យ៉ាកុប 1:12-21

យ៉ាកុប 1:12-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។ ពេល​អ្នក​ណា​ម្នាក់​ជួបសេចក្ដី​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ទ្រង់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​អំពើ​អាក្រក់​ពុំ​អាច​នឹង​ល្បួង​ព្រះ‌បាន​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ។ ប៉ុន្ដែ ដែល​គ្រប់​គ្នា​ជួប​សេចក្ដី​ល្បួង នោះ​គឺ​ដោយ​សារ​តែ​បំណង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ប៉ុណ្ណោះ រួច​កាល​ណា​បំណង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សម្រាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​អំពើ​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់។ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​យល់​ច្រឡំ​ឡើយ។ គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។ ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។ ដ្បិត​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ឡើយ។ ហេតុ​នេះ ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​អំពើ​ស្មោក​គ្រោក និង​អំពើ​គម្រក់​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:12-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះ‌ជាម្ចាស់​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ព្រះអង្គ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។ ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះ‌ជាម្ចាស់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ឡើយ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។ ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។ ចិត្ត​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចម្រើន​ដល់​កម្រិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។ គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះ‌បិតា​ដែល​បង្កើត​ពន្លឺ។ ព្រះអង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះអង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បង្កើត​មក។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ បងប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង ដ្បិត​អ្នក​មាន​កំហឹង​ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត*​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ ហេតុ​នេះ បងប្អូន​ត្រូវ​លះ‌បង់​ចិត្ត​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ត​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ត​ស្លូត‌បូត ទទួល​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដុះ​ក្នុង​បងប្អូន ព្រោះ​ព្រះ‌បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បងប្អូន។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:12-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់។ កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ‌ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ តែ​ដែល​គ្រប់​គ្នា​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយ‌សារ​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង‌លោម​ទេ រួច​កាល​ណា​សេចក្ដី​ប៉ង‌ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដី​ស្លាប់។ បង​ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​ត្រូវ​បំភាន់​ឡើយ គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរ‌បិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែ‌ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។ ដូច្នេះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្ដី​កំហឹង​របស់​មនុស្ស មិន​ដែល​សំរេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ បាន​ជា​ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​ចេញ នឹង​សេចក្ដី​គំរក់​ដ៏​មាន​ច្រើន​ម៉្លេះ​ចេញ​ផង ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:12-21

យ៉ាកុប 1:12-21 គខបយ៉ាកុប 1:12-21 គខបយ៉ាកុប 1:12-21 គខបយ៉ាកុប 1:12-21 គខបយ៉ាកុប 1:12-21 គខប