យ៉ាកុប 2:14-18
យ៉ាកុប 2:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនខ្ញុំអើយ បើអ្នកណាពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី? តើជំនឿបែបនោះអាចសង្គ្រោះអ្នកនោះបានឬ? ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះឈ្មោះថាស្លាប់ហើយ។ ប៉ុន្តែ អ្នកខ្លះនឹងពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំវិញមានការប្រព្រឹត្ត» ដូច្នេះ ចូរអ្នកបង្ហាញជំនឿរបស់អ្នក ដោយឥតមានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំ ដោយសារការប្រព្រឹត្តរបស់ខ្ញុំដែរ។
យ៉ាកុប 2:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ? ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!។ ប្រសិនបើមានម្នាក់ពោលថា: អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។
យ៉ាកុប 2:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ