យ៉ាកុប 1:1-8
យ៉ាកុប 1:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ាកុប ជាអ្នកបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរ ដែលត្រូវខ្ចាត់ខ្ចាយ។ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន។
យ៉ាកុប 1:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ យ៉ាកុប ជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រិស្ត* សូមជម្រាបមកកុលសម្ព័ន្ធ*ទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។ បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់បងប្អូននឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំ។ ប៉ុន្តែ ត្រូវឲ្យការស៊ូទ្រាំនេះបង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតព្រះអង្គប្រទានឲ្យមនុស្សទាំងអស់ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ ក៏ប៉ុន្តែ អ្នកនោះត្រូវទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។
យ៉ាកុប 1:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រយ៉ាកុប ជាបាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកជំរាបសួរដល់ពូជអំបូរទាំង១២ ដែលត្រូវខ្ចាត់ខ្ចាយ។ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ ដ្បិតអ្នកនោះជាមនុស្សមានចិត្ត២ ចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវ។