកុប 4:4-10
យ៉ាកុប 4:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។ ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»? ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។ ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។ ចូរមានទុក្ខ ហើយយំសោយសោកចុះ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាទុក្ខសោក ហើយឲ្យអំណរបែ្រទៅជាទុក្ខព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងតម្កើងអ្នករាល់គ្នាឡើង។
យ៉ាកុប 4:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សក្បត់ចិត្តអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់! តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឲ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា «ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន» ។ ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ* នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង! ចូរទទួលស្គាល់ថាខ្លួនធ្លាក់ដល់កម្រិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឲ្យសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយឲ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។ ចូរបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
យ៉ាកុប 4:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ» ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ ឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសំអាតចិត្តឡើង ចូរឲ្យមានសេចក្ដីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្ដីអំណរទៅជាសេចក្ដីព្រួយវិញ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង។