យ៉ាកុប 2:14-20
យ៉ាកុប 2:14-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនខ្ញុំអើយ បើអ្នកណាពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី? តើជំនឿបែបនោះអាចសង្គ្រោះអ្នកនោះបានឬ? ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះឈ្មោះថាស្លាប់ហើយ។ ប៉ុន្តែ អ្នកខ្លះនឹងពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំវិញមានការប្រព្រឹត្ត» ដូច្នេះ ចូរអ្នកបង្ហាញជំនឿរបស់អ្នក ដោយឥតមានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំ ដោយសារការប្រព្រឹត្តរបស់ខ្ញុំដែរ។ អ្នកជឿថាមានព្រះតែមួយ នោះត្រូវហើយ សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងព្រឺខ្លាចទៀតផង។ ឱមនុស្សកម្លៅអើយ តើអ្នកចង់ឲ្យខ្ញុំបង្ហាញថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះឥតប្រយោជន៍ឬទេ?
យ៉ាកុប 2:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ? ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!។ ប្រសិនបើមានម្នាក់ពោលថា: អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។ អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ!
យ៉ាកុប 2:14-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ