យ៉ាកុប 1:5-12
យ៉ាកុប 1:5-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន។ សូមឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរឡើង ដ្បិតព្រះបានលើកតម្កើងគេហើយ ឯអ្នកមានវិញក៏ត្រូវត្រេកអរដែរ ដោយព្រះទ្រង់បន្ទាបគេចុះ ព្រោះគេនឹងត្រូវរុះរោយទៅដូចជាផ្កាស្មៅ។ ដ្បិតថ្ងៃរះឡើង មានចំហាយក្តៅនៅពេលណា ស្មៅក៏ក្រៀមស្វិត ផ្កាក៏រុះរោយ ហើយលម្អរបស់វាក៏បាត់បង់ទៅ។ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងកិច្ចការរបស់ខ្លួនយ៉ាងនោះដែរ។ មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
យ៉ាកុប 1:5-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតព្រះអង្គប្រទានឲ្យមនុស្សទាំងអស់ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ ក៏ប៉ុន្តែ អ្នកនោះត្រូវទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។ សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកម្ដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ ដែលខ្លួនប្រព្រឹត្តដែរ។ អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
យ៉ាកុប 1:5-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ។ ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានដំកើងឡើង ហើយអ្នកមានត្រូវអរសប្បាយ ដោយត្រូវបន្ទាបចុះវិញ ដ្បិតគេនឹងបាត់ទៅដូចជាផ្កាស្មៅ ពីព្រោះថ្ងៃរះឡើង មានចំហាយក្តៅវេលាណា នោះធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាក៏រោយរុះ ឯលំអក៏វិនាសសូន្យទៅ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងផ្លូវខ្លួនយ៉ាងនោះដែរ មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។