អេសាយ 7:10-17
អេសាយ 7:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងអេហាសថា៖ «ចូរអ្នកសូមទីសម្គាល់មួយពីព្រះយេហូវ៉ាជាព្រះរបស់អ្នកចុះ ចូរសូម ទោះបើនៅក្នុងទីជម្រៅ ឬនៅទីខ្ពស់ខាងលើក្តី»។ ប៉ុន្តែ អេហាសតបថា៖ «យើងមិនសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ»។ ពេលនោះ ហោរាអេសាយទូលថា៖ «ឱរាជវង្សរបស់ព្រះបាទដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬ បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀត? ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។ បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ។ ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ។ ព្រះយេហូវ៉ានឹងនាំហេតុការណ៍មួយមកលើអ្នក លើប្រជារាស្ត្រអ្នក ហើយលើពួកវង្សរបស់ឪពុកអ្នក គឺជាស្តេចស្រុកអាសស៊ើរ ជាការដែលមិនបានកើតមាន ចាប់តាំងពីគ្រាដែលអេប្រាអិមបែកចេញពីពួកយូដាមក។
អេសាយ 7:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ចាត់លោកអេសាយឲ្យទៅទូលព្រះបាទអេហាសសាជាថ្មីថា៖ «ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា សម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។ ព្រះបាទអេហាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។ ពេលនោះ ព្យាការីអេសាយទូលព្រះរាជាថា៖ «បពិត្រព្រះរាជវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំ! ព្រះករុណាមិនត្រឹមតែធ្វើឲ្យមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំ ណាយព្រះហឫទ័យទៀតផង។ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន ទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។ បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អវិញ។ ប៉ុន្តែ មុនពេលបុត្រនោះ ចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ ស្រុករបស់ស្ដេចទាំងពីរដែលបានមក បំភ័យព្រះករុណា នឹងត្រូវគេបោះបង់ចោល ឲ្យនៅស្ងាត់ជ្រងំ។ ព្រះអម្ចាស់នឹងធ្វើឲ្យព្រះករុណា ព្រមទាំងប្រជារាស្ត្រ និងព្រះរាជវង្ស ជួបប្រទះនឹងសភាពការណ៍ផ្សេងៗ ព្រោះតែស្ដេចរបស់ជនជាតិអាស្ស៊ីរី គឺចាប់តាំងពីថ្ងៃដែលកុលសម្ព័ន្ធអេប្រាអ៊ីម បានបែកចេញពីប្រជាជាតិយូដាមក មិនដែលមានសភាពការណ៍បែបនេះទេ។
អេសាយ 7:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអេហាសថា ចូរឯងសូមទីសំគាល់១ពីព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ចូរសូម ទោះបើនៅក្នុងទីជំរៅ ឬនៅទីខ្ពស់ខាងលើក្តី តែអេហាសតបថា យើងមិនព្រមសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ ដូច្នេះ អេសាយទូលថា ឱពូជពង្សរបស់ដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬអី បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀតផង ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ ហើយនឹងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំង២ ដែលឯងខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ ព្រះយេហូវ៉ាទ្រង់នឹងនាំហេតុការ១ មកលើឯង លើរាស្ត្រឯង ហើយលើពួកវង្សរបស់ឪពុកឯង គឺជាស្តេចស្រុកអាសស៊ើរ ជាការដែលមិនបានកើតមាន ចាប់តាំងពីគ្រាដែលអេប្រាអិមបែកចេញពីពួកយូដាមក។