អេសាយ 9:2-7
អេសាយ 9:2-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុក នៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ។ ព្រះអង្គបានប្រោសឲ្យបណ្ដាជនចម្រើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយ ជាច្រើនឡើងដែរ គេមានអំណរនៅចំពោះព្រះអង្គ ដូចជាអំណរ ក្នុងរដូវចម្រូត ហើយដូចជាអំណរនៃមនុស្ស ដែលកំពុងតែចែករបឹបគ្នា។ ដ្បិតព្រះអង្គបានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ។ ពីព្រោះគ្រប់ទាំងស្បែកជើងរបស់ពួកទាហាន ក្នុងចម្បាំងយ៉ាងអ៊ឹកធឹក ហើយសម្លៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងសម្រាប់ដុត ហើយជាចំណីដល់ភ្លើង។ ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។ ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
អេសាយ 9:2-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។ ឱព្រះអម្ចាស់អើយ ព្រះអង្គប្រោសប្រទាន ឲ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឲ្យគេមានអំណរដ៏លើសលុប។ គេនឹងសប្បាយរីករាយនៅចំពោះ ព្រះភ័ក្ត្រព្រះអង្គដូចជាសប្បាយនៅរដូវចម្រូត ឬដូចនៅពេលចែកជយភណ្ឌដែរ ដ្បិតព្រះអង្គបំបាក់នឹម ដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឲ្យរួចពីការជិះជាន់ សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចនៅជំនាន់ដែលព្រះអង្គរំដោះ បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ នៃជនជាតិម៉ាឌានដែរ។ ស្បែកជើងរបស់ទាហាន ដែលតែងតែរុកទន្ទ្រាន និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម នឹងត្រូវដុតឲ្យឆេះអស់គ្មានសល់ ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។ ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
អេសាយ 9:2-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯបណ្តាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ ទ្រង់បានប្រោសឲ្យបណ្តាជនចំរើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយជាច្រើនឡើងដែរ គេមានសេចក្ដីអំណរនៅចំពោះទ្រង់ ដូចជាសេចក្ដីអំណរ ក្នុងរដូវចំរូត ហើយដូចជាសេចក្ដីអំណរនៃមនុស្សដែលកំពុងតែចែករបឹបគ្នា ដ្បិតទ្រង់បានបំបាក់នឹម ដែលសង្កត់លើគេ នឹងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ ពីព្រោះគ្រប់ទាំងស្បែកជើងរបស់ពួកទាហានក្នុងចំបាំងយ៉ាងអ៊ឹកធឹក ហើយសំលៀកបំពាក់ប្រឡាក់ជោកដោយឈាម នោះនឹងបានសំរាប់ដុត ហើយជាចំណីដល់ភ្លើង ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ នឹងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងសំរេចការនេះ។