យ៉ាកុប 2:18-24
យ៉ាកុប 2:18-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ អ្នកខ្លះនឹងពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំវិញមានការប្រព្រឹត្ត» ដូច្នេះ ចូរអ្នកបង្ហាញជំនឿរបស់អ្នក ដោយឥតមានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំ ដោយសារការប្រព្រឹត្តរបស់ខ្ញុំដែរ។ អ្នកជឿថាមានព្រះតែមួយ នោះត្រូវហើយ សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងព្រឺខ្លាចទៀតផង។ ឱមនុស្សកម្លៅអើយ តើអ្នកចង់ឲ្យខ្ញុំបង្ហាញថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះឥតប្រយោជន៍ឬទេ? ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនាទេឬ? អ្នកឃើញហើយថា ជំនឿបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានគ្រប់លក្ខណ៍។ យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។ អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។
យ៉ាកុប 2:18-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើមានម្នាក់ពោលថា: អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។ អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ! លោកអប្រាហាំជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ត គឺលោកបានយកអ៊ីសាកជាកូនទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។ អ្នកឃើញទេ ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានពេញលក្ខណៈ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត* ដោយយល់ដល់ជំនឿនេះ» លោកក៏មានឈ្មោះថាជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ត គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។
យ៉ាកុប 2:18-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ចុះលោកអ័ប្រាហាំ ជាឰយុកោយើង តើមិនបានរាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនាទេឬអី ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង នោះទើបបានសំរេចបទគម្ពីរ ដែលថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ