យ៉ាកុប 2:24-26
យ៉ាកុប 2:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។ ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។
យ៉ាកុប 2:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ត គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាបជាស្ត្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។
យ៉ាកុប 2:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត ពីព្រោះសេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។