យ៉ាកុប 3:4-7
យ៉ាកុប 3:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមគិតមើលពីសំពៅ ទោះបីវាធំដល់ម៉្លេះ ហើយត្រូវខ្យល់បក់គំហុកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ រីឯអណ្តាតក៏ដូច្នោះដែរ វាជាអវយវៈតូចមួយមែន ប៉ុន្តែ ចេះអួតអាងសម្បើមណាស់។ មើលចុះ សូម្បីតែភ្លើងបន្តិចក៏អាចនឹងឆាបឆេះព្រៃមួយយ៉ាងធំបានដែរ! ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។ គ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ មនុស្សអាចផ្សាំងវាបាន ហើយសត្វនៅក្នុងសមុទ្រ ក៏គេអាចនឹងផ្សាំងបានដែរ
យ៉ាកុប 3:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំដែរ! អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។ មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ
យ៉ាកុប 3:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមគិតមើលពីសំពៅដែរ វាធំដល់ម៉្លេះ ហើយមានខ្យល់គំហុកបក់ផាត់ទៅផង តែតៃកុងបើកទៅមកបានតាមចិត្ត ក៏ដោយសារតែចង្កូតយ៉ាងតូចប៉ុណ្ណោះ ឯអណ្តាតក៏ជាអវយវៈ១យ៉ាងតូចដូច្នោះដែរ ប៉ុន្តែ ចេះអួតអាងយ៉ាងសំបើមណាស់ មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗទៅបាន ហើយអណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយដ៏ពេញដោយសេចក្ដីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ នឹងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ