យ៉ាកុប 2:3-14
យ៉ាកុប 2:3-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» នោះតើអ្នករាល់គ្នាមិនបានរាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រឡប់ជាវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ? បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ? តែអ្នករាល់គ្នាបែរជាបន្តុះបង្អាប់អ្នកក្រនោះទៅវិញ។ តើមិនមែនជាពួកអ្នកមានទេឬ ដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាចូលទៅតុលាការ? តើមិនមែនជាពួកគេទេឬ ដែលប្រមាថដល់ព្រះនាមដ៏ប្រសើរ ដែលអ្នករាល់គ្នាបានអំពាវនាវរក? ប្រសិនបើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យ ដូចមានចែងក្នុងបទគម្ពីរថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» នោះអ្នកប្រព្រឹត្តបានល្អប្រសើរហើយ។ ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នារើសមុខ នោះអ្នករាល់គ្នាប្រព្រឹត្តអំពើបាបហើយ ហើយក្រឹត្យវិន័យក៏កាត់ទោសអ្នករាល់គ្នា ទុកដូចជាអ្នកប្រព្រឹត្តអំពើរំលងដែរ។ ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។ ព្រោះព្រះអង្គដែលមានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ព្រះអង្គក៏មានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»ដែរ។ ប្រសិនបើអ្នកមិនបានប្រព្រឹត្តអំពើផិតក្បត់ទេ តែបានសម្លាប់មនុស្សវិញ នោះឈ្មោះថា អ្នកបានប្រព្រឹត្តរំលងក្រឹត្យវិន័យហើយ។ ដូច្នេះ ត្រូវនិយាយ និងប្រព្រឹត្តទុកដូចជាអស់អ្នកដែលត្រូវទទួលការជំនុំជម្រះ នៅក្រោមក្រឹត្យវិន័យនៃសេរីភាពចុះ។ ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។ បងប្អូនខ្ញុំអើយ បើអ្នកណាពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី? តើជំនឿបែបនោះអាចសង្គ្រោះអ្នកនោះបានឬ?
យ៉ាកុប 2:3-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?។ បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។ រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស! តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូនទេឬ!។ ប្រសិនបើបងប្អូនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា បងប្អូនប្រព្រឹត្តអំពើបាប ហើយក្រឹត្យវិន័យចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្តបទល្មើស ដ្បិតអ្នកណាប្រតិបត្តិតាមក្រឹត្យវិន័យទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងក្រឹត្យវិន័យទាំងមូលដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ហើយព្រះអង្គមានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្តអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថា អ្នកប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យហើយ។ បងប្អូនត្រូវនិយាយ និងប្រព្រឹត្តឲ្យស្របនឹងក្រឹត្យវិន័យដែលផ្ដល់សេរីភាព គឺមានតែក្រឹត្យវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។ បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ?
យ៉ាកុប 2:3-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានដំឡៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុ៎ះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ នោះតើមិនមែនឈ្មោះថា បានយោគយល់នៅក្នុងពួកអ្នករាល់គ្នា ហើយបានត្រឡប់ជាអ្នករើសមុខ ដែលមានគំនិតអាក្រក់ទេឬអី ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយនេះ ដែលជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី តែអ្នករាល់គ្នាបន្តុះបង្អាប់អ្នកក្រនោះវិញ តើពួកអ្នកមានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជំរះទេឬអី តើគេមិនប្រមាថដល់ព្រះនាមល្អ ដែលបានឲ្យដល់អ្នករាល់គ្នាទេឬអី បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រិត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ ដ្បិតអ្នកណាដែលកាន់ក្រិត្យវិន័យទាំងមូលតែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រិត្យវិន័យទាំងមូលនោះហើយ ពីព្រោះព្រះដែលមានបន្ទូលថា «កុំឲ្យផិតគ្នាឲ្យសោះ» ទ្រង់ក៏មានបន្ទូលថា «កុំឲ្យសំឡាប់មនុស្ស»ដែរ ដូច្នេះ បើអ្នកមិនបានប្រព្រឹត្តសេចក្ដីកំផិតទេ តែបានសំឡាប់វិញ នោះឈ្មោះថាអ្នកបានប្រព្រឹត្តអំពើរំលងក្រិត្យវិន័យហើយ ចូរឲ្យអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តបែបដូចជាក្រិត្យវិន័យនៃសេចក្ដីសេរីភាព រៀបនឹងជំនុំជំរះអ្នកហើយចុះ ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។ បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ