យ៉ាកុប 3:10-18
យ៉ាកុប 3:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើប្រភពទឹកតែមួយ អាចចេញជាទឹកសាបផង ជាទឹកភ្លាវផងបានឬ? បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចបង្កើតផ្លែជាល្វាបានឬ? ឯរន្ធទឹកប្រៃក៏មិនអាចហូរចេញពីទឹកសាបដែរ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមានប្រាជ្ញា និងយោបល់ឬទេ? ត្រូវឲ្យអ្នកនោះសម្តែងចេញជាកិរិយាល្អ តាមរយៈអំពើដែលខ្លួនប្រព្រឹត្ត ដោយចិត្តស្លូតបូត ប្រកបដោយប្រាជ្ញាចុះ។ ប៉ុន្តែ ប្រសិនបើអ្នកមានចិត្តច្រណែន និងមានគំនុំគុំគួនក្នុងចិត្ត នោះមិនត្រូវអួតខ្លួន ឬកុហកទាស់នឹងសេចក្តីពិតឡើយ។ ប្រាជ្ញាបែបនោះមិនមែនមកពីស្ថានលើទេ គឺជាប្រាជ្ញារបស់លោកីយ៍ របស់សាច់ឈាម និងរបស់អារក្សវិញ។ ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងគំនុំគុំគួន ទីនោះក៏មានភាពវឹកវរ និងអំពើអាក្រក់គ្រប់យ៉ាង។ ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។ អស់អ្នកដែលផ្សះផ្សាគេ តែងសាបព្រោះសន្តិភាព ហើយគេច្រូតបានផលជាសេចក្ដីសុចរិត។
យ៉ាកុប 3:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។ តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផង ជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ? បងប្អូនអើយ ដើមឧទុម្ពរអាចឲ្យផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចឲ្យផ្លែជាឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបឡើយ។ ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសម្តែងកិរិយាមារយាទរបស់ខ្លួនឲ្យអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្តច្រណែនឈ្នានីស និងមានចិត្តប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតឲ្យសោះ។ ប្រាជ្ញាបែបនេះមិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អារក្ស ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ* បន្ទាប់មក ជាប្រាជ្ញាផ្ដល់សន្តិភាព មានអធ្យាស្រ័យ ទុកចិត្តគ្នា ពោរពេញទៅដោយចិត្តមេត្តាករុណា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានលម្អៀង ឥតមានពុតត្បុត។ អស់អ្នកកសាងសន្តិភាពតែងសាបព្រោះសន្តិភាព ហើយច្រូតយកផលជាជីវិតសុចរិត*។
យ៉ាកុប 3:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានទាំងពាក្យសរសើរ នឹងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹក ជាប្រៃផងសាបផងបានឡើយ។ ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា នឹងយោបល់ ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្ដីសុភាពនៃប្រាជ្ញាចុះ បើមានសេចក្ដីច្រណែនដ៏ជូរល្វីង នឹងសេចក្ដីគំនុំក្នុងចិត្ត នោះកុំឲ្យអួតខ្លួន ឬកុហកទទឹងនឹងសេចក្ដីពិតឡើយ ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយនេះ ហើយក៏ខាងសាច់ឈាម នឹងខាងអារក្សវិញទេតើ ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន នឹងសេចក្ដីគំនុំ នោះក៏មានវឹកវរ នឹងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្តាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង រីឯផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង។