យ៉ាកុប 1:1-18

យ៉ាកុប 1:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យ៉ា‌កុប ជា​អ្នក​បម្រើ​របស់​ព្រះ និង​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាប​សួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ។ បង‌ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​ជំនឿ​របស់​អ្នក​រាល់​គ្នា នោះ​នាំ​ឲ្យ​មាន​ចិត្ត​អំណត់។ ចូរ​ទុក​ឲ្យ​ចិត្ត​អំណត់​នោះ បាន​ធ្វើ​ការ​សម្រេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ។ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។ ប៉ុន្ដែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ពីរ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ខ្លួន។ សូម​ឲ្យ​បង‌ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេក​អរ​ឡើង ដ្បិត​ព្រះ​បាន​លើក​តម្កើង​គេ​ហើយ ឯ​អ្នក​មាន​វិញ​ក៏​ត្រូវ​ត្រេក​អរ​ដែរ ដោយ​ព្រះ‌ទ្រង់​បន្ទាប​គេ​ចុះ ព្រោះ​គេ​នឹង​ត្រូវ​រុះ​រោយ​ទៅ​ដូច​ជា​ផ្កា​ស្មៅ។ ដ្បិត​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​នៅ​ពេល​ណា ស្មៅ​ក៏​ក្រៀម​ស្វិត ផ្កា​ក៏​រុះ​រោយ ហើយ​លម្អ​របស់​វា​ក៏​បាត់​បង់​ទៅ។ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។ មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។ ពេល​អ្នក​ណា​ម្នាក់​ជួបសេចក្ដី​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ទ្រង់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​អំពើ​អាក្រក់​ពុំ​អាច​នឹង​ល្បួង​ព្រះ‌បាន​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ។ ប៉ុន្ដែ ដែល​គ្រប់​គ្នា​ជួប​សេចក្ដី​ល្បួង នោះ​គឺ​ដោយ​សារ​តែ​បំណង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ប៉ុណ្ណោះ រួច​កាល​ណា​បំណង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សម្រាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​អំពើ​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់។ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​យល់​ច្រឡំ​ឡើយ។ គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។ ព្រះ​បាន​បង្កើត​យើង​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​ដូច​ជា​ផល​ដំបូងនៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ យ៉ាកុប ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ និង​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ ដែល​បែក‌ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។ បងប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាងដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ ដោយ​ដឹង​ថា ការ​ល្បង‌ល​មើល​ជំនឿ​របស់​បងប្អូន​នឹង​នាំ​ឲ្យ​បងប្អូន​ចេះ​ស៊ូ‌ទ្រាំ។ ប៉ុន្តែ ត្រូវ​ឲ្យ​ការ​ស៊ូ‌ទ្រាំ​នេះ​បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​ឲ្យ​បងប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។ ក្នុង​ចំណោម​បងប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​ដោយ​ព្រះ‌ហឫទ័យ​ទូលាយ ឥត​បន្ទោស​ឡើយ ក៏​ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ មនុស្ស​ប្រភេទ​នេះ មិន​ត្រូវ​នឹក​ស្មាន​ថា​នឹង​បាន​ទទួល​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ត​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។ សូម​ឲ្យ​បងប្អូន​ដែល​ក្រីក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​ព្រះ‌ជាម្ចាស់​លើក​តម្កើង​គេ​ហើយ។ រីឯ​បងប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះ‌ជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។ លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។ អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះ‌ជាម្ចាស់​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ព្រះអង្គ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។ ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះ‌ជាម្ចាស់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ឡើយ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។ ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។ ចិត្ត​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចម្រើន​ដល់​កម្រិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។ គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះ‌បិតា​ដែល​បង្កើត​ពន្លឺ។ ព្រះអង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះអង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បង្កើត​មក។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​យ៉ាកុប ជា​បាវ​បំរើ​របស់​ព្រះ ហើយ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ជំរាប​សួរ​ដល់​ពូជ​អំបូរ​ទាំង​១២ ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ។ បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់‌ខ្ជួន ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់‌ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញ‌លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ។ ត្រូវ​ឲ្យ​បង​ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេក‌អរ ដោយ​បាន​ដំកើង​ឡើង ហើយ​អ្នក​មាន​ត្រូវ​អរ​សប្បាយ ដោយ​ត្រូវ​បន្ទាប​ចុះ​វិញ ដ្បិត​គេ​នឹង​បាត់​ទៅ​ដូច​ជា​ផ្កា​ស្មៅ ពី​ព្រោះ​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​វេលា​ណា នោះ​ធ្វើ​ឲ្យ​ស្មៅ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ ឯ​លំអ​ក៏​វិនាស​សូន្យ​ទៅ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​ផ្លូវ​ខ្លួន​យ៉ាង​នោះ​ដែរ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់។ កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ‌ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ តែ​ដែល​គ្រប់​គ្នា​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយ‌សារ​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង‌លោម​ទេ រួច​កាល​ណា​សេចក្ដី​ប៉ង‌ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដី​ស្លាប់។ បង​ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​ត្រូវ​បំភាន់​ឡើយ គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរ‌បិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែ‌ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។

ចែក​រំលែក
អាន យ៉ាកុប 1

យ៉ាកុប 1:1-18

យ៉ាកុប 1:1-18 គខបយ៉ាកុប 1:1-18 គខបយ៉ាកុប 1:1-18 គខប