អេសាយ 65:6-9

អេសាយ 65:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍! អំពើ​ទាំង​នោះ​បាន​កត់​ទុក​នៅ​ចំពោះ​យើង​ហើយ យើង​មិន​ព្រម​នៅ​ស្ងៀម​ឡើយ យើង​នឹង​សង​ដល់​គេ យើង​នឹង​ដាក់​សំណង​នោះ​នៅ​លើ​ដើម​ទ្រូង​របស់​គេ ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​អ្នក​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​យើង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ យើង​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ មួយ​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​វា ដ្បិត​ជា​ផ្លែ​មាន​ពរ គឺ​យ៉ាង​នោះ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​ប៉ុន្មាន ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ។ យើង​នឹង​បង្កើត​ជំនួរ​វង្ស​មួយចេញ​ពី​យ៉ាកុប ហើយ​ឲ្យ​មាន​ពួក​មួយ​ចេញ​ពី​យូដា ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​យើង​ទុក​ជា​មត៌ក ពួក​អ្នក​រើស​តាំង​របស់​យើង​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​យើង​នឹង​អាស្រ័យ​នៅ​ទីនោះ។

ចែក​រំលែក
អាន អេសាយ 65

អេសាយ 65:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​បាន​កត់‌ត្រា​ទាំង​អស់​ទុក យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា និង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នា ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែងក្លាយ នៅ​តាម​ភ្នំ​ទាំង‌ឡាយ ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។ យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អ គេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះ ព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប ហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ អ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

ចែក​រំលែក
អាន អេសាយ 65

អេសាយ 65:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល អំពើ​ទាំង​នោះ​បាន​កត់​ទុក​នៅ​ចំពោះ​អញ​ហើយ អញ​មិន​ព្រម​នៅ​ស្ងៀម​ឡើយ អញ​នឹង​សង​ដល់​គេ អើ អញ​នឹង​ដាក់​សំណង​នោះ នៅ​លើ​ដើម​ទ្រូង​របស់​គេ​ផង គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​ឰយុកោ​ឯង​ផង ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​អញ​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ អញ​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​ឡើយ ដ្បិត​ជា​ផ្លែ​មាន​ពរ​ហើយ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​ប៉ុន្មាន​ដែរ ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ អញ​នឹង​បង្កើត​ជំនួរ​វង្ស​១ ចេញ​ពី​យ៉ាកុប​មក ហើយ​ឲ្យ​មាន​ពួក​១ ចេញ​ពី​យូដា​មក ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​អញ​ទុក​ជា​មរដក ពួក​អ្នក​រើស​តាំង​របស់​អញ​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បំរើ​របស់​អញ​នឹង​អាស្រ័យ​នៅ​ឯ​នោះ​ផង

ចែក​រំលែក
អាន អេសាយ 65